បទយកការណ៍ឯកទេស

សេដ្ឋកិច្ចឯកជនវៀតណាម៖ កសាងអនាគតផ្តើមពីកម្លាំងខាងក្នុង

សេដ្ឋកិច្ចឯកជន កំពុងលេចឡើងជាកម្លាំងចលករកណ្តាល នៃ​ដំណើរអភិវឌ្ឍន៍របស់វៀតណាម​។ នៅពេលដែល​លំហ​គោល​ច្បាប់​កាន់តែបាន​បើក​ទូលាយ និងបរិវត្តកម្ម​​ឌីជីថល​ដើរ​តួជា "ប្រព័ន្ធប្រតិបត្តិការ​ថ្មី" សហគ្រាសវៀតណាមបានបញ្ចេញនូវកម្លាំងខាង​ក្នុង​របស់​ខ្លួន ដោយ​ឈានទៅ​កសាង​អនាគត​ជា​ជំហានៗ និង​ធ្វើសមាហរណកម្មស៊ី​ជម្រៅ ទៅក្នុងខ្សែ​ចង្វាក់​តម្លៃសកល​។
 

សេដ្ឋកិច្ចឯកជន កំពុងលេចឡើងជាកម្លាំងចលករកណ្តាល នៃ​ដំណើរអភិវឌ្ឍន៍របស់វៀតណាម​។ នៅពេលដែល​លំហ​គោល​ច្បាប់​កាន់តែបាន​បើក​ទូលាយ និងបរិវត្តកម្ម​​ឌីជីថល​ដើរ​តួជា "ប្រព័ន្ធប្រតិបត្តិការ​ថ្មី" សហគ្រាសវៀតណាមបានបញ្ចេញ​នូវកម្លាំងខាង​ក្នុង​របស់​ខ្លួន ដោយ​ឈានទៅ​កសាង​អនាគត​ជា​ជំហានៗ និង​ធ្វើសមាហរណកម្មស៊ី​ជម្រៅ ទៅក្នុងខ្សែ​ចង្វាក់​តម្លៃសកល​។

នៅលើដែនដីភូមិ​​ភាគកណ្តាល ដែលធ្លាប់តែរាំងស្ងួតដោយកម្តៅថ្ងៃនិងខ្យល់ តំបន់ជូឡាយ​ (Chu Lai) ទីក្រុងដាណាំង​ នាពេល​បច្ចុប្បន្ន បានលេចរូបរាងឡើង ជាតំណាងនៃការ​ផ្លាស់​ប្តូរ​មុខមាត់ថ្មី​។ ពីតំបន់ខ្សាច់​សដ៏ក្រីក្រ ទីនេះ​បានក្លាយ​ជាប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្ម​ពហុវិស័យខ្នាតធំ​ ជាកន្លែង​ដែល​​ខ្សែចង្វាក់​តម្លៃ បានតភ្ជាប់យ៉ាងជិតស្និទ្ធចាប់ពី​ការ​ផលិត រហូតដល់​ភស្តុភារ​កម្ម (Logistics)

រឿងរ៉ាវរបស់ THACO (ទ្រឿង​ហាយ - Truong Hai) និងចក្ខុវិស័យវែងឆ្ងាយ នៃ​អ្នកដឹកនាំ​សម្ព័ន្ធក្រុមហ៊ុន គឺជា​ភស្តុតាង​ច្បាស់លាស់។ ពីសហគ្រាសដំឡើង​រថយន្ត THACO បានផ្លាស់ប្តូរខ្លួន ទៅជាសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មពហុវិស័យ​ ដោយ​ចូលរួមជា​បណ្តើរៗ ក្នុងវិស័យដែលកាលពីមុនភាគច្រើនដែល​បានគ្រប់គ្រងដោយសហគ្រាស FDI។ ជំនួស​ឱ្យការជ្រើសរើស​ផ្លូវរយៈពេល​ខ្លី សហគ្រាសនេះ​ បានប្រកាន់ខ្ជាប់​នូវយុទ្ធសាស្ត្រអភិវឌ្ឍន៍​ឧស្សាហកម្មប្រកបដោយវិជ្ជាជីវៈ​ ដោយ​ឈានចេញពីទម្រង់រូបភាព​​កែច្នៃបែបប្រពៃណី​។

