ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping ប្រគល់គ្រឿងឥស្សរិយយសមិត្តភាពជូនចំពោះលោកអគ្គលេខាបក្សវៀតណាម Nguyen Phu Trong

លោកអគ្គលេខាបក្ស Nguyen Phu Trong គឺជាឥស្សរជនមួយរូប ដែលប្រកាន់ខ្ជាប់ការថែរក្សាទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អប្រសើររវាងចិន និងវៀតណាម ហើយជាឥស្សរជនតម្រង់ទិសដៅ ជំរុញទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។
អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong (រូបថត៖ VNA)    

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅចិន នារសៀលថ្ងៃទី៣១ តុលា នៅមហាសាលប្រជាជននៅទីក្រុងប៉េកាំងអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping បានអញ្ជើញធ្វើជាអធិបតីក្នុងពិធីប្រគល់គ្រឿងឥស្សរិយយសមិត្តភាពរបស់សាធារណរដ្ឋប្រជាមានិតចិន ជូនចំពោះអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ។

អញ្ជើញថ្លែងមតិនៅទីនេះ អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping បានសង្កត់ធ្ងន់ថា៖ លោកអគ្គលេខាបក្ស  Nguyen Phu Trong គឺជាឥស្សរជនមួយរូប ដែលប្រកាន់ខ្ជាប់ការថែរក្សាទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អប្រសើររវាងចិន និងវៀតណាម ហើយជាឥស្សរជនតម្រង់ទិសដៅ ជំរុញទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ ការប្រគល់គ្រឿងឥស្សរិយយសមិត្តភាពជូនចំពោះលោកអគ្គលេខាបក្ស Nguyen Phu Trong បានបង្ហាញពីទំនាក់ទំនងមិត្តភាពរបស់បក្សកុម្មុយនិស្តចិន និងប្រជាជនចិនចំពោះលោកអគ្គលេខាបក្ស Nguyen Phu Trong និងប្រជាជនវៀតណាម ដែលជានិមិត្តរូបនៃទំនាក់ទំនងរវាងចិន និងវៀតណាម។

ជាការឆ្លើយតប លោកអគ្គលេខាបក្ស Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖ ខ្ញុំជឿជាក់ថា រង្វាន់ដ៏ថ្លៃថ្លានេះ គឺជាប្រភពលើកទឹកចិត្តដ៏ធំធេងចំពោះការយើងបន្តពង្រឹង និងពង្រីកថែមទៀត នូវទំនាក់ទំនងរវាងវៀតណាម និងចិន។ រូបខ្ញុំផ្ទាល់ក៏នឹងខិតខំប្រឹងប្រែងក្នុងតួនាទីរបស់ខ្លួន រួមជាមួយសមូហភាពថ្នាក់ដឹកនាំបក្ស រដ្ឋ និងប្រជាជនវៀតណាមទាំងមូលខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់ខ្លួន ដើម្បីកសាងប្រទេសវៀតណាមឲ្យកាន់តែសម្បូរធូធារ ខ្លាំងមាំមួន អរិយធម៌ ទំនើប និងរួមជាមួយប្រជាជនចិនបង្កើតជាផែនសាមគ្គីឯកភាព និងចីរភាពផងដែរ

មុននេះ អគ្គលេខាបក្សលោក Nguyen Phu Trong និងអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន ១៣ រវាងក្រសួង ស្ថាប័នមជ្ឈឹម និងមូលដ្ឋានក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ។

នាល្ងាចថ្ងៃដដែល អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping បានអញ្ជើញលោកអគ្គលេខាបក្ស Nguyen Phu Trong ចូលរួមពិធីទទួលទានទឹកតែនៅមហាសាលប្រជាជននៅទីក្រុងប៉េកាំងផងដែរ៕

ឯកសារទាំងនេះរួមមានដូចជា

កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងគណៈកម្មការកិច្ចការបរទេសមជ្ឈិមបក្សកុម្មុយនិស្តវៀត ណាម និងគណៈកម្មការទំនាក់ទំនងកិច្ចការបរទេសមជ្ឈិមបក្សកុម្មុយនិស្តចិន;

អនុស្សរណៈនៃការយោគយល់គ្នារវាងគណៈកម្មាធិការផ្ទៃក្នុងមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម និងគណៈកម្មការនយោបាយមជ្ឈិមបក្សកុម្មុយនិស្តចិន;

អនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការមិត្តភាព ដំណាក់កាល ២០២២-២០២៧ រវាងសហព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាម និងសមាគមមិត្តភាពកិច្ចការបរទេសប្រជាចនចិន;

អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងយុត្តិធម៌នៃប្រទេសទាំងពីរវៀតណាម និងចិន;

អនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋធានីទាំងពីរ ហាណូយ និងប៉េកាំង;

អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងឧស្សាហ ពាណិជ្ជកម្មវៀតណាម និងក្រសួងពាណិជ្ជកម្មចិន ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីធានាខ្សែសង្វាក់ផ្គត់ផ្គង់រវាងវៀតណាម និងចិន;

អនុស្សរណៈនៃការយោគយល់គ្នារវាងអគ្គនាយកដ្ឋានគយ នៃក្រសួងហិរញ្ញវត្ថុវៀតណាម និងអគ្គនាយកដ្ឋានគយចិន ស្តីពីការកសាងវិស័យអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការជាដើម៕

top