ព័ត៌មាន

សេវាអ៊ីនធឺណិតចល័តរបស់វៀតណាមកើន​ ១៥ កាំក្នុងចំណាត់ថ្នាក់ពិភពលោក

ចំណាត់ថ្នាក់អ៊ីនធឺណិតខែមករាឆ្នាំនេះ ដោយ Ookla ដែលជាក្រុមហ៊ុននៅពីក្រោយឧបករណ៍ Speedtest បានបង្ហាញថា ល្បឿនអ៊ីនធឺណិតចល័តនៅប្រទេសវៀតណាមបានកើនឡើង ៥៤% ពីកម្រិត ៨៦.៩៦ Mbps ក្នុងខែធ្នូឆ្នាំ២០២៤ ឡើងដល់ ១៣៤.១៩ Mbps ។

បើតាមការស្ថិតិរបស់ Ookla នេះជាកម្រិតខ្ពស់បំផុតរបស់វៀតណាម ខ្ពស់ជាងជិតទ្វេដងបើធៀបនឹងខែកញ្ញាឆ្នាំមុន។

លទ្ធផលនេះនាំវៀតណាម នៅក្នុងតារាងរៀបចំណាត់ថ្នាក់អ៊ីនធឺណិតចល័ត បានឡើងដល់ចំណាត់ថ្នាក់លេខ ២២ បន្ទាប់ពីប្រទេសបារាំងនិងហ្វាំងឡង់ ហើយទាបជាង Top ២០ ប្រហែល ៣Mbps តែប៉ុណ្ណោះ។ យោងតាមលទ្ធផលស្ថិតិរបស់ Ookla ប្រទេសដែលមានល្បឿនអ៊ីនធឺណិតចល័តខ្ពស់បំផុតគឺ UAE ដែលមានល្បឿន ៥៤៥.៩៤ Mbps ខណៈដែលអ៊ីនធឺណិតថេរលឿនបំផុតគឺសិង្ហបុរីដែលមាន ៣៣៦.៤៥ Mbps ។

ក្រាភិចល្បឿនអ៊ិនធឺណិតចល័តនៅវៀតណាមចាប់ពីខែមករា ឆ្នាំ ២០២៤ ដល់ខែមករា ឆ្នាំ ២០២៥។ រូបថត៖ vinaphone.vn

អ៊ីនធឺណិត 5G ត្រូវបានធ្វើពាណិជ្ជកម្មនិងកាន់តែពេញនិយម  គឺជាកត្តាមួយដែលបានជួយឱ្យល្បឿនអ៊ីនធឺណិតរបស់វៀតណាមហក់ឡើង។ ចាប់តាំងពីខែកញ្ញាឆ្នាំ២០២៤  នៅពេលដែលការភ្ជាប់ទូរស័ព្ទចល័តជំនាន់ថ្មីត្រូវបានដាក់ឱ្យប្រើប្រាស់ តារាងល្បឿនអ៊ីនធឺណិតបានមានសញ្ញាកើនឡើង។ បន្ទាប់ពី អ៊ីនធឺណិត 5G របស់ក្រុមហ៊ុន Viettel ត្រូវបានដាក់ឱ្យដំណើរការ តំណាង Ookla បានឲ្យដឹងថា 5G នៅប្រទេសវៀតណាមមានល្បឿនជាមធ្យមជាង ៣០០ Mbps ដែលស្មើនឹងជិត ៦ ដងនៃល្បឿនមធ្យមនៃ 4G ក្នុងស្រុក៕


top