ព័ត៌មាន

សារនិងចក្ខុវិស័យរបស់វៀតណាមអំពីនវានុវត្តន៍

នៅឯកិច្ចសន្ទនាគោលនយោ បាយពិសេសក្នុងក្របខ័ណ្ឌនៃវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី ៥៥ នៅទីក្រុងដាវ៉ូស ដែលប្រព្រឹត្តទៅនៅប្រទេសស្វីស នារសៀលថ្ងៃទី២១ ខែមករា នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញ ជីញបានពាំនាំនូវសារយ៉ាងម៉ឺងម៉ាត់និងទស្សនៈរបស់វៀតណាមអំពីនវានុវត្តន៍។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា យុគសម័យឆ្លាតវៃ ត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការអភិវឌ្ឍបញ្ញាឆ្លាតវៃ និងប្រព័ន្ធទិន្នន័យ។ ជោគជ័យនៃសម័យសន្ទនាបានរួមចំណែកផ្សព្វផ្សាយចក្ខុវិស័យនិង យថាទស្សន៍របស់វៀតណាមក្នុងយុគសម័យថ្មី។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញបានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងសម័យសន្ទនាគោលនយោបាយពិសេស “ការឈានឆ្ពោះទៅអនាគត៖ ចក្ខុវិស័យរបស់វៀតណាមលើការច្នៃប្រឌិត និងតួនាទីសកល” ក្នុងក្របខ័ណ្ឌវេទិកាសេដ្ឋកិច្ចពិភពលោក ដាវ៉ូស ឆ្នាំ ២០២៥ (រូបថត៖ VOV)

នៅក្នុងកិច្ចសន្ទនាគោលនយោបាយពិសេសនៃក្របខណ្ឌ WEF ៥៥ លោកនាយករដ្ឋមន្ត្រីបានឲ្យដឹងថា រដ្ឋាភិបាលវៀតណាមបាននិងកំពុងខិតខំប្រឹងប្រែងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឆ្លាតវៃ ហើយគ្រោងនឹងបញ្ចប់ការ សាងសង់មជ្ឈមណ្ឌលទិន្នន័យជាតិនៅខែមិថុនាឆ្នាំនេះ។

យុគសម័យដ៏ឆ្លាតវៃត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការអភិវឌ្ឍបញ្ញាឆ្លាតវៃ

យោងតាមលោកនាយករដ្ឋមន្ត្រី វៀតណាមនឹងចាប់យកឱកាសក្នុងយុគសម័យឆ្លាតវៃ ដើម្បីឲ្យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរ ឌីជីថលក្លាយជាប្រភពធនធាន ជួយសេដ្ឋកិច្ចវៀតណាមសម្រេចបានគោលដៅក្លាយជាសេដ្ឋកិច្ចអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់ នៅឆ្នាំ ២០៤៥។

លោកនាយករដ្ឋមន្ត្រីជឿជាក់ថា យុគសម័យឆ្លាតវៃ គឺជាយុគសម័យនៃស្ថិរភាពនយោបាយ និងគ្មានសង្គ្រាម; សេដ្ឋកិច្ចត្រូវតែរីកចម្រើនយ៉ាងឆាប់រហ័ស ប៉ុន្តែប្រកបដោយនិរន្តរភាព បរិស្ថានត្រូវតែត្រូវបានការពារ ហើយគ្មាននរណាម្នាក់នៅពីក្រោយឡើយ។ ជាពិសេស យុគសម័យឆ្លាតវៃត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការអភិវឌ្ឍបញ្ញាឆ្លាតវៃនិងមូលដ្ឋានទិន្នន័យ។

ដើម្បីត្រៀមលក្ខណៈសម្រាប់យុគសម័យឆ្លាតវៃ លោកនាយករដ្ឋមន្ត្រីបានចាត់ទុកថា៖ វៀតណាមកំពុងជំរុញការសុក្រិតរបៀបរបបនិងច្បាប់ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ម្ចាស់កម្មវត្ថុដោយមានការអភិវឌ្ឍស្មើភាពក្នុងសេដ្ឋកិច្ចពហុវិស័យ កំណត់ការអភិវឌ្ឍបញ្ញាសិប្បនិមិត្តរបស់វៀតណាមត្រូវតែផ្អែកលើមូលដ្ឋានទិន្នន័យរបស់វៀតណាម។

តាមនោះ សេចក្តីសម្រេចចិត្តលេខ ៥៧ នៃការិយាល័យនយោបាយ ស្តីពីជំហានលោតផ្លោះក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ (ចេញផ្សាយថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤) នឹងបង្កើតកម្លាំងចលករសម្រាប់ការវិនិយោគទៅក្នុងការស្រាវជ្រាវអភិវឌ្ឍន៍របស់វៀត ណាម។ រដ្ឋាភិបាលវៀតណាមក៏ផ្តោតលើការធានាកម្មសិទ្ធិបញ្ញា ដើម្បីបង្កើតក្របខ័ណ្ឌច្បាប់ស្មើភាពសម្រាប់អ្នកវិនិយោគបរទេសក្នុងវិស័យបច្ចេកវិទ្យា។

