ព័ត៌មាន

សេចក្តីថ្លែងការណ៍ស្តីពីការលើកកម្ពស់ភាពជាដៃគូរវាងវៀតណាមនិងសហព័ន្ធស្វីស

ក្នុងឱកាសចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី ៥៥ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុងដាវ៉ូស នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញ ជីញបានជួបសន្ទនាជាមួយប្រធានាធិបតីសហព័ន្ធស្វីសលោកស្រី Karin Keller-Sutter។ នៅចុងបញ្ចប់នៃកិច្ចចរចា ថ្នាក់ដឹកនាំទាំងពីរបានចេញសេចក្តីថ្លែងការណ៍ស្តីពីការលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូរវាងវៀតណាមនិងសហព័ន្ធស្វីស។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ជួបពិភាក្សាជាមួយប្រធានសហព័ន្ធស្វីស លោកស្រី Karin Keller-Sutter នាថ្ងៃទី ២១ មករា។ រូបថត៖ Vu Khuyen/VOV

តាមនោះ ភាគីទាំងពីរបានឯកភាពជាគោលការណ៍លើកកំពស់ទំនាក់ទំនងទ្វេភាគីទៅក្នុងក្របខណ្ឌនៃភាពជាដៃគូលើគ្រប់ជ្រុងជ្រោយ ដោយឆ្លុះបញ្ចាំងពីអាទិភាពនៃកិច្ចសហប្រតិបត្តិការនាពេលបច្ចុប្បន្ន។ ភាគីទាំងពីរបានឯកភាពបង្កើនកិច្ចខិតខំប្រឹងប្រែង និងចាត់វិធានការជាក់ស្តែង ដើម្បីបញ្ចប់យ៉ាងឆាប់ៗ ការចរចារលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA)។ ភាគីទាំងពីរក៏បានឯកភាពពង្រឹងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការលើវិស័យដែលមានផលប្រយោជន៍ទៅវិញទៅមក ដូចជា នវានុវត្តន៍ ហិរញ្ញវត្ថុបៃតង កម្មសិទ្ធិបញ្ញា និងការផ្លាស់ប្តូរបទពិសោធន៍ក្នុងការកសាងនិងអភិវឌ្ឍន៍មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម។ ភាគីទាំងពីរក៏បានឯកភាពថា នវានុវត្តន៍ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការចែករំលែកចំណេះដឹង សុទ្ធតែជាវិស័យអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីយ៉ាងទូលំទូលាយនាពេលខាងមុខ។ ភាគីទាំងពីរបានអះអាងថា ការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន និងសហគមន៍ជនវៀតណាមនិងស្វីសដែលរស់នៅក្នុងប្រទេសនីមួយៗដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការយល់ដឹងគ្នាទៅវិញទៅមក និងកសាងស្ពានតភ្ជាប់រវាងប្រទេសទាំងពីរ។

ភាគីទាំងពីរបានអះអាងសារជាថ្មីអំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការនៅវេទិកាពហុភាគី និងការរួមចំណែកដល់វិបុលភាព និងស្ថិរភាពក្នុងតំបន់ និងពិភពលោក ព្រមទាំងពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហាប្រឈមជាសកល រួមទាំងការការពារបរិស្ថាន ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងសន្តិសុខទឹក។ ភាគីទាំងពីរបានសម្តែងការគាំទ្រចំពោះពហុភាគីនិយម និងសណ្តាប់ធ្នាប់ពិភពលោកដោយផ្អែកលើច្បាប់អន្តរជាតិ និងគោលការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ។ ភាគីទាំងពីរបានអះអាងសារជាថ្មីអំពីសារៈសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត និងការដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិឆ្នាំ ១៩៨២ ស្តីពីច្បាប់សមុទ្រ (UNCLOS ១៩៨២) ផងដែរ៕


top