ត្រូវទាញអារម្មណ៍ដោយការតុបតែងស្ពាន់កាចានៅតាមរតនកោដ្ឋសេ្តចក្រុងហ្វេ កញ្ញាវ័យក្មេង ៩X ង្វៀន ហ្វាងអាញ (Nguyen Hoang Anh) រួមនឹងសហការីក្រុមហ៊ុនហ្វ័រហ្គឹម (Hoa Gam)...
ត្រូវទាញអារម្មណ៍ដោយការតុបតែងស្ពាន់កាចានៅតាមរតនកោដ្ឋសេ្តចក្រុងហ្វេ កញ្ញាវ័យក្មេង៩Xង្វៀន ហ្វាងអាញ (Nguyen Hoang Anh) រួមនឹងសហការីក្រុមហ៊ុនហ្វ័រហ្គឹម (Hoa Gam) បង្កើតឡើងវិញដោយភាពច្នៃប្រតិដ្ឋតាមបច្ចេកទេសថ្មី ដែលមានឈ្មោះហៅថា ហ្វ័រគីមសា (Hoa Kim Sa) នៅលើស្នាដៃសិល្បៈសហសម័យ ដើម្បីលើកកម្ពស់សម្រស់វប្បធម៌ និងសិល្បៈបុរាណរបស់វៀតណាម។
ង្វៀន ហ្វាងអាញ (Nguyen Hoang Anh) ប្រធានក្រុមហ្វ័រហ្គឹម (Hoa Gam) ឱ្យដឹងថា ក្នុងខណៈពេលដែលបានដើរកម្សាន្តនៅក្រុងហ្វេជាច្រើនលើក ពេលទៅទស្សនារតនកោដ្ឋស្តេច នាងត្រូវទាក់ទាញដោយការតុបតែងដ៏វិចិត្រនៅទីនេះ។ បញ្ចប់ការសិក្សាផ្នែករចនាក្រាហ្វិក នៅសកលវិទ្យាល័យវិចិត្រសិល្បៈឧស្សាហកម្ម (ហាណូយ) ហ្វាងអាញ (Hoang Anh) ចាប់ផ្តើមស្រាវជ្រាវឯកសារប្រវត្តិពាក់ព័ន្ធដល់វិធីសាស្ត្រ បច្ចេកទេសស្ពាន់កាចា ទន្ទឹមនោះបានកៀងគរយុវវ័យដែលចូលចិត្តសិល្បៈប្រពៃណីនេះ បង្កើតជាក្រុមហ្វ័រហ្គឹម (Hoa Gam) កាលពីឆ្នាំ២០២០។
តាមហ្វាងអាញ (Hoang Anh) រៀបរាប់ថា តាមការស្វែងយល់លើឯកសារ បច្ចេកទេសកែច្នៃស្ពាន់កាចា ជាបច្ចេកទេសបន្ទុំបិទលាបកាចា លើស្នូលលោហធាតុ រួចយកទៅដុតនៅសីតុណ្ហភាពខ្ពស់។ បច្ចេកទេសកែច្នៃស្ពាន់កាចាចាប់ផ្តើមហូរចូលប្រទេសវៀតណាម នៅសម័យរាជការង្វៀន មានអត្ថិភាពបានប្រហែល៦០ឆ្នាំ ក្រោយមកសាបរលាបទៅ។ ទោះបី គ្មានការស្នងបន្ត តែបច្ចេកទេសកែច្នៃនេះ នៅតែបានរក្សាទុកតាមរយៈការតុបតែងនៅប្រជុំកេរដំណែលនៃក្រុងហ្វេបុរាណ។
