ព័ត៌មាន

សេដ្ឋកិច្ចវៀតណាម - ស្ដារឡើងវិញ និងអភិវឌ្ឍន៍ប្រកបដោយចីរភាព

អង្គការសេដ្ឋកិច្ចអន្តរជាតិជាច្រើនដូចជា ធនាគារពិភពលោក មូលនិធិរូបិយវត្ថុអន្តរជាតិ និង Fitch Rating បានវាយតម្លៃថា ល្បឿនកំណើនសេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំ ២០២២ អាចសម្រេចបាន ៦,៥% ចំនឹងគោលដៅរបស់រដ្ឋាភិបាលដែលបានដាក់ចេញ។ សេដ្ឋកិច្ចវៀតណាមកំពុងត្រូវបានស្ដារឡើងវិញ ដោយទទួលបានលក្ខណៈអំណោយផលជាច្រើន ដើម្បីអភិវឌ្ឍន៍ប្រកបដោយចីរភាពនារយៈពេលខាងមុខ។
  លោកបណ្ឌិត Le Xuan Sang អនុប្រធានវិទ្យាស្ថានសេដ្ឋកិច្ចវៀតណាម (រូបថត៖ congluan.vn)  

យោងតាមតួរលេខស្ថិតិនៅក្នុងត្រីមាសទី ១ របស់ក្រសួងផែនការនិងការវិនិយោគដែលបានប្រកាសនាពេលថ្មីៗនេះបានឲ្យដឹងថា GDP បានកើនឡើងជាង ៥%; ផលិតកម្មឧស្សាហកម្មកើនឡើង ៦,៤%; ការលក់រាយសរុបនៃទំនិញ និងប្រាក់ចំណូលពីសេវាកម្មប្រើប្រាស់កើនឡើង ៤,៤%; ទុនវិនិយោគអនុវត្តន៍សម្រាប់សង្គមទាំងមូលកើនឡើងជិត ៩% ។ លើសពីនេះទៅទៀត តម្លៃប្រាក់នាំចេញ នាំចូលទំនិញសរុបកើនឡើង១២,៩% និង ១៥,៩%; ការនាំចេញហួសកម្រិតសម្រេចបាន ៨០៩ លានដុល្លារអាមេរិក; ភ្ញៀវទេសចរអន្តរជាតិមកវៀតណាមក៏កើនឡើងជិត ៩០%; សហគ្រាសជាង ៣៤ ៦០០ អង្គភាពត្រូវបានបង្កើតថ្មី។ លោកបណ្ឌិត Le Xuan Sang អនុប្រធានវិទ្យាស្ថានសេដ្ឋកិច្ចវៀតណាមបានចាត់ទុកថា៖ កំណើនត្រូវតាមការរំពឹងទុករបស់ខ្ញុំ។ កម្រិតកំណើននេះគួរឲ្យលើកទឹកចិត្ត និងសមស្របតាមសន្ទុះស្ដារឡើងវិញ និងការបើកទ្វារខឿនសេដ្ឋកិច្ច។ ក្នុងបរិបទ ដែលតម្លៃធាតុចូលបានកើនឡើង ដែលបណ្ដាលពីផលប៉ះពាលជាជំហានដំបូងនៃជម្លោះរុស្ស៊ី និងអ៊ុយក្រែននោះ អត្រាកំណើនបានបង្ហាញយ៉ាងច្បាស់លាស់ពីការខិតខំប្រឹងប្រែងដ៏ធំធេង និងយ៉ាងប្ដូរផ្ដាច់របស់រដ្ឋសភិបាល និងសហគ្រាសផងដែរ

ទោះបីជាសម្រេចបានកម្រិតកំណើនគួរឲ្យលើកទឹកចិត្ត ដែលបានបញ្ជាក់ពីការខិតខំប្រឹងប្រែងខ្លួនទីពឹងខ្លួនរបស់សមាសភាគសេដ្ឋកិច្ចទាំងអស់ ក្នុងបរិបទ ដែលខ្សែសង្វាក់ផ្គត់ផ្គង់សកលមានការវិវឌ្ឍយ៉ាងស្មុគស្មាញ ប៉ុន្តែក្រុមសេដ្ឋកិច្ចវិទូនៅតែចាត់ទុកថា នេះត្រឹមតែជាកម្រិតមធ្យមប៉ុណ្ណោះបើប្រៀបធៀបទៅនឹងប្លុកអាស៊ីអាគ្នេយ៍ទាំងមូល។ អង្គការ ហិរញ្ញវត្ថុនានាបានព្យាករណ៍ថាអាស៊ាននឹងសម្រេចបានកម្រិតកំណើននៅខ្ទង់ ៥% គឺមានន័យថានៅពេលដែលសម្រេចបានកំណើន ៥,០៣% - GDP របស់វៀតណាមទើបខ្ពស់ជាងបន្តិច។ ប្រសិនបើមិនខិតខំប្រឹងប្រែងនោះទេ វៀតណាមនឹងពិបាកបង្រួញគម្លាតអភិវឌ្ឍន៍ជាមួយបណ្ដាប្រទេសជួរមុខនៅក្នុងតំបន់។

