សាស្រ្តាចារ្យរង បណ្ឌិត ត្រឹន តឹនវ៉ាន់ (Tran Tan Van) ជាអ្នកមានគុណបំណាច នាំយកឧទ្យានភូគព្ភសាស្រ្តរបស់វៀតណាម ចេញទៅពិភពលោក។ រូបថត៖ តឹតសឺន/កាសែតរូបភាពវៀតណាម
តាមសាស្រ្តាចារ្យរង បណ្ឌិត ត្រឹន តឹនវ៉ាន់ (Tran Tan Van) សំណុំឯកសារបេតិកភណ្ឌវប្បធម៌ និង ធម្មជាតិពិភពលោក ប្រជុំរម្មណីយដ្ឋានត្រាងអាន (Trang An) បានកសាងក្នុងរយៈពេលខ្លី ប្រញាប់ និង ស្វាហាប់ ជាសំណុំឯកសារមួយក្នុងសំណុំឯកសារ “ឆ្អឹង” ពិបាកធ្វើបំផុត យកចិត្តទុកដាក់បំផុត ហើយមិនទាន់មានសំណុំឯកសារណាមួយ ដែលអាចការពារវាបាន លោកមានអារម្មណ៍មួយ ដូចជាបានចូលរួម “សមរភូមិវាយសំរុកធំមួយ"។
ក្នុងដំណើរការបង្កើតសំណុំឯកសារបេតិកភណ្ឌពិភពលោក ស្វែងរកតម្លៃលេចធ្លោសកលលោក និង លើកទឡ្ហីករណ៍ តាមរយៈវិភាគប្រៀបធៀបនឹងនាមឋានផ្សេងៗលើពិភពលោក គឺជាការងារពិបាកបំផុត។ ទន្ទឹមនោះត្រូវស្វែងរកវិធីមួយ ដើម្បីតភ្ជាប់នឹងតម្លៃលេចធ្លោសកលលោក ជាមួយនឹងគ្នា ដោយរបៀបមួយដ៏រស់រវើក។ និយាយបែបមួយផ្សេង ត្រូវនិទានរឿងរ៉ាវពិសេសមួយ ទាក់ទាញ បញ្ចុះបញ្ចូល ហើយមិនទាន់មាននរណានិទានរឿងនេះ គឺជាបញ្ហាប្រឈមពិបាកមួយ ចំពោះក្រុមអ្នកកសាងសំណុំឯកសារបេតិកភណ្ឌពិភពលោក ក្នុងនោះមាន សាស្រ្តាចារ្យរង បណ្ឌិត ត្រឹន តឹនវ៉ាន់ (Tran Tan Van)។
ក្នុងដំណើរការបង្កើតសំណុំឯកសារបេតិកភណ្ឌ ត្រាងអាន (Trang An) និង ការពារសំណុំឯកសារ នៅចំពោះមុខមហាគណៈកម្មការអង្គការ UNESCO សាស្រ្តាចារ្យរង បណ្ឌិត ត្រឹន តឹនវ៉ាន់ (Tran Tan Van) បានធ្វើការជាមួយនឹងអ្នកវិទ្យាសាស្រ្តអន្តរជាតិជាច្រើនដូចជា៖ សាស្រ្តាចារ្យ Paul Dingwall (ជនជាតិ New Zealand) - អ្នកជំនាញលំដាប់នៃអង្គការ UNESCO/IUCN និងជា “មេបញ្ជាការ” ក្នុងការងារកសាងសំណុំឯកសារត្រាងអាន (Trang An) សាស្រ្តាចារ្យ Paul Williams - អ្នកជំនាញភូគព្ភសាស្រ្ត បណ្ឌិត Ryan Rabett (សកលវិទ្យាល័យ Cambridge) - បុរាណវិទូ។ល។ ចំណាយពេលប៉ុន្មានខែដើមឆ្នាំ សាស្រ្តាចារ្យរង បណ្ឌិត ត្រឹន តឹនវ៉ាន់ (Tran Tan Van) និងក្រុមការងារសង្កេតត្រួតពិនិត្យផង ពិភាក្សានឹងក្រុមអ្នកជំនាញពីគ្រោះអន្តរជាតិផង ដើម្បីស្វែងរកតម្លៃលេចធ្លោសកលលោក និង ស្វែងរក “រឿងរ៉ាវ” តភ្ជាប់ជាមួយគ្នា។
