អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានអះអាងថា វៀតណាមតែងតែចាត់ទុកឥណ្ឌាជាដៃគូសំខាន់របស់ខ្លួន; ស្នើឱ្យភាគីទាំងពីរបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់ ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ។
អគ្គលេខាក្ស ប្រធានរដ្ឋ លោកតូ ឡឹម និងរដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌា លោក Rajnath Singh (រូបថត៖ nhandan.vn)
នាព្រឹកថ្ងៃទី ១៩ ឧសភា នៅទីស្នាក់ការមជ្ឈិមបក្ស អញ្ជើញថ្លែងក្នុងពិធីទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌាលោក
រ៉ាជណាត ស៊ីង, អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោកតូ ឡឹម
បានអះអាងថា វៀតណាមតែងតែចាត់ទុកឥណ្ឌាជាដៃគូសំខាន់របស់ខ្លួន; ស្នើឱ្យភាគីទាំងពីរបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់
និងគ្រប់ជាន់ថ្នាក់ ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគ
បើកទូលាយកិច្ចសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា
បង្កើនការតភ្ជាប់ ការផ្លាស់ប្តូររវាងប្រជាជននៃប្រទេសទាំងពីរ
ព្រមទាំងនាំកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ។
រីឯខ្លួនវិញ រដ្ឋមន្ត្រីលោក រ៉ាជណាត ស៊ីង បានបញ្ជាក់ថា
ឥណ្ឌានឹងបន្តជំរុញកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរ
ពង្រីកកម្មវិធីសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់; សន្យាថា នឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយវៀតណាម
ដើម្បីបញ្ចប់គម្រោងសហប្រតិបត្តិការដែលកំពុងដំណើរការក្នុងក្របខ័ណ្ឌនៃកញ្ចប់ឥណទាន
និងជំនួយការពារជាតិដែលមានស្រាប់
រួមទាំងពិចារណាផ្តល់កញ្ចប់ជំនួយថ្មីៗដែលសមស្របទៅនឹងតម្រូវការ
និងសមត្ថភាពរបស់ភាគីនីមួយៗ។ លោករដ្ឋមន្ត្រីក៏បានយល់ព្រមបន្តសម្របសម្រួលជាមួយក្រសួង
និងស្ថាប័នពាក់ព័ន្ធរបស់ឥណ្ឌា ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ
និងបច្ចេកវិទ្យាបន្ថែមទៀត បង្កើនការតភ្ជាប់ផ្លូវអាកាស
និងផ្លូវសមុទ្ររវាងប្រទេសទាំងពីរ។
លោកអគ្គលេខាបក្ស
ប្រធានរដ្ឋវៀតណាមនិងរដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌា បានសង្កត់ធ្ងន់ថា
វៀតណាមនិងឥណ្ឌា នឹងបន្តរក្សាការផ្លាស់ប្តូរគណៈប្រតិភូ
លើកកម្ពស់យន្តការសន្ទនារវាងប្រទេសទាំងពីរ
រួមទាំងយន្តការពិគ្រោះយោបល់រវាងក្រសួងការពារជាតិទាំងពីរ បង្កើនការចែករំលែកព័ត៌មាន
និងសម្របសម្រួលគោលជំហរលើបញ្ហាក្នុងតំបន់ អន្តរជាតិ និងនៅបណ្តាវេទិកាពហុភាគី៕