ប្រព័ន្ធដំឡើងស្វ័យប្រវត្តិកម្មនៅក្នុងរោងចក្រផលិតរថយន្ត Vinfast។ រូបថត៖ ឯកសារ Vinfast
THACO បានចាកចេញពីស្រមោលនៃ "ការកែច្នៃបន្ត" (Outsourcing) តាមរយៈការ​វិនិយោគយ៉ាងខ្ជាប់ខ្ជួនលើការស្រាវជ្រាវ និងការអភិវឌ្ឍ (R&D)។ រូបថត៖ ថាញ​ហ្វ័រ​/កាសែតរូបភាពវៀតណាម​
 

មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) នៅជូឡាយ​ដើរតួជា "ខួរក្បាល" នៃប្រព័ន្ធអេកូឡូស៊ីទាំងមូល ជួយកាត់បន្ថយពេលវេលានាំផលិតផលទៅកាន់ទីផ្សារ និងធានានូវស្តង់ដារស្របតាម ពាណិជ្ជសញ្ញា​នៅ​លើសកលលោក។ ដោយ​មានការវិនិយោគត្រឹមត្រូវ THACO បានកសាងប្រព័ន្ធអេកូឡូស៊ីមេកានិច និងឧស្សាហកម្មជំនួយ​ខ្នាតធំ ជាមួយនឹងផលិតផលជាច្រើន ដែលមានអត្រាផលិតក្នុងស្រុកលើសពី៤០% ដែលគ្រប់គ្រាន់ដើម្បីទទួលបានការអនុគ្រោះ​ពន្ធ​ក្នុងតំបន់អាស៊ាន។ ផ្តើម​ពី​នោះ សហគ្រាសវៀតណាម មិនត្រឹមតែឈរជើងយ៉ាងរឹងមាំ នៅលើទឹកដីខ្លួនឯងប៉ុណ្ណោះទេ ​ថែមទាំងឈានជើងចូល​ទៅក្នុងទីផ្សារ ដែលមាន​តម្រូវការខ្ពស់​ដូចជា សហរដ្ឋអាមេរិក ជប៉ុន ឬកូរ៉េខាងត្បូង និង​មានការ​ផ្លាស់ប្តូរ​យ៉ាង​ច្បាស់​ពី "ការកែច្នៃ" ទៅជាម្ចាស់​លើការ​ផលិតកម្ម​។

 

ដ្ឋភាពខាងក្នុងរោងចក្រ THACO នៅតំបន់ឧស្សាហកម្ម Chu Lai ខេត្ត​ក្វាង​ង៉ាយ​។ រូបថត៖ ថាញ​ហ្វ័រ​/កាសែតរូបភាពវៀតណាម

ប្រធានក្រុមហ៊ុន THACO លោក ត្រឹន​ បាយឿង​ (Tran Ba Duong) ធ្លាប់បានចែករំលែកថា៖ «ការធ្វើឧស្សាហកម្មគឺជាដំណើរដ៏លំបាកមួយ ប៉ុន្តែប្រសិនបើយើងមិនធ្វើទេ ប្រទេសជាតិនៅតែជាកន្លែងកែច្នៃជារៀងរហូត។ យើងធ្វើមិនមែនត្រឹមតែដើម្បីប្រាក់ចំណេញ​ប៉ុណ្ណោះទេ ប៉ុន្តែគឺដើម្បីគ្រឹះឧស្សាហកម្មស្វ័យភាពមួយ​ របស់ប្រជាជនវៀតណាម»។ សម្តីនេះ មិនត្រឹមតែជាទ្រឹស្តី​អាជីវកម្មប៉ុណ្ណោះទេ ថែមទាំងឆ្លុះបញ្ចាំងពីមហិច្ឆតា​នៃការធ្វើឧស្សាហូបនីយកម្ម នៃ​វិស័យឯកជនវៀតណាមផងដែរ។

រោងចក្ររបស់ Hanopro សុទ្ធតែទទួលបានស្តង់ដារអន្តរជាតិដ៏តឹងរ៉ឹងបំផុតដូចជា Reach ឬ RoHS។ រូបថត៖ កុង​ដាត​​/កាសែតរូបភាពវៀតណាម
 

