បទយកការណ៍ឯកទេស

សិល្បៈច្រៀង កាទ្រូ (Ca Tru) - បេតិកភណ្ឌវប្បធម៌ "តន្ត្រីបន្ទប់" របស់ប្រជាជនវៀតណាម

ពីស្ថានភាពប្រឈមមុខនឹងហានិភ័យនៃការបាត់បង់ បន្ទាប់ពី ១៣ ឆ្នាំ ចាប់តាំងពីសិល្បៈច្រៀង កូទ្រូ (Ca Tru) ត្រូវបានទទួលស្គាល់ដោយអង្គការយូណេស្កូជាបេតិកភណ្ឌវប្បធម៌អរូបីដែលត្រូវការការពារជាបន្ទាន់ សិល្បៈច្រៀង កាទ្រូ (Ca Tru) របស់វៀតណាមបានជម្នះការលំបាកនិងឧបសគ្គជាច្រើន ដើម្បីអះអាងនូវការពង្រីក​និង​ពង្រឹងដ៏រឹងមាំរបស់សិល្បៈនេះ។ 

ពីស្ថានភាពប្រឈមមុខនឹងហានិភ័យនៃការបាត់បង់ បន្ទាប់ពី ១៣ ឆ្នាំ ចាប់តាំងពីសិល្បៈច្រៀង កាទ្រូ (Ca Tru) ត្រូវបានទទួលស្គាល់ដោយអង្គការ​យូណេស្កូជាបេតិកភណ្ឌវប្បធម៌អរូបីដែលត្រូវការការពារជាបន្ទាន់ សិល្បៈច្រៀង កាទ្រូ (Ca Tru) របស់វៀតណាមបានជម្នះការលំបាកនិងឧបសគ្គជាច្រើន ដើម្បីអះអាងនូវការពង្រីក​និង​ពង្រឹងដ៏រឹងមាំរបស់សិល្បៈនេះ។ មកទល់នឹងពេលនេះ សិល្បៈប្រពៃណីច្រៀង  កាទ្រូ (Ca Tru) ត្រូវបានរស់ឡើងវិញយ៉ាងខ្លាំងក្លា ទាក់ទាញការចាប់អារម្មណ៍ជាពិសេសសម្រាប់យុវវ័យ ហើយចំនួនក្លឹបច្រៀងកាទ្រូ (Ca Tru) កាន់​តែ​កើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

ភាព​ថ្លៃថ្នូរនៃសិល្បៈច្រៀង​ កាទ្រូ (Ca Tru)

សិល្បៈច្រៀង​ កាទ្រូ (Ca Tru) គឺជា​សិល្បៈមួយ​ប្រភេទដែលមានប្រវត្តិដ៏យូរលង់ណាស់ អត្ថន័យពិសេស និងភាពពិសេសក្នុងកំណប់តន្ត្រីរបស់​វៀតណាម​។​ វាបានផ្សារភ្ជាប់ជាមួយនឹងពិធីបុណ្យ ទំនៀមទម្លាប់ ជំនឿ អក្សរសិល្ប៍ តន្ត្រី គំនិត ទស្សនវិជ្ជារបស់ប្រជាជនវៀតណាម។

រហូតមកដល់ពេលនេះ គ្មាននរណាម្នាក់ដឹងច្បាស់ថា សិល្បៈ​ច្រៀង​កាទ្រូ (Ca Tru) បាន​បង្កើតនៅពេលណានោះទេ គ្រាន់តែដឹងថា វាចាប់ផ្តើមពេញនិយមនៅសតវត្សទី ១៥ ។ ពីមុន សិល្បៈ ច្រៀង​កាទ្រូ (Ca Tru) ត្រូវបានផ្សារភ្ជាប់ជាមួយនឹងសកម្មភាពរបស់ក្រុម ឬអង្គការប្រកបមុខរបរ​ច្រៀង​។ ទន្ទឹម​នឹង​នេះ​ ការសម្តែងសិល្បៈ​​ច្រៀង​ ​កាទ្រូ (Ca Tru) បាន​រៀបចំក្នុង​លំហ​នៃវត្ត ​អារាម ទីសក្ការៈបូជា​ដូនតា។ ហេតុ​ដូច្នេះ ​សិល្បៈច្រៀង ​កាទ្រូ (Ca Tru) មិនត្រឹមតែបានរួមចំណែកក្នុងសកម្មភាពវប្បធម៌របស់សហគមន៍ភូមិ របស់អ្នក​ប្រាជ្ញាប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកក្នុងសកម្មភាពពិធីការរបស់រដ្ឋសក្តិភូមិ ក្នុងពិធីទទួលស្វាគមន៍ការទូតផងដែរ។


