ព័ត៌មាន

សារទូរលេខអបអរសាទររបស់ថ្នាក់ដឹកនាំបណ្ដាប្រទេសឡាវ និងចិន ជូន​ចំពោះ​ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម

ក្នុងឱកាសថ្នាក់ដឹកនាំជាន់ខ្ពស់របស់រដ្ឋ រដ្ឋាភិបាល និងរដ្ឋសភាវៀតណាមត្រូវបានបោះឆ្នោតជ្រើសតាំងឡើងវិញ នៅក្នុងសម័យប្រជុំលើកដំបូង រដ្ឋសភា នីតិកាលទី ១៥ នោះ ថ្នាក់ដឹកនាំនៃបណ្ដាប្រទេស ឡាវ និងចិនបានផ្ញើសារទូរលេខអបអរសាទរ។

ប្រធានរដ្ឋ លោក Nguyen Xuan Phuc (ឆ្វេង) និងនាយករដ្ឋមន្រ្តី លោក Pham Minh Chinhបានធ្វើសច្ចាប្រណិធានចូលកាន់តំណែង (រូបថត៖ dangcongsan.vn)



កាលពីថ្ងៃទី ២៦ ខែកក្កដា ក្នុងសារទូរលេខអបអរសាទរជូនចំពោះលោក Nguyen Xuan Phuc ដែលត្រូវបានរដ្ឋសភាវៀតណាមនីតិកាលទី ១៥ បោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋនោះ អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith បានអះអាងពីគោលបំណងចង់សហប្រតិបត្តិការយ៉ាងជិតស្និទ្ធិជាមួយលោក ប្រធានរដ្ឋ Nguyen Xuan Phuc នារយៈពេលខាងមុខ "សំដៅរួមចំណែកទៅក្នុងការពូនជ្រុំទំនាក់ទំនងមិត្តភាពដ៏មហិមា ប្រពៃណី សមមិត្តជាភាតរៈ សាមគ្គីភាពដ៏ពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងបក្សទាំងពីរ រដ្ឋទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះ បន្តដឹកនាំការរៀបចំអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវលទ្ធផលនៃកិច្ចចរចារវាងបក្ស ទាំងពីរ និងរដ្ឋទាំងពីរ ឡាវ - វៀតណាមកាលពីខែមិថុនាឆ្នាំ ២០២១ កន្លងទៅ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាពកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍក្នុងតំបន់និងនៅលើពិភពលោក"។

នាថ្ងៃដដែល លោកនាយករដ្ឋមន្ត្រីឡាវ Phankham Viphavanh បានផ្ញើសារទូរលេខអបអរសាទរជូនចំពោះលោក Pham Minh Chinh ដែលត្រូវបានរដ្ឋសភាវៀតណាម នីតិកាលទី ១៥ បោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រី។ ក្នុងសារទូរលេខអបអរសាទរនេះ លោក Phankham Viphavanh បានសង្កត់ធ្ងន់ថា នឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់ខ្លួន រួមជាមួយលោកនាយករដ្ឋមន្ត្រី Pham Minh Chinh ពូនជ្រុំទំនាក់ទំនងមិត្តភាពដ៏មហិមា ប្រពៃណីសាមគ្គីភាពដ៏ពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍក្នុងតំបន់និងនៅលើពិភពលោក។

កាលពីថ្ងៃទី ២៦ ខែកក្កដា ប្រធានរដ្ឋចិន លោក Xi Jinping បានផ្ញើសារទូរលេខអបអរសាទរជូនចំពោះលោកប្រធានរដ្ឋវៀតណាម Nguyen Xuan Phuc។ លោកប្រធានរដ្ឋ លោក Xi Jinping បានសង្កត់ធ្ងន់ថា ចិន និងវៀតណាមគឺជាប្រទេសជិតខាងសង្គមនិយមពីរ ដែលមានទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ជ្រាលជ្រៅ និងផលប្រយោជន៍រួមដ៏ទូលំទូលាយ។ លោកបានអះអាងពីការគោរពការអភិវឌ្ឍទំនាក់ទំនងចិន - វៀតណាម ហើយត្រៀមខ្លួនជាស្រេចរួមជាមួយវៀតណាមបង្កើនការតម្រង់ទិសដៅយុទ្ធសាស្ត្រនៃទំនាក់ទំនងរវាងបក្សទាំងពីរ និងរដ្ឋទាំងពីរ។

នាថ្ងៃដដែល នាយករដ្ឋមន្ត្រីចិន លោក Li Keqiang បានផ្ញើសារទូរលេខអបអរសាទរជូនចំពោះនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Pham Chinh។ ក្នុងសារទូរលេខនេះ លោកនាយករដ្ឋមន្រ្តី Li Keqiang បានសង្កត់ធ្ងន់ថា ចិនត្រៀមខ្លួនជាស្រេចរួមជាមួយវៀតណាម បង្កើនជំនឿជាក់នយោបាយ ពង្រឹងមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការមិត្តភាព ជំរុញខ្លាំងការតភ្ជាប់យុទ្ធសាស្ត្រ ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែអភិវឌ្ឍន៍ដោយឥតឈប់ឈរក្នុងសម័យកាលថ្មីផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top