ព័ត៌មាន

សហគមន៍វៀតណាមនៅឡាវថែរក្សាប្រពៃណីជួយទំនុកបម្រុងគ្នាទៅវិញទៅមក

ក្នុងនាមជាសហគមន៍មួយដែលមានចំនួនប្រជាជនវៀតណាមរស់នៅច្រើនជាងគេ រហូតមកដល់ពេលនេះ សហគមន៍ជនវៀតណាមនៅឡាវបានចូលរួមវិភាគទានជាច្រើនដល់ស្រុកកំណើតក៏ដូចជាប្រទេសសាម៉ីដូចជា៖ បង្កើតការងារធ្វើជូនប្រជាជននៅមូលដ្ឋាន កសាងហេដ្ឋារចនា សម្ព័ន្ធ មន្ទីរពេទ្យ សាលារៀន រួមវិភាគទានដល់ថវិការដ្ឋរបស់ឡាវ ក៏ដូចជាជួយឧបត្ថម្ភជាសម្ភារៈបរិក្ខារពេទ្យនៅពេលមានជំងឺរាតត្បាត... ក្រៅពីនោះ សហគមន៍ជនវៀតណាមនៅឡាវ ជានិច្ចកាលរក្សាបាននូវលក្ខណៈវប្បធម៌ ទំនៀមទម្លាប់ និងគុណធម៌ល្អប្រសើរនានា ដូចជាជួយទំនុកបម្រុងអ្នកមានស្ថានភាពលំបាក មិនត្រឹមតែជនជាតិវៀតណាមដែលរស់នៅ និងធ្វើការនៅឡាវប៉ុណ្ណោះទេ ថែមទាំងប្រជាជនឡាវទៀតផង។
ព្រះតេជគុណ Thich Minh Quang និងពុទ្ធបរិស័ទសូត្រធម៌មុនពេលចែកអាហារ។ (រូបថត៖ VOV)

ក្នុងអំឡុងពេលជាងបីឆ្នាំកន្លងមកនេះ ជារៀងរាល់ថ្ងៃអាទិត្យ មិនថាភ្លៀងផ្គរនោះទេ ក្រោមការណែនាំបស់ព្រះតេជគុណ Thich Minh Quang ព្រះចៅអធិការវត្ត Phat Tich ទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ពុទ្ធបរិស័ទតែងតែត្រៀមរៀបចំអាហារសប្បុរសធម៌ជូនប្រជាពលរដ្ឋដែលមានស្ថានភាពលំបាក និងអភ័ព នៅមជ្ឈមណ្ឌលគាំពារសង្គមរដ្ឋធានីវៀងច័ន្ទ។ មនុស្សនៅទីនេះ ភាគច្រើនជាអ្នកជំងឺផ្លូវចិត្ត ជនអនាថា គ្មានផ្ទះសម្បែង ភាគច្រើនគ្មានសាច់ញាតិ ឬត្រូវសមាជិកគ្រួសារបោះបង់ចោល ដូច្នេះត្រូវការជំនួយខ្លាំងណាស់។ ចែករំលែកអំពីសកម្មភាពសប្បុរសធម៌ដ៏មានអត្ថន័យនេះ ព្រះតេជគុណ Thich Minh Quang មានពុទ្ធដីកាថា៖

កាលពីបីឆ្នាំមុន យើងខ្ញុំទៅកាន់មជ្ឈមណ្ឌលនេះ ធ្វើការងារសប្បុរសធម៌ហើយបានជួបពួកគេក្នុងពេលបាយ។ អាហារពេលនោះវេទនាណាស់ មនុស្សម្នាក់ៗមានតែបាយដំណើបតូចមួយដុំ ជាមួយនឹងទឹកសម្លរមួយចានប៉ុណ្ណោះ។ បន្ទាប់មក ក្រុមប្រឹក្សាសប្បុរសធម៌ក្នុងវត្តបានសម្រេចចិត្ត ទោះជាមិនអាចចម្អិនបានច្រើនក៏ដោយ ប៉ុន្តែនឹងខិតខំប្រឹងប្រែងចម្អិនម្ហូបក្នុងថ្ងៃអាទិត្យជារៀងរាល់សប្ដាហ៍ ដើម្បីជួយកែលម្អជីវភាពរស់នៅរបស់ពួកគេ

លោកស្រី Nguyen Thi Loan អាយុ ៦៣ ឆ្នាំ ជាជនជាតិវៀតណាមជំនាន់ទី ២ ដែលបានកើតនិងធំដឹងក្ដីនៅប្រទេសឡាវ។ លោកស្រីសំណេះសំណាលថា តាំងពីនៅតូចមក ឪពុកម្តាយតែងតែប្រៀនប្រដៅកូនៗឲ្យធ្វើអំពើល្អ និងជួយអ្នកដែលមានស្ថានភាពលំបាក ព្រោះនេះគឺជាប្រពៃណីរបស់ជនជាតិវៀតណាមដែលមានតាំងពីយូរយារណាស់មកហើយ។ សម្រាប់លោកស្រី Loan ឥឡូវនេះ កូនៗបានធំដឹងក្ដីហើយមានគ្រួសារដោយឡែករបស់ខ្លួន ដូច្នេះនៅពេលទំនេរ លោកស្រីតែងតែចូលរួមធ្វើការងារសប្បុរសធម៌។ លោកស្រី Loan បានចែករំលែកថា៖