ទន្ទឹមជាមួយ​នឹង "ក្បាលម៉ាស៊ីន" ជា​បណ្តាញសហគ្រាសខ្នាតតូចនិង​មធ្យម ដែល​ជា "សរសៃឈាម" នៃសេដ្ឋកិច្ច។ Hanopro គឺ​ជាឧទាហរណ៍ជាក់ស្តែងមួយ ក្នុងការជ្រើសរើសយុទ្ធសាស្ត្រ ដើរ​សំដៅយកទីផ្សារ​ពិសេស (Niche Market)។ ផលិតផលដូចជា៖ ​ស្កុត​បិទ ឬ​បន្ទះប្លាស្ទិច PE ដែល​មើលទៅសាមញ្ញ ត្រូវ​បានធ្វើឱ្យប្រសើរឡើងទៅជាទំនិញ​​មានស្តង់ដារខ្ពស់ឆ្លើយតបទៅនឹងតម្រូវការបច្ចេកទេស​តឹងរ៉ឹង នៃទីផ្សារអន្តរជាតិ។ 

 

កម្មករនៅក្នុងរោងចក្ររបស់ Hanopro កំពុងដឹកជញ្ជូនទំនិញ សម្រាប់ការបញ្ជាទិញទៅកាន់ប្រទេសជប៉ុន និងកូរ៉េខាងត្បូង។ រូបថត៖ កុង​ដាត​​/កាសែតរូបភាពវៀតណាម

វត្តមាននៃផលិតផល "Made in Vietnam" នៅរាប់សិប​ប្រទេស សឱ្យ​ឃើញ​ចូលកៀក​នៃ​វិធីសាស្រ្ត​​ថ្មី​៖ ការបង្កើនតម្លៃចេញពីអ្វីដែលតូចបំផុត តាមរយៈស្តង់ដារសកល។

ប្រសិនបើ ឧស្សាហកម្មប្រពៃណីបង្ហាញពីសមត្ថភាពខ្លួនទីពឹងខ្លួន នោះសហគ្រាស​នវានុវត្តន៍ បែរជាបើកផ្លូវថ្មីសម្រាប់សេដ្ឋកិច្ចវៀតណាម។ AirXCarbon ជាឧទាហរណ៍ដ៏លេចធ្លោ នៃផ្នត់គំនិតអភិវឌ្ឍន៍បៃតង។ ផ្តើម​ពី​កាកសំណល់​កាហ្វេ ដែលជាអនុផលសាមញ្ញ សហគ្រាសនេះ បានបង្កើតសម្ភារៈជីវសាស្ត្រ Composite​ ដែល​មានសមត្ថភាព រលាយ និងអព្យាក្រឹត​កាបូន ឆ្លើយតបទៅនឹងតម្រូវការកាន់តែតឹងរ៉ឹង នៃទីផ្សារអន្តរជាតិ។

AirXCarbon បានបង្កើតផលិតផលប្រើប្រាស់ដូចជា កែវ ពែង ប៊ិច។ល។ ដែលទទួលបានពានរង្វាន់ជាច្រើន អំពី ESG និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព​។ រូបថត៖ AIRXCARBON

សហគ្រិនវ័យក្មេងឡេថាញ់ (Le Thanh) បាន​ឱ្យដឹងថា៖ “ការច្នៃប្រតិដ្ឋ​បៃតង គឺជាផ្លូវ​ខ្លីបំផុត សម្រាប់វៀតណាមក្នុងការដឹកនាំនិន្នាការ ជំនួសឱ្យការធ្វើ​ដំណើរ​​តាមក្រោយគេ”។ ពី​​គំនិត​ដែលផ្តើមចេញពីធនធានក្នុង​ស្រុក AirXCarbon កំពុងកំណត់ទីតាំងខ្លួនឯង នៅក្នុង​ខ្សែចង្វាក់តម្លៃ​សកលជា​បណ្តើរៗ ដោយផ្អែកលើភាព​ប្រៀប​​ចីរភាព។

ក្នុងទិសដៅមួយទៀត Vbee AI តំណាងឱ្យការងើបឡើងនៃបច្ចេកវិទ្យាវៀតណាម។ ការក្តាប់ជាប់នូវបច្ចេកវិទ្យាបំប្លែងអត្ថបទទៅជាសំឡេង ជាពិសេសជាមួយភាសាក្នុងស្រុក បង្ហាញថា សហគ្រាស​​វៀតណាម​មិនត្រឹមតែចេះប្រើប្រាស់ប៉ុណ្ណោះទេ ថែមទាំង​បានចាប់​ផ្តើម​អភិវឌ្ឍ​បច្ចេកវិទ្យាស្នូល ដែលជាកត្តាគន្លឹះ ដើម្បីប្រកួតប្រជែង​ក្នុងរយៈពេលវែង។

