ព័ត៌មាន

ហាទីញត្រូវតែក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មនៅតំបន់ភាគកណ្តាលប៉ែកខាងជើង

ប្រការនេះត្រូវបានអគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម សង្កត់ធ្ងន់នៅក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្តហាទីញនៅរសៀលថ្ងៃទី ២១ ខែមេសា។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញថ្លែងសុន្ទរកថា នៅក្នុងជំនួបធ្វើការ (រូបថត៖ Van Hieu/VOV)

អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម បានស្នើឱ្យខេត្តហាទីញកសាងយុទ្ធសាស្ត្រអភិវឌ្ឍន៍ដ៏លេចធ្លោមួយ ដោយយកកំណើនយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពជាមូលដ្ឋានគ្រឹះ ដោយផ្តោតលើប្រជាជន វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាកត្តាជំរុញសំខាន់ៗ។

“ខេត្តត្រូវបន្តទាក់ទាញការវិនិយោគដោយមានជម្រើស ដោយផ្តល់អាទិភាពដល់ឧស្សាហកម្មជាមូលដ្ឋាន បច្ចេកវិទ្យាខ្ពស់ និងថាមពលស្អាត; ទន្ទឹមជាមួយគ្នានោះ អភិវឌ្ឍន៍កត្តាជំរុញថ្មីៗដូចជាសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចសមុទ្រ។ ជាមួយគ្នានេះ ត្រូវផ្តោតលើការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ដោយបង្កើនប្រសិទ្ធភាពនៃការវិនិយោគសាធារណៈ។ ទាញយកអត្ថប្រយោជន៍ពីច្រកទ្វារព្រំដែនអន្តរជាតិ កូវត្រេវ និងច្រករបៀងសេដ្ឋកិច្ចខាងកើត-ខាងលិច បង្កើនទំនាក់ទំនងជាមួយតំបន់នានាក្នុងប្រទេសឡាវ ថៃ និងក្នុងតំបន់ ហើយឆាប់ៗនេះ ធ្វើឱ្យហាទីញក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់នៅក្នុងតំបន់ភាគកណ្តាលប៉ែកខាងជើង។ ក្នុងពេលជាមួយគ្នានេះ អភិវឌ្ឍកសិកម្មក្នុងទិសដៅអេកូឡូស៊ី ទំនើប និងផ្លាស់ប្តូរឌីជីថល។ តភ្ជាប់ជាមួយនឹងការកសាងជនបទថ្មី ការអភិវឌ្ឍសេដ្ឋកិច្ចជនបទ និងទេសចរណ៍សហគមន៍; យកចិត្តទុកដាក់លើតំបន់ភ្នំភាគខាងលិច បង្កើតជីវភាពរស់នៅប្រកបដោយចីរភាពសម្រាប់ប្រជាជន”។ នេះបើយោងតាមប្រសាសន៍របស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ ក៏បានសង្កត់ធ្ងន់ថា ខេត្តត្រូវបន្តពង្រឹងការការពារជាតិ និងសន្តិសុខយ៉ាងរឹងមាំ។ ការពារអធិបតេយ្យភាពរួមជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម; ផ្តោតការយកចិត្តទុកដាក់លើការ “រក្សាដីធ្លី រក្សាព្រៃឈើ រក្សាប្រជាជន និងរក្សាអត្តសញ្ញាណវប្បធម៌”៕


top