ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញឆ្លើយបទសម្ភាសន៍ជាមួយ ទូរទស្សន៍ Bloomberg

នាថ្ងៃទី ២១ ខែកញ្ញា (ម៉ោងក្នុងស្រុក) ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនិង ចូលរួមសម័យពិភាក្សាកម្រិតខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៨១(UNGA ៨១) និងសកម្មភាពទ្វេភាគីនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានផ្តល់បទសម្ភាសន៍ជាមួយទូរទស្សន៍ Bloomberg។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញផ្តល់បទសម្ភាសន៍ជាមួយទូរទស្សន៍ Bloomberg (រូបថត៖ TTXVN)

នៅទីនេះ អគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹម បានលើកច្បាស់ថា ការចូលរួម UNGA ៨១ ក្រោមប្រធានបទ "ស្តារទំនុកចិត្ត អភិបាលកិច្ចការផ្លាស់ប្តូរ៖ អង្គការសហប្រជាជាតិមួយដែលនាំមកលទ្ធផលសម្រាប់ទាំងអស់គ្នា" វៀតណាមមិនត្រឹមតែចង់ពង្រឹងទំនុកចិត្តក្នុងចំណោមប្រជាជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចង់ចូលរួមក្នុងការសន្ទនា ដោះស្រាយភាពខុសគ្នា និងបង្រួបបង្រួមសកម្មភាពសម្រាប់សណ្តាប់ធ្នាប់ពិភពលោកដ៏យុត្តិធម៌ និងមនុស្សធម៌ក្នុងសន្តិភាព និងកិច្ចសហប្រតិបត្តិការ។ អាទិភាពចម្បងរបស់វៀតណាមគឺស្តារ និងពង្រឹងទំនុកចិត្តដោយផ្អែកលើការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ វៀតណាមប្រកាន់ខ្ជាប់ខ្ជួនគោលមាគ៌ាឯករាជ្យ ខ្លួនទីពឹងខ្លួន និងស្វ័យភាពជាយុទ្ធសាស្ត្រ; បង្កើតគំរូអភិវឌ្ឍន៍ថ្មីដោយផ្អែកលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល និងធនធានមនុស្សដែលមានគុណភាពខ្ពស់។ ឈរលើមូលដ្ឋាននេះ វៀតណាមបានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលដល់ដំណាក់កាលថ្មីមួយនៃការចូលរួមចំណែក មិនត្រឹមតែបំពេញកាតព្វកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតដំណោះស្រាយប្រកបដោយភាពសកម្ម ព្រមទាំងជាសមាជិកដែលមានទំនួលខុសត្រូវចំពោះសន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព ការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ និងការបង្កើតអភិបាលកិច្ចបច្ចេកវិទ្យាថ្មី។

ទាក់ទងនឹងទំនាក់ទំនងវៀតណាម-អាមេរិក អគ្គលេខាបក្ស​ ប្រធានរដ្ឋបានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរបានកំណត់យ៉ាងច្បាស់នូវផលប្រយោជន៍ជាយុទ្ធសាស្ត្ររយៈពេលវែងក្នុងការរក្សាទំនាក់ទំនងដែលមានស្ថិរភាព ជាក់ស្តែង មានតុល្យភាព និងប្រកបដោយចីរភាព។ វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាដៃគូយុទ្ធសាស្ត្រកំពូលមួយរបស់ខ្លួន។ សហរដ្ឋ អាមេរិកបន្តបញ្ជាក់ពីការគាំទ្ររបស់ខ្លួនចំពោះប្រទេសវៀតណាមដ៏រឹងមាំ ឯករាជ្យ ខ្លួនទីពឹងខ្លួន និងវិបុលភាព។ នេះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយសម្រាប់ប្រទេសទាំងពីរក្នុងការបន្តពង្រឹងទំនុកចិត្តនយោបាយ និងលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដល់កម្រិតថ្មីមួយ។ ជាមួយនឹងមូលដ្ឋានគ្រឹះនៃទំនុកចិត្តនយោបាយដែលបានសាង សង់រួចហើយ ផលប្រយោជន៍ជាយុទ្ធសាស្ត្រដែលជាប់ទាក់ទងគ្នាកាន់តែខ្លាំងឡើង និងការប្តេជ្ញាចិត្តរបស់មេដឹកនាំនៃប្រទេសទាំងពីរ ទំនាក់ទំនងវៀតណាម-អាមេរិកនឹងបន្តអភិវឌ្ឍប្រកបដោយស្ថិរភាព ជាក់ស្តែង មានប្រសិទ្ធភាព និងប្រកបដោយចីរភាព។

ទាក់ទងនឹងអាទិភាពគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមបានសង្កត់ធ្ងន់ថា វៀតណាមកំណត់អាទិភាពគោលនយោបាយកិច្ចការបរទេសរបស់ខ្លួនដោយផ្អែកលើផលប្រយោជន៍ជាតិ និងតម្រូវការអភិវឌ្ឍន៍របស់ប្រទេសជាតិ ដោយផ្សាភ្ជាប់យ៉ាងសុខដុមរមនាជាមួយនឹងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។ វៀតណាមមានបំណងជំរុញទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការស្មើភាពគ្នា និងផ្តល់ផលប្រយោជន៍ទៅវិញទៅមកជាមួយដៃគូរបស់ខ្លួន ខណៈពេលដែល រួមចំណែកជាក់ស្តែងកាន់តែខ្លាំងឡើងចំពោះការងាររួមរបស់ សហគមន៍អន្តរជាតិ។

អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម ក៏បានបញ្ជាក់ផងដែរថា គោលដៅនៃអត្រាកំណើនផលិតផលក្នុងស្រុកសរុប (GDP) ជាមធ្យមប្រចាំឆ្នាំលើសពី ១០% ក្នុងដំណាក់កាល ២០២៦-២០៣០ ត្រូវបានវៀតណាមស្រាវជ្រាវ និងកំណត់យ៉ាងច្បាស់លាស់ ដែលឆ្លុះបញ្ចាំងពីចក្ខុវិស័យអភិវឌ្ឍន៍រយៈពេលវែង និងការវាយតម្លៃដោយប្រុងប្រយ័ត្ននៃបរិបទអន្តរជាតិ។ ដោយមានមូលដ្ឋានគ្រឹះនៃទិសដៅយុទ្ធសាស្ត្រច្បាស់លាស់ ឯកភាព និងឆន្ទៈរបស់ប្រទេសទាំងមូល វៀតណាមមានទំនុកចិត្តថា ខ្លួននឹងសម្រេចបាននូវគោលដៅកំណើនដែលបានដាក់ចេញ ធ្វើឱ្យសេចក្តីប្រាថ្នាសម្រាប់ការអភិវឌ្ឍដ៏រុងរឿងរបស់ប្រជាជាតិវៀតណាមក្លាយជាការពិត៕


top