យោងតាមការគណនារបស់អ្នកជំនាញបានឲ្យដឹងថា រដ្ឋាភិបាល សហគមន៍ធុរកិច្ច និងប្រជាជនទាំងមូលត្រូវខិតខំប្រឹងប្រែងសម្រេចឲ្យបានកំណើនជាមធ្យមប្រមាណ ៧% ក្នុងត្រីមាសទីពីរ ទីបី និងទីបួន គោលដៅកំណើន ៦,៥% ទើបក្លាយទៅជាការពិត។ វៀតណាមមានមូលដ្ឋានអំណោយផលចាប់តាំងពីត្រីមាសទី ១ ហើយចាំបាច់ត្រូវខិតខំប្រឹងប្រែងថែមទៀត។ សេដ្ឋវិទូ លោក Nguyen Bich Lam អតីតអគ្គនាយក នៃអគ្គនាយកដ្ឋានស្ថិតិ នៃក្រសួងផែនការ និងវិនិយោគបានចាត់ទុកថា៖ យើងត្រូវផ្ដោតសំខាន់លើបញ្ហាមួយចំនួនដូចជា ការចិញ្ចឹមសត្វជួបការលំបាក ដោយសារតម្លៃចំណីសត្វឡើងថ្លៃ ព្រោះថាយើងពឹងផ្អែកលើការនាំចូលយ៉ាងខ្លាំង; ការធ្វើអាជីវកម្មជលផលជួបការលំបាក ព្រោះតម្លៃប្រេងបានកើនឡើង; វិស័យសំណង់ជួបការលំបាក ព្រោះការបើកប្រាក់វិនិយោគចំណាយ និងការសាងសង់ជួបការលំបាក។ ជាពិសេសវិស័យសហគ្រាស - ដែលរួមវិភាគទានជាង ៦០% នៃ GDP គឺមានសហគ្រាសចំនួន ៦២ ពាន់អង្គភាពបានបង្កើតថ្មី និងធ្វើប្រតិបត្តិការវិញ ប៉ុន្តែមានសហគ្រាសរហូតដល់ ៣៥,៧ ពាន់អង្គភាពបានផ្អាក់ការធ្វើអាជីវកម្ម ដោយបានបង្ហាញពីការលំបាករបស់សហគមន៍ធុរកិច្ចក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ ១៩ និងវិបត្តិរុស្ស៊ី - អ៊ុយក្រែន

ក្នុងរយៈពេលកន្លងទៅ រដ្ឋាភិបាល ក្រសួង ស្ថាប័ន និងមូលដ្ឋានជាច្រើន មានគោលការណ៍ និងគោលនយោបាយសមស្របទាន់ពេលវេលា ដើម្បីជួយឧបត្ថម្ភដល់សហគមន៍ធុរកិច្ច និងប្រជាជនប្រកបដោយប្រសិទ្ធភាព។ក្នុងនោះ មានកម្មវិធីស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមឡើងវិញ កញ្ចប់ជំនួយសេដ្ឋកិច្ច និងសហគ្រាស។ លោក Tran Quy ប្រធានវិទ្យាស្ថានអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលវៀតណាមបានចាត់ទុកថា៖ ក្នុងត្រីមាសទីពីរ សេដ្ឋកិច្ចវៀតណាមត្រូវប្រឈមមុខនឹងបញ្ហាអន្តរជាតិមួយចំនួន។ នេះគឺជាពេលវេលាដែលគោលនយោបាយរដ្ឋត្រូវបង្កើនការជួយឧបត្ថម្ភដល់សហគ្រាស និងប្រជាជន។ ពិភពលោកមានការប្រែប្រួលជាច្រើន សន្ទស្សន៍តម្លៃនឹងមានស្ថិរភាព ហើយកើនឡើង ដូច្នេះហើយ យើងចាំបាច់ត្រូវរក្សាស្ថិរភាពតម្លៃ និងស្ថិរភាពជីវភាពរស់នៅរបស់ប្រជាជន។ ទីពីរ យើងចាំបាច់ត្រូវបង្កើនការប្រើប្រាស់ឌីជីថលនីយកម្ម និងសេដ្ឋកិច្ចឌីជីថល។ ដូច្នេះហើយ រដ្ឋាភិបាល និងស្ដាប័នគ្រប់គ្រងរដ្ឋចាំបាច់ត្រូវផ្ដោតសំខាន់លើប្រការនេះ ហើយសហគ្រាសចាំបាច់ត្រូវផ្លាស់ប្ដូរដើម្បីប្រតិបត្តិការផងដែរ

បរិបទសេដ្ឋកិច្ចថ្មីតម្រូវឲ្យមានគោលការណ៍ និងគោលនយោបាយប្រកបដោយភាពបត់បែន - ឆាប់រហ័សថែមទៀត ដើម្បីជួយសម្រួលសហគ្រាស និងខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព។ រាល់គោលនយោបាយម៉ាក្រូត្រូវបានស្ថាប័នគ្រប់គ្រងធ្វើការកែសម្រួលប្រកបដោយភាពបត់បែន ដើម្បីរួមជាមួយសមាសភាពសេដ្ឋកិច្ចដទៃទៀតខិតខំប្រឹងប្រែងសម្រេចឲ្យបានកំណើនសេដ្ឋកិច្ច ៦,៥% ផងដែរ៕


top