រដ្ឋធានី ហាណូយ នាចុងខែសីហា និងដើមខែកញ្ញា មានសម្រស់ប្លែកមួយ នៅពេលដែលមេឃនិងដីឈានចូលក្នុង សរទរដូវ។
រដ្ឋធានី ហាណូយ នាចុងខែសីហា និងដើមខែកញ្ញា មានសម្រស់ប្លែកមួយ នៅពេលដែលមេឃនិងដីឈានចូលក្នុង សរទ រដូវ។ ពន្លឺនៃព្រះអាទិត្យលែងក្តៅខ្លាំងទៀតហើយ មេឃកាន់តែខ្ពស់ និងថ្លាជាងមុន ហើយជួរដើមឈើតាមដងផ្លូវ ចាប់ផ្តើមផ្លាស់ប្តូរពណ៌។ ក្នុងចង្វាក់ជីវិតដែលធ្លាប់តែប្រញាប់ប្រញាល់ រដ្ឋធានី ហាណូយ ហាក់ដូចជាថយល្បឿនយឺតៗ ដើម្បីឱ្យគ្រប់ជ្រុងផ្លូវ ជួរដើមឈើ និងផ្ទៃបឹង ក្លាយជាផ្ទាំងគំនូរដ៏ស្រស់ស្អាតមួយ។
នៅពេលព្រឹក រដ្ឋធានី ហាណូយភ្ញាក់ពីដំណេក ក្នុងពន្លឺព្រះអាទិត្យស្រាលៗ។ នៅលើផ្លូវដែលគ្រប់ដណ្តប់ដោយម្លប់នៃដើមឈើ ក្រុមមនុស្សដើរ ជិះកង់ និងហាត់ប្រាណ។ កង់ដឹកនិងលក់ផ្កា ធ្វើដំណើរឆ្លងកាត់តាមដងផ្លូវ ដោយនាំមកនូវពណ៌ ស្រស់ឆើតឆាយនៃរដូវកាលថ្មី។ ក្លិនផ្កា ពណ៌នៃស្លឹកឈើ និងពន្លឺព្រះអាទិត្យ រួមផ្សំជាមួយគ្នា ដើម្បីបង្កើតជាលក្ខណៈពិសេស ដែលមិនអាចច្រឡំបាននៃសរទរដូវរបស់រដ្ឋធានី ហាណូយ។
ក្នុងតំបន់បឹង ហ្វ័នគៀម (Hoan Kiem) សម្រស់នៃសរទរដូវ ត្រូវបានទទួលអារម្មណ៍យ៉ាងច្បាស់ ក្នុងរាល់កាលៈទេសៈប្រចាំថ្ងៃ។ ប្រជាជនដើរជុំវិញបឹង ភ្ញៀវទេសចរឈប់សម្រាក ដើម្បីគយគន់ទេសភាព និងជួរដើមឈើឆ្លុះរូបភាពរបស់វា នៅលើផ្ទៃទឹក។ ផ្លូវបុរា នៅតែរក្សាចង្វាក់ជីវិត ដែលធ្លាប់ស្គាល់ ប៉ុន្តែនៅក្នុងពន្លឺនៃព្រះអាទិត្យក្នុងសរទរដូវ ដំបូលផ្ទះចាស់ៗ យ៉រ និងច្រកផ្លូវចង្អៀត កាន់តែមានភាពទាក់ទាញ និងស្ងប់ស្ងាត់ជាងមុន។
សរទរដូវក៏ជាពេលវេលា ដែលរដ្ឋធានី ហាណូយឋមានភាពរស់រវើក ពីព្រោះនារីពាក់អាវផាយប្រពៃណី និងកម្រងរូបថតដែលថតរក្សាពេលវេលាដ៏ស្រស់ស្អាតរបស់អ្នកស្រុក និងភ្ញៀវទេសចរ។ នៅតាមដងផ្លូវជាច្រើន យុវជន គ្រួសារ និងអ្នកចូលចិត្តថតរូប ស្វែងរកកន្លែងដែលធ្លាប់ស្គាល់ ដើម្បីថតរូបខ្លួនឯង និងរដ្ឋធានីហាណូយ។
ពន្លឺថ្ងៃនៃសរទរដូវ គ្រប់ដណ្តប់លើតំបន់វិហារកាតូលិក កឿបាក់ (Cua Bac) ដែលបង្កើតបានជាទិដ្ឋភាពពិសេសនៃរដ្ឋធានីហាណូយ
ក្នុងប៉ុន្មានថ្ងៃឆ្លងរដូវ។ រូបថត៖ កុងដាត / VNP
ជាពិសេសក្នុងសរទរដូវឆ្នាំនេះ ស្របនឹងទិវាបុណ្យឯករាជ្យជាតិ នៅថ្ងៃទី ២ ខែកញ្ញា។ ទង់ជាតិពណ៌ក្រហមដែលមានផ្កាយពណ៌លឿង លេចឡើង នៅលើដងផ្លូវជាច្រើន ដែលបង្កើតចំណុចលេចធ្លោដ៏គួរឱ្យចាប់អារម្មណ៍ នៅចំកណ្តាលពណ៌បៃតងនៃដើមឈើ និងពណ៌លឿងនៃពន្លឺព្រះអាទិត្យក្នុងសរទរដូវ។ ការរួមផ្សំរវាងភាពទន់ភ្លន់នៃសរទរដូវ និងបរិយាកាសអ៊ូរអរនៃបុណ្យសំខាន់ៗ របស់ប្រទេសជាតិ ដែលបង្កើតបានមុខមាត់នៃរដ្ឋធានី ហាណូយ ប្រកបដោយសុខសាន្ត បុរាណ ស្រស់ថ្លា និងពោរពេញដោយភាពរស់រវើក។
រូបភាពដៃមួយគូរបស់លោកយាយកំពុងខ្ចប់អំបុក – អាហារពិសេសដែលផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយសរទរដូវ នៅរដ្ឋធានីហាណូយ។ រូបថត៖ កុងដាត / VNP
ផ្លែច័នពណ៌លឿងទុំ – ផ្លែឈើមួយប្រភេទ ដែលរំលឹកដល់សរទដូវស្លឹក ក្នុងជីវិតរស់នៅ របស់ប្រជាជនហាណូយ។ រូបថត៖ កុងដាត / VNP
ដោយមិនចាំបាច់មានទេសភាពស្មុគស្មាញ គ្រាន់តែជួរដើមឈើ កងដឹកនិងលក់ផ្កា ផ្ទៃបឹង ឬជ្រុងផ្លូវ ដែលធ្លាប់ស្គាល់ រដ្ឋធានី ហាណូយ ក្នុងសរទរដូវ នៅតែគ្រប់គ្រាន់ ដើម្បីទាក់ទាញអ្នកដើរឆ្លងកាត់។ នោះជាសម្រស់ដ៏សាមញ្ញ ប៉ុន្តែពិសេស ដែលបង្កើតភាពទាក់ទាញតែមួយគត់ នៃរដ្ឋធានីជារៀងរាល់សរទរដូវមកដល់៕
អត្ថបទ៖ កុងដាត / VNP