ព័ត៌មាន

សារព័ត៌មានកម្ពុជាចុះផ្សាយព័ត៌មានជាច្រើនអំពីដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាកម្ពុជាសម្តេច ឃួន សុដារី មកកាន់ប្រទេសវៀតណាម

ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ទីភ្នាក់ងារសារព័ត៌មាន និងកាសែតធំៗ របស់កម្ពុជាដូចជា Fresh News, កម្ពុជាថ្មី និងទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) បានចុះផ្សាយព័ត៌មានជាច្រើនអំពីដំណើរទស្សនកិច្ចផ្លូវការមកកាន់ប្រទេសវៀតណាមចាប់ពីថ្ងៃទី ២៧-២៩ ខែកក្កដា របស់ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេច ឃួន សុដារី ដោយបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះរួមចំណែកដល់ការពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពប្រពៃណី សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។
កាសែត កម្ពុជាថ្មី បានចុះផ្សាយអត្ថបទមួយអំពីកិច្ចពិភាក្សារវាងប្រធានរដ្ឋសភា វៀតណាម លោក ត្រិន ថាញ់់មិន និងប្រធានរដ្ឋសភាកម្ពុជា សម្តេច ឃួន សុដារី ។ រូបថត៖ VNA

កាសែតកម្ពុជាថ្មីបានដកស្រង់ប្រសាសន៍របស់ប្រធានរដ្ឋសភាកម្ពុជាសម្តេច ឃួន សុដារី នៅក្នុងជំនួបពិភាក្សាជាមួយប្រធានរដ្ឋសភាវៀតណាម លោក ត្រឹន​ ថាញ់ មិន នៅថ្ងៃទី ២៨ ខែកក្កដា ដោយសង្កត់ធ្ងន់ថា ទំនាក់ទំនងសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរគឺជាសក្ខីភាពនៃស្មារតី "សាមគ្គីភាពបង្កើតកម្លាំងពលំ កិច្ចសហប្រតិបត្តិការនាំមកនូវអត្ថប្រយោជន៍ និងការសន្ទនាពង្រឹងទំនុកចិត្តនយោបាយ"។

ទន្ទឹមនឹងនេះ កាសែត Fresh News បានចុះព័ត៌មានអំពីជំនួបសម្តែងការគួរសមរវាងប្រធានរដ្ឋសភាកម្ពុជា សម្តេច ឃួន សុដារី និងអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម​ លោក តូ ឡឹម។ ភាគីទាំងពីរបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបន្តជំរុញទំនាក់ទំនង ក្រោមបាវចនា "ភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយ និងនិរន្តរភាពយូរអង្វែង"។

ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) បានផ្តោតលើជំនួបប្រធានរដ្ឋសភាកម្ពុជាសម្តេច ឃួន សុដារី និងនាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញ ហ៊ឹង ដោយសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំទាំងពីរក្នុងការបង្កើនទំហំ​ពាណិជ្ជកម្មទ្វេភាគីពី ១១,៣៣ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២៥ ដល់ ២០ ពាន់លានដុល្លារអាមេរិកនាពេលអនាគតដ៏ខ្លីខាងមុខ។

ប្រព័ន្ធផ្សព្វផ្សាយកម្ពុជាបានវាយតម្លៃថា ដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធានរដ្ឋសភាកម្ពុជាសម្តេច ឃួន សុដារី មកកាន់វៀតណាមគឺទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ រួមចំណែកដល់ការពង្រឹងទំនាក់ទំនង​មិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងកម្ពុជា៕


top