សំណុំឯកសារត្រាងអាន (Trang An) បានដាក់ជូន អង្គការ UNESCO ជាផ្លូវការនៅខែមករា ឆ្នាំ២០១៣។ កាលពីខែសីហា ឆ្នាំ២០១៣ ក្រុមអ្នកជំនាញការត្រួតពិនិត្យនៃអង្គការ UNESCO ចាប់ផ្តើមធ្វើការ និង ផ្ញើរបាយការណ៍វាយតម្លៃ នៅខែមីនា ឆ្នាំ២០១៤។ ក៏ប៉ុន្តែ លទ្ធផលវាយតម្លៃមិនសូវបានល្អ ហើយ IUCN, ICOMOS ស្នើដាក់កម្រិត D - ឱ្យបង្កើតសំណុំឯកសារឡើងវិញ។ ជាមួយនឹងលទ្ធផលនេះ ប្រសិនបើធ្វើសំណុំឯកសារឡើងវិញ ត្រួតពិនិត្យជាក់ស្តែងឡើងវិញ នឹងត្រូវចំណាយពេលប្រហែល១០ឆ្នាំទៀត។ ហេតុនេះ សាស្រ្តាចារ្យរង បណ្ឌិត ត្រឹន តឹនវ៉ាន់ (Tran Tan Van) សាស្រ្តាចារ្យ Paul Dingwall និង ក្រុមការងារបានរួមគ្នាស្រាវជ្រាវរបាយការណ៍វាយតម្លៃ ហើយសម្រេចចិត្តត្រូវ “ប្រយុទ្ធ” ពេលយល់ឃើញថាអាចបកស្រាយបាន។
សាស្រ្តាចារ្យរង បណ្ឌិត ត្រឹន តឹនវ៉ាន់ (Tran Tan Van) រៀបរាប់ថា៖ “យើងខ្ញុំត្រូវស្វែងរកគុណវិបត្តិ នៅក្នុងរបាយការណ៍នៃ IUCN និង ICOMOS ត្រូវបញ្ចុះបញ្ចូលថាសំណុំឯកសារត្រាងអាន (Trang An) សក្តិសមបានបញ្ចុះឈ្មោះ។
ក្នុងកិច្ចចរចានៅ Doha សមាជិកទាំង២១នាក់ នៃគណៈកម្មការប្រតិបត្តិការ នៃអង្គការ UNESCO សុទ្ធតែបោះឆ្នោតគាំទ្រត្រាងអាន (Trang An) ជាបេតិកភណ្ឌវប្បធម៌ និង ធម្មជាតិពិភពលោក ជំទាស់ប្រឆាំងចំពោះរបាយការណ៍វាយតម្លៃ នៃស្ថាប័នពិគ្រោះពីរ នៃអង្គការ UNESCO - ជាករណីមួយមិនដែលជួបប្រទះ។ ត្រាងអាន (Trang An) ក្លាយជាបេតិកភណ្ឌចម្រុះដំបូងបង្អស់ និង តែមួយគត់របស់វៀតណាម និង តំបន់អាស៊ីអាគ្នេយ៍ រហូតដល់រយៈពេលនេះ។
