កិច្ចប្រជុំនេះមានការចូលរួមពីបេសកជនប្រធានាធិបតីអាមេរិក លោក Steve Witkoff រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent ទីប្រឹក្សាជាន់ខ្ពស់នៃសេតវិមាន លោក Josh Gruenbaum និងលោក Jared Kushner ដែលជាកូនប្រសាររបស់ប្រធានាធិបតី ដូណាល់ ត្រាំ។ ភាគីរុស្ស៊ីត្រូវបានដឹកនាំដោយបេសកជនប្រធានាធិបតីទទួលបន្ទុកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិ លោក Kirill Dmitriev ដែលក៏ជានាយកមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី (RDIF) ផងដែរ។
នៅក្នុងអត្ថបទបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បន្ទាប់ពីកិច្ចប្រជុំ លោក Witkoff បានឲ្យដឹងថា ភាគីទាំងពីរបានធ្វើកិច្ចពិភាក្សា "ប្រកប ដោយប្រសិទ្ធភាពនិងស្ថាបនា" ដោយចាត់ទុកនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់សហរដ្ឋអាមេរិក ដើម្បីលើកកម្ពស់ដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះអ៊ុយក្រែន។ លោកបានសម្តែងការពេញចិត្តដែលបានឃើញរុស្ស៊ី កំពុងឆ្ពោះទៅរកការធានាសន្តិភាពសម្រាប់អ៊ុយក្រែន ហើយបានថ្លែងអំណរគុណដល់លោកប្រធានាធិបតី ត្រាំ ចំពោះភាពជាអ្នកដឹកនាំរបស់លោកក្នុងការស្វែងរកសន្តិភាពយូរអង្វែង។
ចំណែកលោក Dmitriev ក៏បានពណ៌នាអំពីកិច្ចប្រជុំជាមួយគណៈប្រតិភូសហរដ្ឋអាមេរិកថា "មានលក្ខណៈស្ថាបនា" ដោយបញ្ជាក់ថា ភាគីទាំងពីរបានពិភាក្សាគ្នាយ៉ាងមានប្រសិទ្ធភាពមិនត្រឹមតែបញ្ហាអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសកម្មភាពរបស់ក្រុមការងារសេដ្ឋកិច្ចអាមេរិក-រុស្ស៊ីផង ដែរ។
ក្នុងពេលជាមួយគ្នានោះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានឲ្យដឹងថា ទីក្រុងគៀវកំពុងរង់ចាំព័ត៌មានពីសហរដ្ឋ អាមេរិកទាក់ទងនឹងកិច្ចប្រជុំបន្ថែមទៀត ហើយបានបញ្ជាក់ពីការត្រៀមខ្លួនរបស់អ៊ុយក្រែនក្នុងការចូលរួមក្នុងទម្រង់ណាមួយ ហើយការចរចាថ្មីត្រូវបានរំពឹងថា នឹងធ្វើឡើងនៅសប្តាហ៍ក្រោយ៕