ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១៩៥ ទិវាបង្កើតខេត្តថៃង្វៀន

នាយប់ថ្ងៃទី ៣០ ខែតុលា នៅទីលាន វ៉ ង្វៀន យ៉ាប (Võ Nguyên Giáp) ខេត្ត ថៃង្វៀន បានរៀបចំពិធីរំលឹកខួបលើកទី ១៩៥ ទិវាបង្កើតខេត្ត (៤ វិច្ឆិកា ១៨៣១ - ៤ វិច្ឆិកា ២០២៦) ទទួលគ្រឿងឥស្សរិយយសពលកម្មថ្នាក់ទីមួយ និងបើកមហោស្រពតែអន្តរជាតិ - ថៃង្វៀន ឆ្នាំ២០២៦។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញ​ថ្លែងនៅក្នុង​ពិធីនេះ។ រូបថត៖ VNA

អញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅក្នុងពិធីនេះ អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម បានស្នើឲ្យខេត្តថៃ ង្វៀន ត្រូវរៀបចំមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍជាបន្តបន្ទាប់ ដោយសារអត្ថប្រយោជន៍នៃកម្លាំងពលកម្មថោកថយចុះ ការផ្លាស់ប្តូរបច្ចេកវិទ្យា និងតម្រូវការបរិស្ថានកាន់តែខ្ពស់។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមបានស្នើឲ្យខេត្តថៃង្វៀន រៀបចំលំហអភិវឌ្ឍន៍ដោយសុខដុមរមនារវាងឧស្សាហកម្ម តំបន់ទីក្រុង និងបរិស្ថានវិទ្យា។ ជាពិសេស ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធត្រូវតែជួយភ្ជាប់តំបន់ផលិតកម្ម និងតំបន់បណ្តុះបណ្តាលជាមួយទីផ្សារ ខណៈពេលដែលនាំមកនូវសេវាកម្មសំខាន់ៗឱ្យកាន់តែខិតជិតប្រជាជននៅតំបន់ដាច់ស្រយាល។

«ខេត្តទាំងមូលត្រូវតែបង្កើតឯកភាពក្នុងសកម្មភាព ជំនះពុះពារលើការត្រិះរិះបែបមូលដ្ឋានចាស់ និងបែងចែកធនធានតាមតម្រូវការ និងប្រសិទ្ធភាពរួម។ ធានាបាននូវប្រតិបត្តិការរលូនរបស់អាជ្ញាធរមូលដ្ឋាពីរកម្រិត បង្កើនសមត្ថភាពនៅកម្រិតឃុំ ជាពិសេសនៅតំបន់ភ្នំ។ ធានាថា ប្រជាជនមានលទ្ធភាពទទួលបានសេវាកម្មយ៉ាងងាយស្រួល។ បង្កើនការពឹងផ្អែកលើខ្លួនឯងនៃវិស័យឧស្សាហកម្ម ដោយយកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងធនធានមនុស្សជាមូលដ្ឋាន។ រួមជាមួយនឹងការទាក់ទាញការវិនិយោគដែលមានគុណភាព គាំទ្រសហគ្រាសក្នុងប្រទេស ឱ្យបង្កើនជំនាញវិទ្យាសាស្ត្រនិងបច្ចេកទេស បំពេញតាមស្តង់ដារ និងចូលរួមកាន់តែស៊ីជម្រៅនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់។ កិច្ចសហប្រតិបត្តិការជាមួយសាជីវកម្មអន្តរជាតិត្រូវបើកឱកាសបន្ថែមទៀតសម្រាប់ការបណ្តុះបណ្តាលវិស្វករ ការអភិវឌ្ឍអ្នកផ្គត់ផ្គង់ និងការស្រាវជ្រាវក្នុងស្រុក។»

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម និងគណៈប្រតិភូចូលរួម​ពិធីនេះ។ រូបថត៖ VNA

ក្នុងឱកាសនេះ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានផ្តល់វិញ្ញាបនបត្រចុះបញ្ជីសម្រាប់ខេត្តថៃង្វៀនចំពោះ "ចំណេះដឹងអំពីការដាំដុះ និងកែច្នៃតែថៃង្វៀន" ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីជាតិ៕


top