ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលគាល់ព្រះចៅអធិរាជ ណារុហ៊ីតូ និងព្រះអគ្គមហេសីជប៉ុន

នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា (ម៉ោងក្នុងតំបន់) ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅជប៉ុន អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម និងភរិយា បានអញ្ជើញចូលគាល់ព្រះចៅអធិរាជ និងព្រះអគ្គមហេសីជប៉ុន។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម និងភរិយា អញ្ជើញចូលគាល់ព្រះចៅអធិរាជ ណារុហ៊ីតូ និងព្រះអគ្គមហេសីជប៉ុន។ (រូបថត៖ TTXVN)

ក្នុងជំនួបនេះ ព្រះចៅអធិរាជ ណារុហ៊ីតូ និងព្រះអគ្គមហេសី បានសម្តែងទំនុកចិត្តថា ភាពជោគជ័យនៃដំណើរទស្សនកិច្ចលើកនេះនឹងរួមចំណែកដល់ការពង្រឹងទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាងប្រទេសទាំងពីរ។ ព្រះចៅអធិរាជ ណារុហ៊ីតូ ចាត់ទុកថា ការដែលប្រទេសទាំងពីរមានប្រពៃណីផ្លាស់ប្ដូរប្រជាជននិងប្រជាជនក្នុងប្រវត្តិសាស្ត្រ និងភាពស្រដៀងគ្នាខាងវប្បធម៌ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការតភ្ជាប់ប្រជាជននៃប្រទេសទាំងពីរ និងកសាងទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពដ៏ល្អប្រសើរដូចសព្វថ្ងៃនេះ។

រីឯខ្លួនវិញ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម និងភរិយារបស់លោក បានចែករំលែកអំពីសកម្មភាពផ្លាស់ប្ដូរវប្បធម៌នានា ក្នុងអំឡុងពេលដំណើរទស្សនកិច្ច ក៏ដូចជាភាពស្រដៀងគ្នាខាងចរិតលក្ខណៈ និងវប្បធម៌រវាងប្រទេសទាំងពីរ។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរមានឱកាសជាច្រើនដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ និងបណ្តុះបណ្តាល ធនធានមនុស្សដែលមានគុណភាពខ្ពស់ សុខាភិបាល វប្បធម៌ ទេសចរណ៍ និងកសិកម្ម​ នាពេលខាងមុខ។

នៅល្ងាចថ្ងៃដដែល នៅព្រះបរមរាជវាំង ព្រះចៅអធិរាជនិងព្រះអគ្គមហេសីបានយាងជាអធិបតីក្នុងពិធីជប់លៀងយ៉ាងស្និទ្ធស្នាលជូនចំពោះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម និងភរិយា រួមជាមួយសមាជិកផ្លូវការមួយចំនួននៃគណៈប្រតិភូជាន់ខ្ពស់វៀតណាម៕


top