ក៏ប៉ុន្តែ ប្រសិនបើបច្ចេកទេសកែច្នៃស្ពាន់ការចារតាមក្បួនខ្នាតដើម ហ្វាងអាញ (Hoang Anh) ឃើញថាបច្ចេកទេសនេះសែនលំបាក ដោយសារត្រូវឆ្លងកាត់៧ដំណាក់កាល និង ជំហានរណបចំនួន១០៨ទៀត។ ប្រសិនបើ ចង់នាំយកសិល្បៈវៀតណាមដែលបាត់បង់ទៅហើយនោះ បង្កើតសាឡើងវិញ ត្រូវធ្វើយ៉ាងណាឱ្យរបៀបធ្វើមានភាពងាយស្រួល ងាយទទួលយក និងងាយធ្វើជាង។ ហេតុនេះ ខណៈដែលស្រាវជ្រាវនិងពិសោធន៍បានមួយរយៈពេល ហ្វាងអាញ (Hoang Anh) រួមនឹងសហការីក្រុមហ្វ័រហ្គឹម (Hoa Gam) បានកែសម្រួលបច្ចេកទេសនេះ នៅតែ៣ដំណាក់កាលគឺ ពត់ស្ពាន់ ផ្សារស្ពាន់ និងបិទកាចា កំណត់បានបច្ចេកទេសថ្មី ដាក់ឈ្មោះថាហ្វ័រគីមសា (Hoa Kim Sa)។ ក្នុងនោះហ្វ័រ (Hoa) មានន័យថាគូរ គីម (Kim) មានន័យថាលោហធាតុ បង្កើតបានជាស្នូលស្នាដៃ សា (Sa) មានន័យថាខ្សាច់ពណ៌ បង្កើតបានជាពណ៌សម្បុរសម្រាប់ស្នាដៃ។
តាមហ្វាងអាញ (Hoang Anh) ឱ្យដឹងថា ការកែសម្រួលបម្រួញនេះ មិនបានធ្វើឱ្យបាត់សម្រស់ស្នាដៃ ដែលធ្វើតាមបច្ចេកទេសបុរាណនោះទេ នៅទាំងជួយឱ្យការអនុវត្តបានក្លាយជាមានភាពងាយស្រួលជាង មនុស្សគ្រប់រូបក៏អាចធ្វើស្នាដៃតុបតែងបែបអនុវត្តបានដោយខ្លួនឯងផ្ទាល់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃផងដែរ។
ហ្វាងអាញ (Hoang Anh) រួមនឹងសហការីក្រុមហ្វ័រហ្គឹម (Hoa Gam) ចាប់ផ្តើមអនុវត្តហ្វ័រគីមសា (Hoa Kim Sa) ទៅលើការតុបតែងស្នាដៃផលិតផលអនុស្សាវរីយ៍ គួបផ្សំនឹងវត្ថុធាតុឈើ ជ័រ ដូចជា៖ គម្របទូរសព្ទ ទ្រនាប់កែវ បន្តោងទូរសព្ទ ប្រតិទិន កង្ហារ គំនូរ។ល។ ទោះបីកាត់បន្ថយជំហានជាច្រើនក្នុងបច្ចេកទេសធ្វើ តែទាមទារភាពផ្ចិតផ្ចង់ ប៉ិនប្រសប់ ធ្វើដូចម្តេចឱ្យស្នាដៃកៀកជិតនឹងសិល្បៈប្រពៃណី។ តាមធម្មតា ដើម្បីធ្វើបានស្នាដៃមួយតាមបច្ចេកទេសហ្វ័រគីមសា (Hoa Kim Sa) ត្រូវចំណាយពេលពី៥ថ្ងៃ រហូតដល់១០ថ្ងៃ។
ដោយគោលបំណងលើកស្ទួយ ផ្សព្វផ្សាយសម្រស់វប្បធម៌សិល្បៈបុរាណវៀតណាម តាមរយៈបច្ចេកទេសហ្វ័រគីមសា (Hoa Kim Sa) ក្រុមហ្វ័រហ្គឹម (Hoa Gam) បានរៀបចំការប្រជុំពិភាក្សា សិក្ខាសាលានៅហាណូយ និងទីក្រុងហូជីមិញ ដើម្បីណែនាំមិត្តយុវវ័យអនុវត្ត និងពិសោធន៍ដោយផ្ទាល់៕
អត្ថបទ៖ ង៉ឹនហា រូបថត៖ ខាញឡុង និង ឯកសារ
ប្រែសម្រួល៖ រីកើង