ព័ត៌មាន

សហរដ្ឋ​អាមេរិក​ប្រគល់​​ម៉ាស៊ីនធ្វើរោគវិនិច្ឆ័យ​​ជំងឺ​របេង​រហ័សនិង​ថ្នាំ​ព្យាបាលជូន​វៀតណាម

នាថ្ងៃទី ១៦ ខែកុម្ភៈ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) បានប្រគល់ឧបករណ៍ធ្វើរោគវិនិច្ឆ័យរហ័សជំងឺរបេង និងថ្នាំព្យាបាលជំងឺរបេង ដែលមានតម្លៃសរុបប្រមាណ ៣ លានដុល្លារអាមេរិក ជូនដល់មន្ទីរពេទ្យសួតមជ្ឈឹម ដើម្បីជួយឧបត្ថម្ភវៀតណាមឈានដល់គោលដៅនៃការបញ្ឈប់ជំងឺរបេងនៅត្រឹមឆ្នាំ ២០៣០។
លោកស្រី Ann Marie Yastishock នាយកទីភ្នាក់ងារ USAID ប្រគល់ឧបករណ៍ និងថ្នាំព្យាបាលជំងឺរបេង ជូនវៀតណាម។ (រូបថត៖ Minh Quyet/TTXVN)

 

ការប្រគល់អំណោយលើកនេះ រួមមានម៉ាស៊ីនធ្វើរោគវិនិច្ឆ័យជំងឺរបេងរហ័សចំនួន ៣៨ គ្រឿង ជាមួយនឹងឧបករណ៍ធ្វើតេស្តចំនួន ៩០.០០០ និងម៉ាស៊ីន X-ray ឌីជីថលចំនួន ១០ គ្រឿងដែលនឹងត្រូវបានបែងចែកទៅកាន់មណ្ឌលសុខាភិបាលស្រុកនៅទូទាំងប្រទេស រួមទាំងបណ្តាខេត្តនៅដាច់ស្រយាលផងដែរ។

យោងតាមលោកស្រី Ann Marie Yastishock នាយកទីភ្នាក់ងារ USAID វៀតណាម បានឱ្យដឹងថា បច្ចុប្បន្ននេះ USAID កំពុងជួយដាក់បញ្ចូលការពិនិត្យជំងឺរបេង ទៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ របស់រដ្ឋាភិបាលវៀតណាម។ USAID នឹងបន្តជួយឧបត្ថម្ភការដាក់ឱ្យប្រើប្រាស់ នូវបច្ចេកវិទ្យានិងថ្នាំព្យាបាលជំងឺរបេងថ្មីដែលមានប្រសិទ្ធភាពខ្ពស់ ទៅកាន់ប្រទេសវៀតណាម ដែលជាផ្នែកមួយនៃទំនាក់ទំនងភាពជាដៃគូ និងសាមគ្គីភាព បន្តការអភិវឌ្ឍន៍ រវាងសហរដ្ឋអាមេរិក និងវៀតណាម ដើម្បីជួយគាំទ្រគោលដៅរួមរបស់វៀតណាមគឺបញ្ចប់ជំងឺរបេងនៅត្រឹមឆ្នាំ ២០៣០៕


top