សិល្បៈច្រៀង​ កាទ្រូ (Ca Tru) មានទម្រង់ច្រៀងដ៏សម្បូរបែប និងចម្រុះ។ បទចម្រៀងភាគ​ច្រើន​គឺ​ស្នាដៃកំណាព្យដ៏គំរូរបស់ប្រជាជនវៀតណាម ប៉ុន្តែការពេញនិយមបំផុតគឺនៅតែរបៀប "ច្រៀង និងនិយាយ" ។ ពាក្យ​និង​ទំនុក​ច្រៀង​របស់សិល្បៈច្រៀង​  កាទ្រូ (Ca Tru) មិនសូវ​មាន​ច្រើន​ពាក្យ​ ប៉ុន្តែ​វាសម្បូរ​ទៅ​ដោយ​អត្ថន័យ និង​ផ្ទុកមនោសញ្ចេតនា។ ខ្លឹមសារនៃបទចម្រៀង​ កាទ្រូ (Ca Tru) មានគ្រប់បែបយ៉ាង ចាប់ពីបទចម្រៀងដ៏​រ៉ូមែនទិច រហូតដល់​បទ​ចម្រៀងអំពីវីរភាព ទស្សនវិជ្ជា ដំបូន្មាន... ដូច្នេះហើយ ក្នុងសិល្បៈច្រៀង​  កាទ្រូ (Ca Tru) ចាប់ពីអ្នកនិពន្ធ (តែងទំនុកច្រៀង) សិល្បការិនី​ច្រៀង សិល្បករ​លេង​ឧបករណ៍​ភ្លេង​  រហូតដល់ទស្សនិកជន (មន្ត្រីរាជការ) ដែលជាបញ្ញវន្ត អ្នកមានទេពកោសល្យខាងតែងកំណាព្យ និងតន្ត្រី។

ការច្រៀង​  កាទ្រូ (Ca Tru) គឺជា​​ប្រភេទសិល្បៈមួយពោរពេញទៅ​ដោយលក្ខណៈតន្ត្រី​បន្ទប់ ហើយមានការរួមផ្សំគ្នាយ៉ាអស្ចារ្យ​រវាងកំណាព្យ និងតន្ត្រី ពេលខ្លះថែមទាំងការរាំ និងការសម្តែងល្បែងទៀតផង។

ព្រលឹងនៃសិល្បៈច្រៀង កាទ្រូ (Ca Tru) គឺសិល្បការិនីច្រៀងដែល​បានបណ្តុះបណ្តាលយ៉ាងល្អនិង​ហ្មត់ចត់ ហេតុ​ដូច្នេះ​ពួក​គេ​ត្រូវ​ចេះច្រៀង​ផង និងគោះចង្វាក់ បច្ចេកទេសច្រៀងប្រកបដោយផ្ចិតផ្ចង់ និងមាន​ការយកចិត្តទុកដាក់​លើ​ពាក្យនិង​ឃ្លានិមួយៗ។ បន្ទាប់​មក​គឺ​តន្ត្រីករ​ដែល​គេ​ចាត់ទុក​​ជាថា​អ្នកលេង​ចាប៉ី។ ​តន្ត្រីករ​រូបនេះលេង​សំនៀង​ជួនកាល​ចុះជួនកាលឡើង ជួនកាល​ស្រុះស្រួល​តាម​សំសម្លេង​សិល្បការិនី ច្រៀង ។ ផ្នែក​មួយ​ទៀត​ដែល​មិន​អាច​ខ្វះ​បាន​គឺទស្សនិកជន​ដែលគេ​ហៅ​ថា​មន្ត្រីរាជការ។ ក្នុង​ចំណោម​មន្ត្រីរាជការ​ទាំង​នោះ អ្នក​ចេះ​សំឡេងភ្លេង របាំ​ជាដើម  ត្រូវ​បាន​អញ្ជើញ​ឲ្យ​អង្គុយ​កាន់​ស្គរ​។ អ្នកកាន់​ស្គរ​​ដើរតួនាទី​ជាអ្នកស្តាប់សំឡេងនិងបង្ហាញ​អារម្មណ៍ចំពោះ​ការច្រៀងកាទ្រូ (Ca Tru)  រក្សា​ចង្វាក់ និង​ក៏​សំដែង​ការ​សរសើរ​-​រិះគន់ ផ្តល់​រង្វាន់​-​ ការផាកពិន័យ តាមរយៈ​ការ​វាយ​ស្គរ​រាល់​ពេល​ស្តាប់​សិល្បការិនីច្រៀងនិង​តន្ត្រី​ករសម្តែង ។ ដូច្នេះហើយ រាល់ពេលដែលស្តាប់ សិល្បការិនី​ច្រៀងពេលខ្លះ ឡើង ពេល​ខ្លះចុះ ពេលខ្លះរឹងមាំ ពេលខ្លុះទន់ភ្លន់ ... មន្ត្រីរាជការនឹងអាស្រ័យលើអារម្មណ៍របស់ខ្លួន ដើម្បីមានរបៀបគោះស្គរផ្សេងៗ។.. ហេតុ​នេះ​ការ​វាយ​ស្គរ​បង្ហាញ​យ៉ាង​ច្បាស់​ពី​សមត្ថភាពរបស់​អ្នក​ទស្សនា​ ក៏​ដូច​ជា​ទេព​កោសល្យ​របស់​សិល្បការិនីនិង​សិល្បករ​សម្តែង។

