ព័ត៌មាន

សហរដ្ឋអាមេរិកគាំទ្រប្រទេសវៀតណាមមួយប្រកបដោយឯករាជ្យនិងវិបុលភាព

នាព្រឹកថ្ងៃទី២៣ ខែមីនា នៅទីស្នាក់ការក្រសួងការបរទេស រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម លោក Marc Knapper ដែលមកជួបសម្តែងការគួរសម។
  រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son (ស្តាំ) ទទួលជួបឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម លោក Marc Knapper រូបថត៖ ក្រសួងការបរទេស)  

 អញ្ជើញពិភាក្សាអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ លោករដ្ឋមន្ត្រី Bui Thanh Son បានស្នើឱ្យលោកឯកអគ្គរដ្ឋទូត Marc Knapper សម្របសម្រួលក្នុងការជំរុញដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរក្នុងឆ្នាំ ២០២២ និងផ្លាស់ប្តូរគណៈប្រតិភូនៅគ្រប់កម្រិត; សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួង និងវិស័យនានារបស់វៀតណាម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យសំខាន់ៗ និងជាអាទិភាព ដូចជាស្តារឡើងវិញនិងបង្កើនកំណើនសេដ្ឋកិច្ចក្រោយជំងឺរាតត្បាត និងការធ្វើឱ្យប្រសើរឡើងនូវភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់ កសាងហេដ្ឋារចនាសម្ព័ន្ធគុណភាពខ្ពស់ ការអភិវឌ្ឍបៃតង និងនិរន្តរភាព ក៏ដូចជាបណ្តុះបណ្តាលធនធានមនុស្ស។

រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Marc Knapper បានសម្តែងការចាប់អារម្មណ៍ចំពោះការអភិវឌ្ឍន៍លេចធ្លោរបស់វៀតណាមក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ រួមទាំងបានអះអាងថា អាមេរិកគាំទ្រប្រទេសវៀតណាមមួយប្រកបដោយឯករាជ្យនិងវិបុលភាព ដោយមានបំណងចង់នាំទំនាក់ទំនងជាមួយវៀតណាមឡើងដល់កម្រិតថ្មីមួយ។

ពិភាក្សាអំពីស្ថានភាពក្នុងតំបន់និងអន្តរជាតិ ទាក់ទិននឹងបញ្ហាអ៊ុយក្រែន លោករដ្ឋមន្ត្រី Bui Thanh Son បានអះអាងជាថ្មីនូវគោលជំហរខ្ជាប់ខ្ជួនរបស់វៀតណាមដែលថា រាល់ជម្លោះនិងការខ្វែងគំនិតគ្នាជាអន្តរជាតិគួរតែត្រូវបានដោះស្រាយដោយសន្តិវិធី គោរពតាមគោលការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ; បានសង្កត់ធ្ងន់លើតម្រូវការធានាសុវត្ថិភាពជនស៊ីវិល ក្នុងនោះមានជនជាតិវៀតណាមនៅអ៊ុយក្រែនផងដែរ ក្នុងការជម្លៀសចេញពីតំបន់មានជម្លោះ។

ទាក់ទិនលើស្ថានភាពក្នុងតំបន់ ភាគីទាំងពីរបានសង្កត់ធ្ងន់លើការគោរពច្បាប់អន្តរជាតិ; យល់ព្រមបន្តធ្វើការយ៉ាងជិតស្និទ្ធនៅក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការក្នុងតំបន់ ជាពិសេសសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងកិច្ចសហប្រតិបត្តិការអនុតំបន់មេគង្គ៕


top