ជីវភាពរស់នៅរបស់ប្រជាជន​វៀតណាម

ស្ពកបាយក្វានហ័រ - ផ្នត់សកម្មភាពវប្បធម៌នៃប្រជាជនភូមិភាគខាងជើង

ចូល​ឆ្នាំថ្មី​មកដល់ និទាឃរដូវឈានចូល អ្នកក្វានហ័រ​តែងបបួលគ្នាទៅច្រៀងនៅឯបុណ្យ រួចហើយអញ្ជើញគ្នាមកផ្ទះ...

ចូល​ឆ្នាំថ្មី​មកដល់ និទាឃរដូវឈានចូល អ្នកក្វានហ័រ​តែងបបួលគ្នាទៅច្រៀងនៅឯបុណ្យ រួចហើយអញ្ជើញគ្នាមកផ្ទះ ដើម្បីទទួល​ទានអាហារប្រកបដោយភាពស្និទ្ធស្នាល ដែល​រៀបចំយ៉ាងផ្ចិតផ្ចង់តាមប្រពៃណីនៃ​ប្រជាជនភូមិ​ភាគខាង​ជើង​​ (ខេត្ត​បាក់និញ)។ នៅក្នុងជីវភាពរស់នៅ​ក្វានហ័រ បទច្រៀងបទភ្លេង និងពិធីការ គឺជាផ្នែកមួយ​សំខាន់ ហើយស្ពក​បាយ​ ដើម្បីទទួលបងប្រុស បងស្រី​​អ្នកចម្រៀង​មកពីទីជិត​ទី​ឆ្ងាយ ក៏ជា​លក្ខណៈវប្បធម៌ពិសេស ដែលបង្ហាញពីរបៀបនៃការប្រាស្រ័យទំនាក់ទំនង​ និងទំនៀមទម្លាប់​បានថែរក្សា ឆ្លងកាត់ជា​ច្រើន​ជំនាន់។

បន្ទាប់ពីការច្រៀងនាដើមនិទាឃរដូវ​ អ្នកភូមិហ្វាយទ្រុង​ ទទួលស្វាគមន៍មិត្តភក្តិអ្នក​ចម្រៀង មកលេង​ផ្ទះ។ រូបថត៖ វៀតគឿង​/VNP

ភូមិហ្វាយទ្រុង​ (Hoai Trung) (ឃុំលៀន​បាវ - Lien Bao ខេត្តបាក់និញ​) គឺជាភូមិមួយក្នុងចំណោមភូមិក្វានហ័រ​បុរាណចំនួន ៤៩ភូមិ ជាទីកន្លែង​ដែលគ្រួសារជាច្រើន នៅតែរក្សារបៀបលេងក្វានហ័រតាំងពីយូរលង់ណាស់មកហើយ។ ជាក់ស្តែង​គ្រួសារត្រកូលយឿង ដែលបានផ្សារភ្ជាប់នឹងបេតិកភណ្ឌនេះ បានឆ្លងកាត់ ៦ជំនាន់​មកហើយ។ ប្ដីប្រពន្ធ​សិល្បករយឿង​ វ៉ាន់ក្វៀន​ និង​អ្នកស្រី ង្វៀន​ ធី​ហាប់ ធ្លាប់ជាអ្នក​តំណាងឱ្យប្រពៃណីក្វានហ័របុរាណ​របស់ភូមិ។ បន្តវេនគ្រួសារ លោក យឿង​ ឌឹក​ថាំង​ - អនុប្រធានក្លឹបក្វានហ័រហ្វាយត្រុង បច្ចុប្បន្ន​គឺជាអ្នករួមចំណែកកម្លាំងយ៉ាងច្រើន ក្នុង​ការស្ដារឡើងវិញនូវរបៀបសម្តែង និងឧទ្ទេសនាម​បេតិកភណ្ឌក្វានហ័រ​ដល់​សាធារណជន​។

គ្រួសារត្រកូលយឿង​ នៅភូមិហ្វាយ​ទ្រុង​​ រក្សាទម្លាប់រៀបចំស្ពក​បាយក្វាន​ហ័រ​ ឆ្លងកាត់ជាច្រើន​ជំនាន់​។ វៀតគឿង​/VNP
 

តាម​លោកថាំង ដើម្បីរៀបចំស្ពក​បាយមួយ ឱ្យត្រូវតាមបែបក្វានហ័របុរាណ មិនមែនជារឿងមួយ​ពីរ​ថ្ងៃបី​ថ្ងៃនោះទេ។ តាមចាស់ទុំបុរាណ សូម្បីតែមាន់សម្រាប់អញ្ជើញមិត្តភក្តិក៏ត្រូវបានថែទាំតាមដំណើរការដ៏តឹងរ៉ឹងអស់រយៈពេល៣ឆ្នាំ។ មាន់ត្រូវបានចិញ្ចឹម គ្រៀវ ឃុំក្នុងទ្រុង ដើម្បី​ឱ្យធាត់ រង់ចាំដល់ពិធីបុណ្យលីម (Lim) ទើបយកចេញ​មកទទួល​មិត្តភក្តិ។ បងប្រុសបងស្រី​អ្នក​ចម្រៀង​ម្នាក់ៗ សុទ្ធតែមាន​ចិញ្ចឹមមាន់ដោយខ្លួនឯង ដើម្បីធ្វើម្ហូបអញ្ជើញ​មិត្ត ប្រការ​នេះបង្ហាញពីទឹកចិត្ត ការទទួលខុសត្រូវ និង​ការយកចិត្តទុកដាក់ នៅក្នុងរបៀប​លេងក្វានហ័រ។

 

