អគ្គលេខាបក្សលោក តូ ឡឹម ជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ (រូបថត៖ Thong Nhat/TTXVN)
សេចក្តីថ្លែងការណ៍រួមបានរំលឹកឡើងវិញនូវសមិទ្ធិផល នៃទំនាក់ទំនង វៀតណាម-រុស្ស៊ីក្នុងរយៈពេល ៧៥ ឆ្នាំលើគ្រប់វិស័យ ដោយអះអាងថា សមិទ្ធិផលទាំងនេះគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ និងជាកម្លាំងជំរុញសម្រាប់ភាគីទាំងពីរក្នុងការពង្រឹង ពង្រីកនិងនាំទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយកាន់តែស៊ីជម្រៅ ជាក់ស្តែងនិងមានប្រសិទ្ធភាព ក្លាយជាគំរូនៃកិច្ចសហប្រតិបត្តិការក្នុងដំណាក់កាលថ្មី។ឈរលើសមិទ្ធិផលដែលសម្រេចបាន ភាគីទាំងពីរបានប្តេជ្ញាចិត្តនាំទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម - រុស្ស៊ី ឡើងកំពស់ថ្មីប្រកបដោយគុណភាព។ តាមនោះ ទាក់ទិននឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ភាគីទាំងពីរបានអះអាងថា កិច្ចសហប្រតិបត្តិការលើវិស័យការ ពារជាតិ និងសន្តិសុខបន្តជាសសរស្តម្ភសំខាន់ក្នុងការអភិវឌ្ឍទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - រុស្ស៊ី។
ភាគីទាំងពីរបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងឆ្លៀតយករាល់សក្តានុពល និងឱកាសដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម; ពង្រីកនិងធ្វើពិពិធកម្មវិស័យវិនិយោគវៀតណាមនៅរុស្ស៊ី និងការវិនិ យោគរបស់រុស្ស៊ីនៅវៀតណាម; ត្រៀមខ្លួនជាស្រេចដើម្បីជួយសម្រួល និងគាំទ្រដល់អាជីវកម្មនៃប្រទេសទាំងពីរលើបណ្តាកិច្ចសហប្រតិបត្តិការ។ ភាគីទាំងពីរបានឯកភាពចរចារជាបន្ទាន់ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាលស្តីពីការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរនៅ វៀតណាម។ លើសពីនេះ ភាគីទាំងពីរបានឯកភាពពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងបណ្តុះបណ្តាល ព្រមទាំងអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។ ភាគីទាំងពីរបានឯកភាពជំរុញការស្រាវជ្រាវ ផ្សព្វផ្សាយ និងបង្រៀនភាសាវៀតណាមនៅរុស្ស៊ី និងភាសារុស្ស៊ីនៅវៀតណាម។
លើបញ្ហាអន្តរជាតិ ភាគីទាំងពីរបានបញ្ជាក់ពីការត្រៀមខ្លួន ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍អន្តរជាតិ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមសន្តិសុខប្រពៃណី និងមិនមែនប្រពៃណី។ ភាគីទាំងពីរបានឯកភាពបន្តអភិវឌ្ឍកិច្ចសហប្រតិបត្តិការលើវិស័យប្រយុទ្ធប្រឆាំងភេរវកម្មអន្តរជាតិ និងហិរញ្ញប្បទានភេរវកម្មអន្តរជាតិ; គាំទ្រកិច្ចខិតខំប្រឹងប្រែងអន្តរជាតិលើការគ្រប់គ្រងអាវុធ ការរំសាយអាវុធ និងការមិនរីកសាយភាយនៃអាវុធប្រល័យលោក; អះអាងបន្តអនុវត្តវិធានការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ ទន្ទឹមនឹងនោះ ភាគីទាំងពីរបានឯកភាពសម្របសម្រួលដើម្បីធានាសន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍ អាកាសចរណ៍ និងពាណិជ្ជកម្ម គាំទ្រការអត់ធ្មត់ មិនប្រើកម្លាំង ឬគម្រាមប្រើកម្លាំង និងដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ សហព័ន្ធរុស្ស៊ីគាំទ្រការអនុវត្តពេញលេញ និងប្រកបដោយប្រសិទ្ធភាពនៃសេចក្តីថ្លែងការណ៍ឆ្នាំ ២០០២ ស្តីពីការប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (DOC) ឆ្នាំ ២០០២ និងស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីរួមចំណែកបង្កើតបរិយាកាសអំណោយផលសម្រាប់ដំណើរការចរចារប្រកបដោយប្រសិទ្ធភាព និងខ្លឹមសារសំខាន់នៃក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ស្របតាមច្បាប់អន្តរជាតិ ក្នុងនោះមាន UNCLOS ឆ្នាំ ១៩៨២ ផងដែរ។ រុស្ស៊ីវាយតម្លៃខ្ពស់ចំពោះគោលជំហរតុល្យភាពនិងបរានុម័តរបស់វៀតណាមចំពោះបញ្ហាអ៊ុយក្រែន តាមនោះ ត្រូវដោះស្រាយជម្លោះនិងការខ្វែងគំនិតដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ; ស្វាគមន៍ការត្រៀមខ្លួនរបស់វៀតណាមក្នុងការចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងអន្តរជាតិដែលមានភាគីពាក់ព័ន្ធដើម្បីស្វែងរកដំណោះស្រាយសន្តិភាពយូរអង្វែងចំពោះជម្លោះអ៊ុយក្រែន។
ភាគីទាំងពីរជឿជាក់ថា ការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវទិសដៅសំខាន់ៗដែលបានអនុម័តក្នុងសេចក្តីថ្លែងការណ៍រួមនេះនឹងពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណី បង្កើតកម្លាំងចលករថ្មីដ៏រឹងមាំសម្រាប់ការអភិវឌ្ឍនិងលើកកំពស់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងរុស្ស៊ីក្នុងដំណាក់កាលប្រវត្តិសាស្ត្រថ្មី៕