ព័ត៌មាន

សារជូនពរ ឆ្នាំថ្មីរបស់ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc

ជនរួមជាតិ សមមិត្ត និងយុទ្ធជនទូទាំងប្រទេសជាទីគោរពរាប់អាន! ក្នុងឱកាសដ៏នក្ខត្តឫក្ស ទទួលស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ ខាល ចត្វាស័ក  តាងនាមថ្នាក់ដឹកនាំបក្ស រដ្ឋ និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម សូមជូនចំពោះជនរួមជាតិ សមមិត្ត និងយុទ្ធជនទូទាំងប្រទេស និងជនរួមជាតិវៀតណាមនៅក្រៅប្រទេសប្រកបដោយមនោសញ្ចេតនា និងសារជូនពរឆ្នាំថ្មីជាមួយនិងអត្ថន័យដ៏ល្អបំផុត។
 

ប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម លោក Nguyen Xuan Phuc។ (រូបថត៖ VNA)


ខ្ញុំក៏សូមប្រសិទ្ធពរជ័យជូនដល់មិត្តភ័ក្តិនៅគ្រប់ទិសទីនិងប្រជាជនទូទាំងពិភពលោកឲ្យជួបតែសន្តិភាព មិត្តភាព ភាតរភាព ចម្រុងចម្រើន និងសុភមង្គលជានិច្ចនិរន្តរ៍។

រំឭកដល់រដូវផ្ការីកឆ្នាំ មមី ចត្វាស័ក ឆ្នាំ ១៩៤២ លើកាសែត “វៀតណាមឯករាជ្យ” លោកប្រធានហូជីមិញ បានសរសេរថា៖

ជូនពរប្រទេសយើងទាំងមូលនៅឆ្នាំនេះ
ទង់ក្រហមបក់រវិចៗ!
ឆ្នាំនេះគឺជាឆ្នាំមានបុណ្យតេតរុងរឿង
សេចក្តីជូនពររបស់លោកអ៊ំហូ រហូតមកដល់ពេលនេះ គឺគម្រប់ ៨០ ឆ្នាំហើយ។ ថ្វីត្បិតតែទំព័រប្រវត្តិសាស្ត្របានប្រែក្លាយទៅជាទំព័រថ្មីក៏ដោយ ក៏គុណសម្បតិ្តដែលកើតចេញពីប្រវត្តិសាស្ត្រជាតិ ស្មារតីសាមគ្គីភាព ក្តីមេត្តា សេចក្តីព្យាយាម និងការលះបង់ប្រយោជន៍ផ្ទាល់ខ្លួនរបស់ប្រជាជនយើង មិនដែលផ្លាស់ប្តូរឡើយ។

នៅឆ្នាំ ២០២១ ក្នុងគ្រាដ៏លំបាកបំផុត យើងបានឃើញរូបភាពដ៏ស្រស់ស្អាតជាច្រើន ជាគំរូលះបង់ដើម្បីបុព្វហេតុ ក៏ដូចជាការលះបង់សម្រាប់សហគមន៍នៅក្នុងប្រជាជនគ្រប់ស្រទាប់វណ្ណៈ។  ទាំងនោះគឺជាវេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា យុទ្ធជននិងអ្នកស្ម័គ្រចិត្ត ដែលសុខចិត្តទុកក្រុមគ្រួសារ ឪពុកម្តាយចាស់ជរានិងកូនតូចៗ នៅពីក្រោយ ដោយមិនខ្វល់ខ្វាយពីគ្រោះថ្នាក់នៅក្នុងតំបន់ឆ្លងរាលដាលនៃជំងឺរាតត្បាតឡើយ។ នោះគឺជាលោកតាចាស់ដែលបាននាំយកប្រាក់សន្សំទាំងអស់របស់ខ្លួន ដើម្បីឧបត្ថម្ភដល់មូលនិធិបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។ ហើយនោះក៏ជាក្មេងជំទង់ និងប្អូនកុមារដែលបានគូររូបភាពដ៏ស្រស់ស្អាត បទកំណាព្យរណ្តំជាច្រើន ដោយបង្ហាញពីក្តីសុបិននិងមនោសញ្ចេតនារបស់ពួកគេចំពោះវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកា ព្រមទាំងជឿជាក់លើកម្លាំងពលំរបស់   វៀតណាមនៅចំពោះមុខបញ្ហាប្រឈម ដែលបណ្តាលមកពីជំងឺរាតត្បាតដ៏សាហាវនេះ ។

ក្នុងនាទីនេះ មានបុត្រធីតាវៀតណាមជាច្រើន កំពុងឋិតនៅខ្សែប្រយុទ្ធជួរមុខ ដើម្បីប្រយុទ្ធប្រឆាំងជំងឺរាតត្បាត យុទ្ធជនកំពុងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ការពារព្រំដែនកោះ ទាំងយប់ទាំងថ្ងៃ ហើយបងប្អូនក្នុងអាជីពជាច្រើន កំពុងតែមមាញឹកនឹងការងារដែលមិនអាចចូលរួមបុណ្យតេតជាមួយក្រុមគ្រួសារ។

បក្ស រដ្ឋ និងប្រជាជនតែងតែគោរពជានិច្ច ចំពោះកិច្ចខិតខំប្រឹងប្រែងធ្វើការងារប្រកប ដោយការទទួលខុសត្រូវចំពោះសហគមន៍និងសង្គម។ ប្រទេសជាតិក៏ចងចាំជានិច្ចនូវការលះបង់របស់ជនរួមជាតិនិងសមមិត្ត គោរពទឹកចិត្តបងប្អូនជនរួមជាតិនៅក្រៅប្រទេសនិងការជួយឧបត្ថម្ភពីមិត្តអន្តរជាតិ។

ឆ្លងកាត់រាល់ការសាកល្បងទាំងអស់នេះ គ្រាន់តែពង្រឹងយើងឲ្យមានភាពរឹងមាំបន្ថែមទៀត ដើម្បីស្រុះចិត្តគំនិត សាមគ្គីគ្នា ភាពខ្ជាប់ខ្ជួន សក្ដិសមជាមួយនឹងគុណសម្បត្ដិវីរភាពរបស់បុព្វបុរសរបស់យើងក្នុងប្រវត្តិសាស្ត្រដ៏យូរអង្វែង។

សូមជូនពរបងប្អូនជនរួមជាតិវៀតណាមទាំងអស់ ជួបតែសេចក្តីសុខ ភាពកក់ក្តៅ និងសុវត្ថិភាពជាមួយក្រុមគ្រួសារ ជាមួយគ្នានេះដែរសូមជូនពរបងប្អូនជនរួមជាតិ និងជនរួមជាតិវៀតណាមនៅក្រៅប្រទេស ក្នុងឆ្នាំថ្មីឆ្នាំខាល ចត្វាស័ក ជួបតែសុខសន្តិភាព សុខភាពល្អ សុភមង្គល និងជោគជ័យគ្រប់ប្រការ។

សូមអរគុណច្រើន និងរីករាយឆ្នាំថ្មី!

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top