អាចនិយាយបានថា ការទស្សនាការសំដែងច្រៀង កាទ្រូ (Ca Tru) មួយ យើងអាចមើលឃើញថា មិនត្រឹមតែមានភាពប៉ិនប្រសប់ ទេពកោសល្យ ភាពឆើតឆាយប៉ុណ្ណោះទេ ថែមទាំងមានភាពប្រណិត និងភាពថ្លៃថ្នូរផងដែរ ដូចជាពិធី Geisha ប្រពៃណីរបស់ជនជាតិជប៉ុន និង​​​ដូចការសម្តែង Opera ដ៏រំភើប​ចិត្តរបស់​លោក​ខាង​លិច ​ ។ ទោះបីជាវាត្រូវបានចាត់ទុកថាជាប្រភេទសិល្បៈរបស់បញ្ញវន្តដែលមានឥទ្ធិពលយ៉ាងខ្លាំងដល់តន្ត្រីប្រពៃណីរបស់វៀតណាមក៏ដោយ ប៉ុន្តែ​សិល្បៈច្រៀង​ កាទ្រូ (Ca Tru) ក៏មានដំណើរការឡើង​ចុះ​ក្នុងប្រវត្តិសាស្ត្រ សូម្បីតែពេលខ្លះប្រឈមមុខនឹងហានិភ័យនៃការបំបាត់​ជាបណ្តើរៗ។ ដូច្នេះក្នុង ឆ្នាំ ២០០៩ អង្គការយូណេស្កូបានចុះបញ្ជីសិល្បៈច្រៀង​ កាទ្រូ (Ca Tru) ជាបេតិកភណ្ឌវប្បធម៌អរូបី ដែលត្រូវការការការពារជាបន្ទាន់។ ចាប់តាំងពីពេលនោះមក ដោយការខិតខំប្រឹងប្រែងឥតឈប់ឈររបស់ស្ថាប័ន​សមត្ថកិច្ច អង្គការអន្តរជាតិ និងជាពិសេសសិល្បករ សិល្បការិនី និងអ្នកស្រឡាញ់សិល្បៈ ច្រៀង​ កាទ្រូ (Ca Tru) សិល្បៈប្រភេទនេះបានរស់ឡើងវិញជាបណ្តើរៗ។

ភ្ញៀវស្តាប់ក្លឹបច្រៀង​ កាទ្រូ  (Ca Tru) ថាំងឡុង​ (Thang Long) ណែនាំអំពីសិល្បៈ ច្រៀង​ កាទ្រូ  (Ca Tru) មុនពេលទស្សនាការសម្តែង។ រូបថត៖ តាតសឺន/VNP

ការរស់ឡើងវិញនៃសិល្បៈច្រៀង​ កាទ្រូ  (Ca Tru)

នៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២០ Google បានដាក់រូបភាពនៃកន្លែងសម្តែងសិល្បៈច្រៀង​ កាទ្រូ (Ca Tru) របស់វៀត​​ណាម នៅលើ Google Doodle ដូចជាការលើកតំកើងប្រភេទសិល្បៈពិសេស​មួយរបស់ពិភពលោក។ នៅក្នុងការណែនាំអំពី​សិល្បៈនេះ នៅក្រោមរូបភាពពណ៌ភ្លឺបង្ហាញពីសិប្បករ សិល្បការិនី​ សិល្បៈច្រៀងកាទ្រូ (Ca Tru) បីនាក់អង្គុយនៅលើកន្ទេលផ្កា។ គេហទំព័រ Google បានណែនាំថា៖ សិល្បៈច្រៀង​ កាទ្រូ (Ca Tru)  គឺជាប្រភេទតន្ត្រីប្រពៃណីដែលធ្លាប់ពេញ​និយម​នៅប្រទេសវៀតណាម ក្នុង​សម័យមុន។ គ្រាដំបូងឡើយ វាគឺជាការកម្សាន្តដ៏ពេញនិយមសម្រាប់ពួកអភិជនក្នុងព្រះបរមរាជវាំង បន្ទាប់មកបន្តិចម្តងៗ វាបានរីកចម្រើនក្នុងជីវិតរបស់ប្រជាពលរដ្ឋនៃទីក្រុងហាណូយ (Ha Noi)។ ការអភិរក្សសិល្បៈ ច្រៀង​ កាទ្រូ (Ca Tru)   គឺពិបាកខ្លាំងណាស់ ដោយសារការបង្រៀន​នូវ​​របៀបច្រៀង ដែលត្រូវបានរក្សាភាពសម្ងាត់ តាមទំនៀមទម្លាប់ប្រពៃណីផ្ទាល់មាត់រពីសិល្បករ សិល្បការិនីចាស់។ សំណាង​ល្អណាស់​ដែល​ប្រភេទសិល្បៈ​នេះ​ទើប​បានរស់ឡើងវិញ ដោយសារកិច្ចខិតខំប្រឹងប្រែងនិង​ការយកចិត្តទុកដាក់របស់អង្គការរដ្ឋ និងទីភ្នាក់ងារអន្តរជាតិ។

យោងតាមលទ្ធផលនៃការស្ទង់មតិ នាពេលថ្មីៗនេះ សិល្បៈច្រៀង​ កាទ្រូ (Ca Tru) បានស្តារៈឡើងវិញយ៉ាងខ្លាំងទាំងទ្រង់ទ្រាយនិងគុណភាពនៅក្នុងតំបន់ជាច្រើន នៅទូទាំងប្រទេស​​។ យោងតាមស្ថិតិមិនពេញលេញរបស់អ្នកស្រាវជ្រាវ ក្នុងឆ្នាំ ២០១០ មានក្លឹប ច្រៀង​ កាទ្រូ (Ca Tru) ប្រហែល ៦៣ នៅទូទាំងប្រទេសដែលមានសិល្បករប្រហែល ៧៦៩ នាក់ (ក្នុងនោះមានសិល្បការនីច្រៀងចំនួន  ៥១៣ នាក់ សិល្បករ សិល្បការិនី​លេង​ចាប៉ីនិងអ្នកវាយស្គរចំនួន ២៥៦ នាក់)។ ក្លឹបទាំងនេះដំណើរការយ៉ាងទៀងទាត់ និងមានផែនការហាត់ច្រៀង​  និងប្រគល់បន្តរបៀបច្រៀង​ កាទ្រូ (Ca Tru) ដល់មនុស្សជំនាន់ក្រោយ។


លើសពីនេះ វិទ្យាស្ថានតន្ត្រីជាតិវៀតណាមក៏កំពុងរក្សាទុករបាំច្រៀង​ កាទ្រូ (Ca Tru) ចំនួន ៧ បទ ចម្រៀង កាទ្រូ (Ca Tru) ចំនួន ៤២ អត្ថបទ​សរសេរអក្សរ ហាន - ណូម(Han Nom) ២៦ បទអំពី ច្រៀង​ កាទ្រូ (Ca Tru) និងសៀវភៅប្រហែល ២៥ ក្បាលដែលសរសេរអំពីច្រៀង​ កាទ្រូ (Ca Tru) ។ នេះគឺជាធនធានដ៏មានតម្លៃណាស់សម្រាប់ការស្រាវជ្រាវ អភិរក្ស និងអភិវឌ្ឍន៍ច្រៀង កាទ្រូ​ (Ca Tru) ចំពោះស្ថាប័ន​មាន​សមត្ថកិច្ច និងអ្នកស្រាវជ្រាវ។