ស្ពក​បាយក្វានហ័រ អាចរៀបចំជា ១ជាន់ ឬ ៣ជាន់ អាស្រ័យលើ​លទ្ធភាពនៃគ្រួសារ​នីមួយ​ៗ​។ ទោះជាយ៉ាងណាក៏ដោយ មុខម្ហូប​សំខាន់ចំនួន៤មុខ ត្រូវតែមានគឺ៖ សាច់មាន់ ណែមយ៉រ - ប្រហិត​ ព្រាបចំហុយ​ និង​អណ្ដាតជ្រូកស្ងោរ។ ក្រៅពី​នេះ ម្ចាស់ផ្ទះអាចរៀប​ចំបន្ថែម​នូវមុខម្ហូប​ដូចជា បេះដូង ក្រលៀន​ឆា ត្រី ឬសាច់បំពង អាស្រ័យ​តាមរដូវកាល និង​លទ្ធភាព​។ ដោយឡែកត្រី ជាធម្មតា​បានគេសាប់ចិញ្ច្រាំ​ធ្វើជា​ប្រហិត ដើម្បីបង្កើតរសជាតិ​ពិសេសផង និងដើម្បី "លាក់" គ្រឿងផ្សំ​ផង ដើម្បីការពារក្រែងលោលើកក្រោយ ផ្ទះមិត្តភក្តិ​មិន​មានលទ្ធភាពរៀបចំប្រភេទត្រីថ្លៃៗដូចគ្នា - នេះគឺជាការប្រាស្រ័យទំនាក់ទំនងឈ្លាស​វៃរបស់អ្នកក្វានហ័រ​។

 

តាមទំនៀមទម្លាប់ចាស់ "ដើមស្ពក​ដាក់ចានអំបិល ចុងស្ពក​ដាក់ចានជ្រក់" ដូច្នេះម្ហូបទាំងពីរមុខនេះតែងតែមានវត្តមាន។ ពេលខ្លះ​ សិល្បករ យឿង​ វ៉ាន់​ក្វៀន​ បានរៀបចំស្ពក​បាយរហូត​ដល់ ១៩មុខ ដែលជាភស្តុតាង​នៃការរៀបចំយ៉ាង​ហ្មត់ចត់​​ និងការគោរពមិត្តភក្តិ របស់អ្នកភូមិហ្វាយទ្រុង​​។

ស្ពក​បាយក្វានហ័រប្រពៃណី របស់ប្រជាជនភូមិហ្វាយ​ទ្រុង ​(ឃុំ ឡៀន​បាវ​ ខេត្តបាក់និញ) បានរៀបចំឡើង ក្នុងឱកាសបុណ្យនិទាឃរដូវ​។ រូបថត៖ វៀតគឿង​/VNP
 

មិនត្រឹមតែយកចិត្តទុកដាក់លើពេល​បាយ​ប៉ុណ្ណោះទេ អ្នកក្វានហ័រ​នៅមាន "ពិធីជប់លៀងបន្ថែម" ឬ "ពិធីជប់លៀង​ភេសជ្ជៈ" ដែលបាន​ធ្វើឡើង នៅអាធ្រាត្រយប់​ជ្រៅ​។ នេះគឺជាអាហារសម្រន់ដែលមានតែ និងនំ ដើម្បីបង្កើនស្មារតី សម្រាប់ការច្រៀងដែលអូសបន្លាយពេលយូរ។ ភូមិក្វានហ័រនីមួយៗ មានរបៀបរៀបចំខុសៗគ្នា ប៉ុន្តែសុទ្ធតែរក្សាស្មារតី នៃការនាំយកនូវម្ហូបដែលឆ្ងាញ់បំផុត និងពិសេសបំផុតរបស់តំបន់ដើម្បី​ទទួលមិត្ត​។

ទោះបីជានៅក្នុងពេលបាយ​ ឬជប់លៀង​ទឹកក៏ដោយ វប្បធម៌នៃការប្រាស្រ័យទាក់ទង តែងតែ​ត្រូវបានចាត់ទុកជាចម្បង។ ម្ចាស់ក្វាង​ហ័រ ត្រូវឈរនៅជ្រុងតុទាំង៤ មាន​អ្នកចាក់ស្រា អ្នកចាប់ម្ហូបជូនភ្ញៀវ រាល់ពាក្យអញ្ជើញសុទ្ធតែទន់ភ្លន់ សុភាពរាបសារ បង្ហាញ​ពីស្មារតី "គោរព​ភ្ញៀវ គោរពមនោសញ្ចេតនា"។

 

វប្បធម៌ ក្វាង​ហ័រ បន្ត​បានថែរក្សា និងផ្សព្វផ្សាយដោយសហគមន៍ភូមិ ហ្វាយ​ទ្រុង​។

"របៀបលេងក្វានហ័រនៃ​ចាស់ទុំពីដើម ពិតជាមានភាពផ្ចិតផ្ចង់ និងមានច្បាប់ទម្លាប់ច្រើន ប៉ុន្តែនោះក៏​ជាតម្លៃវប្បធម៌ពិសេស ដែលត្រូវអភិរក្សផងដែរ" - លោក យឿង​ ឌឹក​ថាំង បានអះអាង។ លោកបាន​ឱ្យដឹងថា សហគមន៍អ្នកច្រៀងក្វានហ័រ​ នៅហ្វាយទ្រុង​ កំពុងខិតខំប្រឹង​ប្រែងថែរក្សានូវភាពស្រស់ស្អាតទាំងនេះ ដើម្បីឱ្យវប្បធម៌ម្ហូបអាហារក្វានហ័រ នៅតែបន្តរីកសាយ​ភាយ​តទៅមុខទៀត៕

អត្ថបទ និងរូបថត៖ វៀតគឿង/VNP

ប្រែសម្រួល៖ រីកើង​


top