ព័ត៌មាន

សំណួរដេញដោលដើម្បីស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាពសម្រាប់ការអភិវឌ្ឍប្រទេស

នារសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ សម័យប្រជុំលើកទី ៣ រដ្ឋសភានីតិកាលទី ១៥ បានចាប់ផ្តើមសម័យសួរដេញដោលរយៈពេល ២ថ្ងៃកន្លះ។ នេះគឺជាសកម្មភាពឃ្លាំមើលកំពូលរបស់រដ្ឋសភាវៀតណាម ហើយជាខ្លឹមសារដែលទាក់ទាញការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសាធារណជននៅតាមសម័យប្រជុំរដ្ឋសភានីមួយៗ។ តាមរយៈការសួរដេញដោលនិងឆ្លើយសំណួរដេញដោល រដ្ឋាភិ បាល ក្រសួង ស្ថាប័ននានា បានធ្វើការបំភ្លឺពីបញ្ហាជាច្រើន ពាក់ព័ន្ធនឹងអ្នកបោះឆ្នោត រកឃើញនូវវិធានការ និងដំណោះស្រាយដ៏មានប្រសិទ្ធភាពបំផុត ដើម្បីដោះស្រាយបញ្ហាដែលកើតមានឡើងក្នុងស្ថានភាពជាក់ស្តែង ស្របតាមតម្រូវការអភិវឌ្ឍន៍របស់ប្រទេសជាតិ។

តាមរយៈការសំយោគមតិរបស់សមាជិករដ្ឋសភា ក្រុមបញ្ហាដែលត្រូវបានជ្រើសរើសសម្រាប់សួរដេញដោលក្នុងកិច្ចប្រជុំនេះរួមមាន៖ ហិរញ្ញវត្ថុ; ធនាគារ; ការដឹកជញ្ជូន; កសិកម្ម និងអភិវឌ្ឍជនបទ។ នៅចុងបញ្ចប់នៃសម័យសួរដេញដោល  ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Pham Binh Minh នឹងអញ្ជើញថ្លែងមតិក៏ដូចជាបកស្រាយនូវបញ្ហានានាដែលស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល និងឆ្លើយសំណួរដេញដោលដោយផ្ទាល់របស់សមាជិករដ្ឋសភា។

ជ្រើសរើសបញ្ហាដោយប្រុងប្រយ័ត្នសម្រាប់សួរដេញដោល

សម័យសួរដេញដោលនៅក្នុងកិច្ចប្រជុំនេះត្រូវបានរៀបចំឡើងតាមទម្រង់ ដោយលើកមកក្រុមបញ្ហាជា គោល។ ដើម្បីរៀបចំសម័យប្រជុំសួរដេញដោល គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានដឹកនាំការសំយោគសំណួររបស់គណៈប្រតិភូរដ្ឋសភា; សំណួរជាលាយលក្ខណ៍អក្សររបស់សមាជិកសភា មតិ និងអនុសាសន៍របស់អ្នកបោះឆ្នោតបានផ្ញើទៅសម័យប្រជុំលើកទី៣; បញ្ហាដែលលេចចេញតាមរយៈរបាយការណ៍របស់រដ្ឋាភិបាល របាយការណ៍ត្រួតពិនិត្យរបស់គណៈកម្មាធិការសេដ្ឋកិច្ចនៃរដ្ឋសភា និងការពិភាក្សារបស់សមាជិកសភាអំពីស្ថានភាពសេដ្ឋកិច្ច-សង្គម។ លោក Bui Van Cuong អគ្គលេខាធិការរដ្ឋសភា ប្រធានខុទ្ទកាល័យរដ្ឋសភាបានឲ្យដឹងថា ខ្លឹមសារដែលបានគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាលើកឡើងដើម្បីពិគ្រោះជាមួយសមាជិករដ្ឋសភាត្រូវបានពិចារណាយ៉ាងយកចិត្តទុកដាក់ ចងក្រងពីប្រភពជាច្រើន នៃព័ត៌មាន ធានាបាននូវភាពប្រាកដនិយមបំផុត ច្បាមជាប់ស្ថានភាពជាក់ស្តែង ជាមួយនឹងបំណងប្រាថ្នា សេចក្តីប្រាថ្នា និងបញ្ហាកង្វល់របស់អ្នកបោះឆ្នោត និងប្រជាពលរដ្ឋ។

  ប្រធានរដ្ឋសភា លោក Vuong Dinh Hue ថ្លែងមតិក្នុងពិធីបើកសម័យប្រជុំលើកទី៣ រដ្ឋសភានីតិកាលទី១៥ (រូបថត៖ quochoi.vn)  
  ពីឆ្វេង៖ រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ លោក Le Minh Hoan, រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Ho Duc Phoc, ទេសាភិបាលធនាគាររដ្ឋវៀតណាម Nguyen Thi Hong, រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក Nguyen Van The ជាតំណាងដើម្បីឆ្លើយសំណួរលើក្រុមបញ្ហាចំនួន ៤ (ប្រភព៖ VOV)  