សិល្បៈ ច្រៀង​ កាទ្រូ (Ca Tru) មានវត្តមានក្នុងខេត្ត ក្រុងចំនួន ១៤ ដូចជា៖ រដ្ឋធានី ហាណូយ (Ha Noi) ខេត្ត ភូថ (Phu Tho) ខេត្ត វិញភុក (Vinh Phuc) ខេត្ត​ បាក​និញ ( Bac Ninh) ខេត្ត ហាយយឿង (Hai Duong) ខេត្ត ហ៊ឹងអៀន (Hung Yen) ខេត្ត ហាយផុង (Hai Phong)  ខេត្ត ថៃប៊ិញ (Thai Binh) ខេត្ត ណាមឌិញ (Nam Dinh) ខេត្ត ថាញ់ហ័រ (Thanh Hoa) Ha Tinh ងេអាន (Nghe An) ហាទិញ (Ha Tinh) ក្វាងប៊ិញ (Quang Binh) និងទីក្រុង​ហូជីមិញ (Ho Chi Minh)។


រដ្ឋធានីហាណូយ (Ha Noi) ត្រូវបានចាត់ទុកថាជា្រុក​កំណើត​នៃសិល្បៈច្រៀង កាទ្រូ (Ca Tru) ហើយក៏ជាតំបន់ឈានមុខគេផងដែរក្នុងការរៀបចំ ការស្រាវជ្រាវ និងចំនួនសិល្បករ សិល្បការិនីដែលមានទេពកោសល្យ។ ក្នុងឆ្នាំ ២០០៩ រដ្ឋធានីហាណូយ (Ha Noi) មានក្លឹបច្រៀង កាទ្រូ (Ca Tru) ត្រឹមតែ ៩ ក្លឹបប៉ុណ្ណោះ ហើយឥឡូវនេះមានក្លឹបចំនួន ១៦ ដែលក្នុងនោះ ៥០ នាក់មានសមត្ថភាពបង្រៀន និង ២២០ នាក់កំពុងច្រៀងនៅគ្រឹះស្ថាន។ សិល្បៈច្រៀង​ កាទ្រូ (Ca Tru) នៃរដ្ឋធានីហាណូយ (Ha Noi) មិនត្រឹមតែមានការរីកចម្រើនលើចំនួនក្លឹបប៉ុណ្ណោះទេ ថែមទាំងលើគុណភាពនៃការរៀបចំ ការបណ្តុះបណ្តាល និងការសម្តែងផងដែរ។ ក្លឹបនានាបានស្រាវជ្រាវ និងស្តារឡើងវិញនូវការសម្តែង​បទចម្រៀង ប្រពៃណី និងរបាំបុរាណជាង ៣០។ ក្រៅពីនោះ ការនិពន្ធបទភ្លេងថ្មីជាង ១៨ បទ ដើម្បីបម្រើភ្ញៀវទេសចរណ៍ក្នុងស្រុក និងបរទេស។

ប្រសិនបើកាលពីមុន ក្លឹបស្ទើរតែគ្មានកន្លែងជាក់លាក់សម្រាប់ការសម្តែង ហើយការសម្តែងមិនទៀងទាត់ ប៉ុន្តែឥឡូវនេះមានកន្លែង កាលវិភាគសម្តែង និងកាលវិភាគបង្រៀនក្នុងអំឡុងខែមួយៗ។ ជាឧទាហរណ៍ កន្លែងសម្តែងនៅ ប្រាសាទ ក្វាន​ដេ (Quan De) អារាម គីមង៉ឹន (Kim Ngan) ... ​រៀបចំ​ការសម្តែងជារៀងរាល់សប្តាហ៍ ដោយទាក់ទាញប្រជាជន និងភ្ញៀវទេសចរយ៉ាងច្រើនកុះករឱ្យមកកម្សាន្ត។