វៀតណាមក៏បានប្តេជ្ញាអភិវឌ្ឍន៍បញ្ញាសិប្បនិមិត្តដោយផ្អែកលើមូលដ្ឋានទិន្នន័យក្នុងស្រុក ដោយហេតុនេះ ខិតខំប្រឹងប្រែងជំរុញការវិនិយោគនិងប្រមូលធនធានសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។

ទោះបីជាវៀតណាមជាប្រទេសដែលមានចំណុចចាប់ផ្តើមទាប និងសេដ្ឋ កិច្ចកំពុងមានការផ្លាស់ប្តូរក៏ដោយ ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ បានចាត់ទុកថា ដោយមានកិច្ចខិតខំប្រឹងប្រែងជាច្រើន វៀតណាមបានក្លាយជាដៃគូសំខាន់ក្នុងកិច្ចសហប្រតិបត្តិការស្រាវជ្រាវនិងអភិវឌ្ឍន៍ ដែលជាគោលដៅវិនិយោគដ៏ទាក់ទាញសម្រាប់សាជីវកម្មបច្ចេកវិទ្យាពិភពលោកធំៗដូចជា ៖ Samsung, NVIDIA...ជាដើម។

ចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាសកលជាច្រើន

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញក៏បានបង្ហាញឲ្យអ្នកសេដ្ឋកិច្ចនិងសហគមន៍ធុរកិច្ចពិភពលោកមើលឃើញនូវការរួមចំណែកយ៉ាងសំខាន់របស់វៀតណាមក្នុងការដោះស្រាយបញ្ហាសកល។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ក្នុងនាមជាប្រទេសមួយក្នុងចំណោមប្រទេសដែល រងការប្រែប្រួលអាកាសធាតុធ្ងន់ធ្ងរ និងកម្រិតនីវូទឹកសមុទ្រឡើងខ្ពស់ វៀតណាម ប្តេជ្ញាយ៉ាងមុតមាំក្នុងការនាំយកការបំភាយឧស្ម័នមកកម្រិតសូន្យ និងខិតខំប្រឹងប្រែងជំរុញការផ្លាស់ប្តូរបៃតងនិងផលិត កម្មបៃតង។ លោកនាយករដ្ឋមន្ត្រីបានលើកឡើងនូវឧទាហរណ៍ជាក់ស្តែងមួយចំនួន ដែលមានសារៈសំខាន់យ៉ាងទូលំទូលាយ ដូចជាការផលិតស្រូវចំនួន ១លានហិកតា ដែលមានគុណភាពខ្ពស់ និងបញ្ចេញឧស្ម័នទាប ដើម្បីរួមចំណែកក្នុងការធានាសន្តិសុខស្បៀងពិភពលោក និងលើកកម្ពស់កំណើនបៃតង។ រីឯលើវិស័យផ្លាស់ប្តូរថាមពល លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ បានចាត់ទុកថា វៀតណាមកំពុងពន្លឿននិងខិតខំប្រឹងប្រែងដើម្បីសុក្រិតរបរៀបរបប ដើម្បីបើកទូលាយប្រភពធនធានសម្រាប់ការអភិវឌ្ឍថាមពលកកើតឡើងវិញ និងចាប់ផ្តើមគម្រោងថាមពលនុយ ក្លេអ៊ែរ ក្នុងគោលបំណង ធានាការផ្គត់ផ្គង់ថាមពលស្អាតសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ សាររបស់លោកនាយករដ្ឋមន្ត្រីក្នុងកិច្ចសន្ទនាគឺជាសក្ខីភាពលើ សេចក្តីបញ្ជាក់របស់អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក ស្រី ង្វៀន មិញ ហ័ង  មុនដំណើរបំពេញទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីដែលថា៖ វៀតណាមនឹងបន្តអះអាងនូវតួនាទីជាដៃគូដែលអាចទុកចិត្តបាន និងជាសមាជិកសកម្ម មានការទទួលខុសត្រូវ និងពោរពេញទៅដោយសក្តានុពលរបស់សហគមន៍អន្តរជាតិក្នុងយុគសម័យឆ្លាតវៃ ឆ្ពោះទៅរកអនាគតដ៏រុងរឿងនិងនិរន្តរភាពសម្រាប់មនុស្សជាតិ

សាររបស់លោកនាយករដ្ឋមន្ត្រីនៅសម័យសន្ទនាគោលនយោបាយបានរួមចំណែកផ្សព្វផ្សាយចក្ខុវិស័យ និងការអភិវឌ្ឍរបស់វៀតណាមក្នុងយុគសម័យថ្មីទៅកាន់សហគមន៍អន្តរជាតិ៕


top