ទម្រង់រូបភាព​ដូចជា AirXCarbon Vbee AI សឱ្យ​ឃើញ​ថា​និន្នាការ​ច្បាស់លាស់មួយ​៖ សេដ្ឋកិច្ច​ឯកជន​វៀតណាម​ កំពុង​បង្វែ​ពី​ផលិតកម្ម​ ទៅ​ការ​ច្នៃ​ប្រតិដ្ឋ​ ពី​ការ​ចូល​រួម​ទៅ​ជា​ដឹកនាំ​ជា​ជំហានៗ​ ក្នុង​វិស័យ​ថ្មី​មួ​យចំនួន​។ 

AirXCarbon បានបង្កើតផលិតផលប្រើប្រាស់ដូចជា កែវ ពែង ប៊ិច។ល។ ដែលទទួលបានពានរង្វាន់ជាច្រើន អំពី ESG និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព​។ រូបថត៖ AIRXCARBON

តាមការវាយតម្លៃរបស់អង្គការអន្តរជាតិដូចជា ធនាគារពិភពលោក (World Bank) និង IMF សេចក្តីសម្រេចចិត្តលេខ៦៨ បានបង្កើតនូវសន្ទុះដ៏សំខាន់ សម្រាប់បរិយាកាសអាជីវកម្ម។ អ្នកជំនាញសេដ្ឋកិច្ច ត្រឹន​ ធី​អាញង្វៀត​ (Tran Thi Anh Nguyet) (World Bank) បានលើក​ឡើង​ថា ការដាក់ចេញនូវសេចក្តីសម្រេចចិត្តលេខ៦៨ នៅពេលនេះ គឺជាការ​រៀបចំទាន់ពេលវេលា ដើម្បីឱ្យវៀតណាមផ្លាស់ប្តូរយ៉ាងខ្លាំងក្លា ទៅកាន់យុគសម័យ​ឌីជីថល និង​សេដ្ឋកិច្ចបៃតង។

Vbee ដែលជា AI "ផលិតនៅវៀតណាម" បានគ្រប់គ្រងស្នូលបច្ចេកវិទ្យាស៊ីជម្រៅ (Deep Tech) - AI បម្លែងអត្ថបទទៅជាសំឡេង (Text-to-Speech)។ រូបថត៖ កុង​ដាត​​​/កាសែតរូបភាពវៀតណាម
សហស្ថាបនិក Vbee AI បណ្ឌិត ង្វៀន ធី​ធូ​ត្រាង​ (Nguyen Thi Thu Trang) សាស្ត្រាចារ្យនៃសាកលវិទ្យាល័យពហុបច្ចេកទេស​ហាណូយ កំពុងពិភាក្សាផែនការជាមួយវិស្វករបច្ចេកវិទ្យា នៅការិយាល័យ។ រូបថត៖ កុង​ដាត​​/កាសែតរូបភាពវៀតណាម

ក៏ប៉ុន្តែ​ កម្លាំងចលករ​កំណើន​នៃដំណាក់កាលថ្មី មិនត្រឹមតែ​ស្ថិតនៅលើគោលច្បាប់​ប៉ុណ្ណោះទេ ​ថែមទាំងស្ថិតលើបរិវត្តកម្ម​ឌីជីថល កក្តា​ដែលកំពុងដំណើរការដូចជា "ប្រព័ន្ធប្រតិបត្តិការថ្មី​" នៃខឿន​សេដ្ឋកិច្ច។ បរិវត្តកម្ម​ឌីជីថល ជួយសហគ្រាសធ្វើឱ្យប្រសើរឡើ​ង​នូវផលិតកម្ម​ តភ្ជាប់ទីផ្សារ និងចូលរួមស៊ី​ជម្រៅ​ក្នុងខ្សែចង្វាក់តម្លៃសកល។

AirXCarbon ទទួល​បាន "លិខិតឆ្លងដែន" ដ៏មានឥទ្ធិពលបំផុត ដើម្បីចូលទៅកាន់ទីផ្សារ​ ដែលមានរបាំងតឹងរ៉ឹងដូចជា EU ឬសហរដ្ឋអាមេរិក។ រូបថត៖ ឯកសារ AIRXCARBON.