ខ្ញុំជាជនជាតិវៀតណាម ហើយក៏មានទឹកចិត្តដែរ ពេលទៅវត្តម្ដងៗ ខ្ញុំមានអារម្មណ៍អាណិតគេច្រើនណាស់ គេត្រូវមកទីនេះដោយសារគ្មានអ្នកណាដើម្បីពឹងពាក់ទេ។ រដ្ឋត្រឹមតែអាចឧបត្ថម្ភបានមួយចំណែកប៉ុណ្ណោះ ដូច្នេះបងប្អូនយើងខ្ញុំចូលរួមចម្អិនអាហារសប្បុរសធម៌ ដើម្បីជួយអ្នកមានស្ថានភាពលំបាកទាំងនោះទទួលបានភាពកក់ក្តៅ ហើយព្រះសង្ឃក្នុងវត្តនឹងសូត្រធម៌ បួងសួងសុំឲ្យគេមានក្ដីសុខសាន្តក្នុងជីវិតបន្ទាប់

បើតាមលោក Soukvandaphone កម្មាភិបាលអចិន្ត្រៃយ៍នៃមជ្ឈមណ្ឌលគាំពារសង្គម រដ្ឋធានីវៀងច័ន្ទ បានឲ្យដឹងថា បច្ចុប្បន្ននេះ មជ្ឈមណ្ឌលកំពុងថែទាំប្រជាពលរដ្ឋជាង ២៥០ នាក់ ដែលមានស្ថានភាពលំបាក។ ដោយសារថវិកានៅមានកម្រិត ដូច្នេះហើយការធានាអាហារូបត្ថម្ភក្នុងមជ្ឈមណ្ឌលមិនសូវបានល្អទេ។ អាស្រ័យហេតុនេះ ការដែលពុទ្ធបរិស័ទវៀតណាមជួយឧបត្ថម្ភអ្នកមានស្ថានភាពលំបាក ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីមជ្ឈមណ្ឌល។ អាហារត្រឹមតែជាមុខម្ហូបសាមញ្ញ ដូចជា បាយឆា នំប៉័ង ទឹកដោះគោកំប៉ុង ភេសជ្ជៈ...ប៉ុន្តែក្នុងនោះបង្កប់នូវទឹកចិត្តចែករំលែក និងការអាណិតអាសូររបស់ពុទ្ធបរិស័ទ។ លោក Soukvandaphone បានចែករំលែកថា៖

ជារៀងរាល់ថ្ងៃអាទិត្យ ព្រះសង្ឃ និងពុទ្ធបរិស័ទ តែងតែចម្អិនអាហារចែកជូនប្រជាពលរដ្ឋដែលមានស្ថានភាពលំបាកនៅមជ្ឈមណ្ឌលរបស់យើង។ ម្ហូបអាហារសម្បូរបែបណាស់ ផ្លាស់ប្ដូរជារៀងរាល់សប្ដាហ៍ ហើយពោរពេញទៅដោយអាហារូបត្ថម្ភ។ នេះមិនត្រឹមតែជាការងារដែលកើតចេញពីទឹកចិត្តសប្បុរសរបស់ពុទ្ធបរិស័ទវៀតណាមប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវលក្ខណៈមនុស្សសាស្ត្រ គុណធម៌ជួយទំនុកបម្រុងគ្នាទៅវិញទៅមករបស់មនុស្សជាតិទៀតផង។ យើងខ្ញុំពិតជាកោតសរសើរខ្លាំងណាស់

ក្នុងរយៈពេលច្រើនឆ្នាំកន្លងមក សហគមន៍ជនវៀតណាមនៅប្រទេសឡាវនិយាយរួម និងពុទ្ធបរិស័ទនិយាយដោយឡែក មានសកម្មភាពសប្បុរសធម៌ស្ម័គ្រចិត្តជាច្រើន មិនត្រឹមតែឆ្ពោះទៅមាតុភូមិប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ប្រទេសសាមីទៀតផង។ ស្មារតីនោះនឹងត្រូវបានពង្រីកជារៀងរហូត ដើម្បី មានជីវិតអភ័ពកាន់តែច្រើន នឹងត្រូវបានជួយឧបត្ថម្ភពីមួយថ្ងៃទៅមួយថ្ងៃ តាមនោះ រួមចំណែកលើកតម្កើងវប្បធម៌របស់ប្រជាជនវៀតណាមនៅឡាវ ក៏ដូចជាពូនជ្រុំចំណងមិត្តភាពពិសេសរវាងប្រទេសទាំងពីរវៀតណាម និងឡាវផងដែរ៕


top