សាស្រ្តាចារ្យរង បណ្ឌិត ត្រឹន តឹនវ៉ាន់ (Tran Tan Van) ជាប្រធានអនុគណៈកម្មការជំនាញ អំពីឧទ្យានភូគព្ភសាស្រ្តពិភពលោកវៀតណាម ចំណុះគណៈកម្មការជាតិ UNESCO វៀតណាម សមាជិកនៃគណៈកម្មការពីគ្រោះបណ្តាញឧទ្យានភូគព្ភសាស្រ្តពិភពលោក UNESCO។ លោកបានចូលរួមកសាងសំណុំឯកសារមួយ អំពីបេតិកភណ្ឌពិភពលោក និង ឧទ្យានភូគព្ភសាស្រ្តពិភពលោក UNESCO ដូចជាខ្ពង់រាបថ្ម ដុងវ៉ាន់ (Dong Van) (ខេត្តហាយ៉ាង - Ha Giang) ប្រជុំរម្មណីយដ្ឋានត្រាងអាន (Trang An) (ខេត្តនិញប៊ិញ - Ninh Binh) ទឹកដីកាវបាំង (Cao Bang) ឧទ្យានភូគព្ភសាស្រ្ត ដាក់ណុង (Dak Nong) ឧទ្យានភូគព្ភសាស្រ្ត លីសឺន (Ly Son) - សាហ្វិញ (Sa Huynh) (ខេត្តក្វាងង៉ាយ - Quang Ngai)។
ក្រៅពីបេតិកភណ្ឌត្រាងអាន (Trang An) សាស្រ្តាចារ្យរង បណ្ឌិត ត្រឹន តឹនវ៉ាន់ (Tran Tan Van) បានផ្សារភ្ជាប់នឹងការកសាងសំណុំឯកសារឧទ្យានភូគព្ភសាស្រ្តពិភពលោក UNESCO មួយចំនួន ក្នុងនោះ មានឧទ្យានភូគព្ភសាស្រ្តខ្ពង់រាបដុងវ៉ាន (Dong Van) ខេត្តហាយ៉ាង (Ha Giang)។ ពិបាកនឹងរៀបរាប់អស់អំពីទុក្ខលំបាក និង ការលះបង់នៃអ្នកបើកផ្លូវ កសាងសំណុំឯកសារសម្រាប់ឧទ្យានភូគព្ភសាស្រ្តពិភពលោកនៅវៀតណាម ដែលបានអង្គការ UNESCO ទទួលស្គាល់។
បន្តបេសកកម្មនៃអ្នកវិទ្យាសាស្រ្ត សាស្រ្តាចារ្យរង បណ្ឌិត ត្រឹន តឹនវ៉ាន់ (Tran Tan Van) សម្ពាយកាតាបធ្វើដំណើរដោយស្ងាត់ៗ ដើម្បីចូលរួមការងារធ្វើសំណុំឯកសារសម្រាប់ឧទ្យានភូគព្ភសាស្រ្តពិភពលោកដូចជា ដាក់ណុង (Dak Nong) លីសឺន (Ly Son) - សាហ្វិញ (Sa Huynh) ។ល។ បានអន្តរជាតិទទួលស្គាល់ ហើយនៅមានឧទ្យានភូគព្ភសាស្រ្តជាច្រើនទៀតទូទាំងប្រទេសវៀតណាម នឹងបន្តបន្ទាប់បានដាស់ក្រោកឡើង។ តំបន់ដីណាបើកចេញមានពាក់ព័ន្ធដល់ភូគព្ភសាស្រ្ត សុទ្ធតែមានស្នាមជើងរបស់លោក ជាមួយការត្រួតពិនិត្យ សិក្សាស្រាវជ្រាវ តភ្ជាប់នឹងអន្តរជាតិ។ សាស្រ្តាចារ្យរង បណ្ឌិត ត្រឹន តឹនវ៉ាន់ (Tran Tan Van) សង្ឃឹមថាការអនុវត្តវិទ្យាសាស្រ្តភូគព្ភសាស្រ្ត ចូលក្នុងជីវភាពរស់នៅ និង តភ្ជាប់តម្លៃបេតិកភណ្ឌ នៃតំបន់ដីនីមួយៗ ដែលផ្សារភ្ជាប់នឹងការរកស៊ីរស់នៅនៃប្រជាជន៕