ដោយការខិតខំប្រឹងប្រែងរបស់គាត់ក្នុងការអភិរក្សវប្បធម៌ មឿង (Muong) ក្នុងឆ្នាំ ២០២០ វិចិត្រករ វូឌឹកហៀវ (Vu Duc Hieu) បានទទួលពានរង្វាន់អន្តរជាតិ Jeonju International Award ដែលជាពានរង្វាន់ឧបត្ថម្ភដោយទីក្រុង Jeonju (កូរ៉េខាងត្បូង) ដើម្បីលើកទឹកចិត្ត និងជំរុញសកម្មភាពផ្សព្វផ្សាយ និងអភិរក្សបេតិកភណ្ឌវប្បធម៌អរូបីសម្រាប់មនុស្សទាំងអស់លើពិភពលោក។ ពានរង្វាន់នេះគឺជាការទទួលស្គាល់នូវការខិតខំប្រឹងប្រែងរបស់វិចិត្រករវៀតណាមដែលតែងតែរក្សាបំណងចង់អភិរក្សវប្បធម៌ មឿង (Muong)។
ផ្ទះឡាង (Lang) នៅសារមន្ទីរលំហវប្បធម៌ មឿង(Muong) ដែលជាសារមន្ទីរឯកជនដំបូងគេ អំពីវប្បធម៌មឿង (Muong) នៅវៀតណាម។ រូបថត៖ ថាញយ៉ាង/កាសែតរូបភាពវៀតណាម
អភិរក្ស និងពង្រីកតម្លៃវប្បធម៌ មឿង(Muong)
បច្ចុប្បន្ននេះ ក្រោមឥទ្ធិពលនៃពេលវេលា និងជីវិត តម្លៃវប្បធម៌ជាច្រើនរបស់ជនជាតិ មឿង (Muong) ប្រឈមនឹងការរលាយសូន្យ។ ប្រឈមមុខនឹងស្ថានភាពនោះ ខេត្ត ហ័រប៊ិញ (Hoa Binh) បានអនុវត្តវិធានការជាច្រើន ដើម្បីអភិរក្ស និងពង្រីកតម្លៃវប្បធម៌ប្រកបដោយប្រសិទ្ធភាព។
លោក ង្វៀនភីឡុង (Nguyen Phi Long) លេខាធិការគណៈកម្មាធិការបក្សខេត្ត ហ័រប៊ិញ (Hoa Binh) បានឲ្យដឹងថា ទោះបីជាខេត្តកំពុងស្ថិតនៅក្នុងស្ថានភាពលំបាកខាងធនធានក៏ដោយ ប៉ុន្តែខេត្តនៅតែចាត់ទុកថា នេះជាកិច្ចការបន្ទាន់បំផុត ហើយដាក់ពង្រាយយ៉ាងប្តូរប្តេជ្ញ និងកៀងគរធនធានវិនិយោគ គ្រប់គ្រង ការការពារ ការប្រើប្រាស់ និងពង្រីកតម្លៃបេតិកភណ្ឌវប្បធម៌ប្រពៃណី បេតិកភណ្ឌវប្បធម៌បុរាណវិទ្យាផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម លើកកម្ពស់ជីវភាពរស់នៅខាងសម្ភារៈ វិញ្ញាណរបស់ប្រជាជន; វិនិយោគលើធនធាន និងមូលដ្ឋានសម្ភារៈសម្រាប់ការស្រាវជ្រាវ ប្រមូល អភិរក្ស និងពង្រីកបេតិកភណ្ឌវប្បធម៌របស់ជនជាតិ មឿង (Muong) និង “វប្បធម៌ខេត្ត ហ័រប៊ិញ (Hoa Binh)”។
ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារការបំពេញការងារដ៏ល្អក្នុងការអភិរក្ស និងពង្រីកតម្លៃវប្បធម៌ មឿង (Muong) ស្រុក ឡាកសើន (Lac Son) បានកសាងបរិយាកាសវប្បធម៌ផូរផង់ សម្បូរទៅដោយអត្តសញ្ញាណជាតិ តាមនោះរួមចំណែកក្នុងការអប់រំប្រពៃណីជាប្រវិត្តិសាស្ត្រនៃជជនជាតិ មឿង (Muong) ។
លោក ប៊ុយវ៉ានយឿង (Bui Van Duong) អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក ឡាកសើន (Lac Son) បានឲ្យដឹងថា៖ “បច្ចុប្បន្ននេះ ការយល់ដឹងរបស់ប្រជាជនអំពីតម្លៃវប្បធម៌ជាតិត្រូវបានលើកកម្ពស់។ ហេតុដូច្នេះស្រុកបានដាក់ចេញគោលដៅរហូតដល់ឆ្នាំ២០២៥ ២០% ជនជាតិ មឿង (Muong) ចេះសរសេរអក្សរ ជនជាតិមឿង (Muong ) ៨៥% ចេះស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិមឿង (Muong) និងតែងតែពាក់ក្នុងពិធីបុណ្យនានា បុណ្យតេត។ សិស្សានុសិស្សសាលាអនុវិទ្យាល័យ និងវិទ្យាល័យស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីជនជាតិ មឿង (Muong) យ៉ាងហោចណាស់ ២ ថ្ងៃក្នុងមួយសប្តាហ៍។ ស្រុក ឡាកសើន (Lac Son) នឹងពង្រីកការរៀបចំពិធីបុណ្យវប្បធម៌ កីឡា ពិធីបុណ្យឯករាជ្យជាតិ វិនិយោគលើការអភិវឌ្ឍទម្រង់រូបភាពអភិរក្សភូមិវប្បធម៌ប្រពៃណី ផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍទេសចរណ៍សហគមន៍ ...”។