“ការសួរដេញដោលនឹងឆ្លុះបញ្ចាំងពីបំណងប្រាថ្នាត្រឹមត្រូវ   ដង្ហើមនៃជីវភាព និងបញ្ហាសង្គមនិងសមាជិក សភាផ្តោតការយកចិត្តទុកដាក់ពិសេស។  តាមច្បាប់ ខ្លឹមសារនៃសម័យសួរដេញដោលត្រូវបញ្ជូនទៅពិគ្រោះយោបល់តាមស្ថាប័ននានា ជាពិសេសគណៈប្រតិភូរដ្ឋសភា។ ទី២ គឺត្រូវពិគ្រោះយោបល់ជាមួយសមាជិករដ្ឋសភា បន្ទាប់ពីធ្វើការសំយោគទាំងអស់ហើយ ចាប់ផ្ដើមពិគ្រោះជាមួយក្រុមប្រឹក្សាជាតិ និងគណៈ កម្មាធិការនានាដើម្បីពិនិត្យនិងជ្រើសរើស។  ស្ថាប័ននានានៃរដ្ឋសភា  ស្ថាប័ននានានៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា នឹងធ្វើការពិចារណា គ្រប់ជ្រុងជ្រោយនិងវាយតម្លៃ ដើម្បីបោះឆ្នោតជ្រើសរើសលើបញ្ហាមួយចំនួន”។

រួមចំណែកបង្កើតការផ្លាស់ប្តូរជាវិជ្ជមានសម្រាប់ការអភិវឌ្ឍ

អ្នកបោះឆ្នោត និងប្រជាជនតែងតែទន្ទឹងរង់ចាំសម័យសួរដេញដោល ព្រោះគេចង់ដឹងថា តើសមាជិករដ្ឋសភានិងប្រមុខក្រសួងស្ថាប័ន អាចដោះស្រាយយ៉ាងដូចម្តេចនូវបញ្ហាដែលគេកំពុងយកចិត្តទុកដាក់? ការអនុវត្តសេចក្តីសម្រេចចិត្តរបស់រដ្ឋសភាស្តីពីការរៀបចំរចនាសម្ព័ន្ធស្ថាប័នឥណទានឡើងវិញ ការដោះស្រាយធនាគារពាណិជ្ជដែលទន់ខ្សោយពាក់ព័ន្ធនឹងការដោះស្រាយបំណុលអាក្រក់ ការគ្រប់គ្រងឥណទាន និងការត្រួតពិនិត្យនៅក្នុងតំបន់ដែលមានហានិភ័យ ពិសេសការផ្តល់ប្រាក់កម្ចីមូលបត្រ អចលនទ្រព្យ និងការចេញសញ្ញាប័ណ្ណសាជីវកម្ម... សុទ្ធតែគឺជាបញ្ហាដែលអ្នកបោះឆ្នោតនិងសមាជិកសភាផ្តោតការយកចិត្តទុកដាក់ពិសេស។

ដើម្បីបកស្រាយបំភ្លឺច្បាស់នូវខ្លឹមសារសួរដេញដោល រួមជាមួយប្រមុខផ្នែកនានា  មានសមាជិករដ្ឋាភិបាលជាច្រើនរូបដែលត្រៀមរួចជាស្រេចដើម្បីជួយផ្តល់ចម្លើយ ដូចជាឧបនាយករដ្ឋមន្ត្រីលោក Le Minh Khai, រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ, រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ សំណង់ នគរបាល អធិការកិច្ចរដ្ឋាភិបាល , អគ្គសវនកររដ្ឋ, ប្រធានចៅក្រមនៃតុលាការប្រជាជនកំពូល, អគ្គព្រះរាជអាជ្ញានៃអយ្យការប្រជាជនកំពូល។ ទាំងអស់នេះគឺជាការអះអាងជាក់ស្តែងរបស់ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ក្នុងសុន្ទរកថាបើកសម័យប្រជុំលើកទី៣៖

“រដ្ឋសភាចំណាយពេល ២ថ្ងៃកន្លះ សម្រាប់ដំណើរការសម័យសួរដេញដោលនិងឆ្លើយសំនួរដេញដោល។  ហេតុដូច្នេះ សូមស្នើឲ្យតំណាងទាំងអស់ ត្រូវពិភាក្សាយ៉ាងយកចិត្តទុកដាក់ ដោយស្មោះត្រង់ មានលក្ខណៈស្ថាបនា បញ្ជាក់ពីស្ថានភាពបច្ចុប្បន្ន ដើម្បីបង្កើនគុណភាព និងប្រសិទ្ធភាពនៃសកម្មភាពសួរសំណួរដេញដោលនិងរួមចំណែកបង្កើតការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងផ្នែកនិងវិស័យដែលត្រូវលើកមកសួរដេញដោល ឆ្លើយតបតាមបំណងប្រាថ្នារបស់អ្នកបោះឆ្នោតនិងប្រជាជនទូទាំងប្រទេស”។

សំណួរដេញដោលមិនត្រឹមតែសម្រាប់កំណត់ទំនួលខុសត្រូវប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះទៅទៀតគឺត្រូវស្វែងរកវិធានការ និងដំណោះស្រាយប្រកបដោយប្រសិទ្ធភាពបំផុត ដើម្បីដោះស្រាយបញ្ហាដែលកើតមានក្នុងការអនុវត្ត និងតម្រូវការអភិវឌ្ឍន៍របស់ប្រទេសជាតិ។ ជាមួយនឹងផ្នត់គំនិតបែបនេះ អ្នកបោះឆ្នោតជឿជាក់ថា រយៈពេលពីរថ្ងៃកន្លះដែលបានចំណាយលើសកម្មភាពសួរសំណួរដេញដោល នៅក្នុងសម័យប្រជុំនេះ នឹងត្រូវបានសមាជិកសភាប្រើប្រាស់ជាអតិបរមាដើម្បីសម្រេចបានប្រសិទ្ធភាពខ្ពស់បំផុត៕


top