ក្រោមជ្រុង​ជ្រោយគោលច្បាប់​ សេចក្តី​សម្រេច​ចិត្ត​លេខ​៦៨ មាន​តួនាទី​បើក​ផ្លូវ បង្កើត​ទំនុក​ចិត្ត​ និង​បរិស្ថាន​តម្លាភាព ដើម្បី​សហគ្រាស​អភិវឌ្ឍ​ន៍។ អ្នកជំនាញ​សេដ្ឋកិច្ចប៊ូយ​ កៀន​ថាញ់ (Bui Kien Thanh) បាន​កត់សម្គាល់​ថា សេចក្តីសម្រេចចិត្តលេខ៦៨ បានប៉ះចំ "ចំណុចគន្លឹះ" នៃ​ខឿន​សេដ្ឋកិច្ច។​ តាម​លោក កម្លាំងខាងក្នុងនៃ​ប្រជាជន គឺធំធេង​ណាស់ ប៉ុន្តែ​ជា​យូរមកនេះ​ ត្រូវបានរារាំង​ដោយរបាំងផ្លូវចិត្ត និង​គោលច្បាប់។ នៅពេលដែលទំនុកចិត្តបានពង្រឹង សហគ្រិននឹងត្រៀមខ្លួនជាស្រេច ដើម្បីដាក់ធនធានរបស់ខ្លួន​ ទៅក្នុងការវិនិយោគ និង​ការច្នៃប្រតិដ្ឋ។ រដ្ឋមិនធ្វើជំនួសសហគ្រាសទេ ប៉ុន្តែអ្វីដែលសំខាន់បំផុត គឺបង្កើតទំនុកចិត្ត ដែលជាប្រភេទ "ដើមទុន" មានឥទ្ធិពលខ្លាំងជាងអាទិភាពផ្នែកហិរញ្ញវត្ថុណាមួយ​។

សកម្មភាពលើកដាក់កុងតឺន័រ នៅកំពង់ផែ Tien Sa ទីក្រុង​ដាណាំង​។ រូបថត៖ ថាញ់ហ្វ័រ​​​​/កាសែតរូបភាពវៀតណាម
 

ទស្សនាទាននេះ ជា​ការ​បូក​បញ្ចូល​ដោយ​អង្គការ​វិនិយោគ និង ក្រុម​ច្បាប់​អន្តរជាតិ​ ពេល​ពួកគេ​វាយ​តម្លៃ​ខ្ពស់នៃ​តម្លាភាព​ និង សុវត្ថិភាព​គតិយុត្ត​ ដែល​សេចក្តី​សម្រេចចិត្ត​​៦៨​នាំមក​។ ពេល​របាំង​ផ្លូវ​ចិត្ត​បានដោះស្រាយ​​ សហគ្រាស​ឯកជន​អាច​មានភាព​ក្លាហាន​បន្តសម្រេចនូវ​គម្រោង​រយៈ​ពេល​វែង​ និង មាន​ទ្រង់ទ្រាយ​ធំ​។​

នៅក្នុងរូបភាពរួមនៃគោលច្បាប់និងបរិវត្តកម្ម​ឌីជីថល កំពុងបង្កើតជាសសរស្តម្ភ​ពីរទន្ទឹមគ្នា៖ ម្ខាងបើកផ្លូវ ម្ខាងទៀតនាំផ្លូវ។ ការរួមបញ្ចូលគ្នានេះ កំពុងកំណត់រូបរាងដំណាក់កាលអភិវឌ្ឍន៍ថ្មីនៃសេដ្ឋកិច្ចវៀតណាម។

ចាប់ពីបណ្តុំឧស្សាហកម្មនៅជូឡាយ​ រហូតដល់បណ្តា​ធុរកិច្ច​បច្ចេកវិទ្យាថ្មី និង​សហគ្រាសបៃតង វៀតណាម​ដ៏រស់រវើកមួយ កំពុងលេចរូបរាងជាបណ្តើរៗ មិនត្រឹមតែ​រីកចម្រើនឆាប់​រហ័សប៉ុណ្ណោះទេ ​ថែមទាំង​ឆ្ពោះទៅរកការច្នៃប្រតិដ្ឋ​ និរន្តរភាព និងសមាហរណកម្ម ទូលំ​ទូលាយ។ ក្នុងដំណើរនោះ នៅពេល​ដែលកម្លាំងខាងក្នុងបានរំដោះ និងដំណើរការលើមូលដ្ឋានឌីជីថល មហិច្ឆតាចង់ឱ្យវៀតណាមរឹងមាំនៅឆ្នាំ២០៤៥ កំពុងខិតជិតមកដល់ជាងពេលណាទាំងអស់។

អត្ថបទ៖ ហ្វាង​ ត្វែញី រូបថត៖ កុងដាត/កាសែតរូបភាពវៀតណាម​ និង ឯកសារ

ប្រែសម្រួល៖ រីកើង​


top