ក្លឹបច្រៀង​ កាទ្រូ (Ca Tru) ដ៏ល្បីល្បាញមួយចំនួន​នៅ​រដ្ឋធានីហាណូយ (Ha Noi) រួមមាន៖ ក្លឹបច្រៀង​ កាទ្រូ (Ca Tru) ហាណូយ (ដំណើរការនៅអារាម គីមង៉ឹន (Kim Ngan)​ ខណ្ឌ ហ័ន​គៀម (Hoan Kiem))  ក្លឹបច្រៀង​ កាទ្រូ (Ca Tru) ថាយហា (Thai Ha) (លេខ ២៧ ផ្លូវ ធុយឃុវ(Thuy Khue) ខណ្ឌ តីហូ (Tay Ho))  ក្លឹបច្រៀង​ កាទ្រូ (Ca Tru) ឡូ​ខេ (Lo Khe) (ខណ្ឌ ដុង​អាញ (Dong Anh)​)​ ក្លឹប ច្រៀង​ កាទ្រូ (Ca Tru) ដុងជឹ (Dong Chu) (ស្រុក ជឿងមី (Chuong My)) ក្នុងចំណោមនោះ ក្លឹបច្រៀង​  កាទ្រូ (Ca Tru) ថាយហា (Thai Ha) ជាក្លឹបល្បីមួយ នៅអតីតរាជធានី រហូតមកដល់ពេលនេះមាន ៧ ជំនាន់​ច្រៀង និងបង្រៀនការច្រៀង កាទ្រូ (Ca Tru) ។ ចាប់តាំងពីបង្កើតឡើងមក ក្លឹបនេះមានសកម្មភាពជាច្រើន ដើម្បីរស់ឡើងវិញនូវសិល្បៈច្រៀង​ កាទ្រូ (Ca Tru) ដោយរៀបចំការសំដែងជាប្រចាំ នៅកន្លែងជាច្រើន និងក្នុងព្រឹត្តិការណ៍វប្បធម៌ពិសេសផងដែរ។ ជាពិសេស ក្លឹបក៏ត្រូវបានឧបត្ថម្ភដោយមូលនិធិ Ford និងនាយកដ្ឋានសិល្បៈសម្តែង ដើម្បីចូលរួមបង្រៀនការច្រៀង កាទ្រូ (Ca Tru) ដល់ក្លឹបជិត ៣០ ក្នុងស្រុក។ ជនបរទេសជាច្រើនមកពីចក្រភពអង់គ្លេស បារាំង និងអាមេរិក​ក៏មករៀន ឬស្វែងយល់​ឯកសារ ដើម្បីស្រាវជ្រាវ ឬធ្វើនិក្ខេបបទស្តីពីសិល្បៈ កាទ្រូ (Ca Tru)...

ឆ្លងកាត់ដំណើរការ​លំបាក យក​ឈ្នះលើឧបសគ្គជាច្រើន និងសូម្បីតែមានការរើសអើងអវិជ្ជមានក្នុងសង្គម ប៉ុន្តែសិល្បៈច្រៀង​ កាទ្រូ (Ca Tru) របស់វៀតណាមបានឆ្លងកាត់បន្តិចម្តងៗ នូវពេលវេលាដ៏លំបាកមួយ ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ពី​ទស្សនិកជន ដោយ​សារ​អត្តសញ្ញាណនិង​សោភណ្ឌភាពនៃសិល្បៈប្រភេទនេះ។ ជាមួយនឹងការងើបឡើងវិញដ៏រឹងមាំនោះ គេសង្ឃឹមថា សិល្បៈច្រៀង​ កាទ្រូ (Ca Tru) នឹងត្រូវដកចេញពីបញ្ជីការពារជាបន្ទាន់តាមការព្រមានរបស់អង្គការយូណេស្កូ ដើម្បីឱ្យវាអាចអភិវឌ្ឍប្រកបដោយនិរន្តរភាព និងលើកតម្កើងតន្ត្រីរបស់ប្រទេសជាតិ ប្រជាជាតិ ./.

ការសម្តែង​ច្រៀងកាទ្រូ (Ca Tru) ​នៅឯប្រាសាទ ក្វាន​ដេ ( Quan De ) រដ្ឋធានី​ហាណូយ (Ha Noi) ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​បរទេស​យ៉ាង​ច្រើន​កុះករ។ រូបថត៖ តាតសើន/VNP

អត្ថបទ៖ ថាវវី រូបថត៖ តាតសឺន កុងដាត

ប្រែសម្រួលដោយ​ង្វៀន​យ៉ាង


top