ជាគំរូគឺសាលាវិទ្យាល័យ គ្វៀតថាំង (Quyet Thang) នៃស្រុក ឡាកសើន (Lac Son)។ ចាប់តាំងពីឆ្នាំ ២០១៩ មក សាលានេះបានបង្កើតក្លឹបមួយ ដើម្បីរក្សាអត្តសញ្ញាណវប្បធម៌ មឿង (Muong) ដោយដំណើរការលើសកម្មភាពចំនួន ៦ គឺ ចម្រៀងប្រជាប្រិយ សម្លៀកបំពាក់ ឧបករណ៍ភ្លេង ម្ហូបអាហារ ល្បែងប្រជាប្រិយ វប្បធម៌ប្រជាប្រិយ។ លើសពីនេះ ក្លឹបក៏រៀបចំការបង្រៀនអក្សរ មឿង (Muong) ដល់សមាជិកផងដែរ។ រហូតមកដល់បច្ចុប្បន្ន ក្លឹបបានទាក់ទាញការចូលរួមរបស់សមាជិកជាង ៣០០ នាក់ ដែលសម្តែងជាទៀងទាត់ក្នុងពិធីបុណ្យនានា បុណ្យតេត និងពិធីបុណ្យវប្បធម៌របស់សាលារៀន និងតំបន់។
សិស្សានុសិស្សសាលាវិទ្យាល័យ គ្វៀតថាំង (Quyet Thang) (ស្រុក ឡាកសើន (Lac Son) - ខេត្ត ហ័រប៊ិញ (Hoa Binh)) រៀនអំពីគងឃ្មោះមឿង (Muong) ។ រូបថត៖ ថាញយ៉ាង/កាសែតរូបភាពវៀតណាម
លោកស្រី ប៊ុយធីហឿង (Bui Thi Huong) ប្រធានក្លឹបអភិរក្សអត្តសញ្ញាណវប្បធម៌ជនជាតិ មឿង (Muong) នៃសាលា គ្វៀតថាំង (Quyet Thang) បានមានប្រសាសន៍ថា៖ “ក្លឹបនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងអប់រំការយល់ដឹងអំពីការអភិរក្ស និងពង្រីកវប្បធម៌ពិសេសរបស់ជនជាតិ មឿង (Muong)។ តមារយៈនោះ ចិញ្ចឹមក្តីស្រឡាញ់ និងទំនួលខុសត្រូវរបស់សិស្ស ក្នុងការអភិរក្សតម្លៃប្រពៃណី”។
ទ្រូវបានដឹងថា ក្នុងឆ្នាំ ២០២៣ ខេត្ត ហ័រប៊ិញ (Hoa Binh) បានចេញប្រកាសគម្រោងអភិរក្ស និងពង្រីកតម្លលៃវប្បធម៌របស់ជនជាតិ មឿង (Muong) និង “វប្បធម៌ ហ័រប៊ិញ (Hoa Binh)” ដំណាក់កាល ២០២៣ - ២០៣០ ដើម្បីបន្តស្រាវជ្រាវ អភិរក្ស និងពង្រីកតម្លៃបេតិកភណ្ឌវប្បធម៌ និងប្រពៃណីដ៏ល្អរបស់ជនជាតិ មឿង (Muong) រួមចំណែកក្នុងផ្សព្វផ្សាយ និងណែនាំទឹកដី និងប្រជាជន ហ័រប៊ិញ (Hoa Binh) កសាងផលិតផលទេសចរណ៍ពិសេស ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
នាពេលខាងមុខឆាប់ៗនេះ ខេត្ត ហ័រប៊ិញ (Hoa Binh) នឹងផ្តោតការយកចិត្តទុកដាក់លើការជួសជុល និងតុបតែងទេសភាពនៃកេរដំណែលប្រវត្តិសាស្ត្រជាតិ រូងភ្នំភូមិត្រាយ (Trai) (ឃុំ តឹនឡាប (Tan Lap) )និងដំបូលថ្មភូមិ វ៉ាញ (Vanh) (ឃុំ អៀនភូ (Yen Phu) ) ស្រុក ឡាកសើន (Lac Son) ដែលជាកេរដំណែលគំរូនៃខឿនវប្បធម៍ ហ័រប៊ិញ (Hoa Binh) ដើម្បីកសាងឯកសារដាក់ស្នើនាយករដ្ឋមន្ត្រី រៀបចំណាត់ថ្នាក់កេរដំណែលថ្នាក់ជាតិពិសេស និងបន្តដាក់ជូនអង្គការ UNESCO ដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌មនុស្សជាតិ។/.
ខ្លឹមសារ៖ ហ័ងហា
រូបថត៖ ហ័ងហា ថាញយ៉ាង កាសែតរូបភាពវៀតណាម
បច្ចេកទេស ក្រាហ្វិក៖ ដាំងទៀន ប្រែសម្រួលដោយង្វៀនយ៉ាង