គណៈកម្មាធិការប្រជាជនទីក្រុងហាណូយទើបតែបានចេញផ្សាយផែនការសម្រាប់អនុវត្តន៍សេចក្តីសម្រេចចិត្តលេខ ១៥៨ របស់រដ្ឋាភិបាលនិងកម្មវិធីសកម្មភាពរបស់គណៈកម្មាធិការបក្សទីក្រុង ដោយអនុវត្តន៍ សេចក្តីសម្រេចលេខ ២ (ចុះថ្ងៃទី ១៧ ខែមីនា) របស់ការិយាល័យនយោបាយ ស្តីពីការកសាង និងអភិវឌ្ឍទីក្រុងហាណូយក្នុងយុគសម័យថ្មី។ គោលដៅនៃផែនការនេះគឺដើម្បីកសាងរដ្ឋធានី "វប្បធម៌ - អរិយធម៌ - ទំនើប - សុភមង្គល"។
តាមនោះ ក្នុងដំណាក់កាលឆ្នាំ ២០២៦-២០៣០ ទីក្រុងហាណូយដាក់ចេញគោលដៅសម្រាប់អត្រាកំណើនជាមធ្យមនៃផលិតផលក្នុងតំបន់សរុប (GRDP) គឺជាង ១១% ក្នុងមួយឆ្នាំ ទំហំ GRDP សម្រេចបានជាង ១១៣ ពាន់លានដុល្លារអាមេរិក; GRDP ជាមធ្យមក្នុងមនុស្សម្នាក់ៗ សម្រេចបានយ៉ាងហោចណាស់ ១២.០០០ ដុល្លារអាមេរិក; សេដ្ឋកិច្ចឌីជីថលស្រូបយកយ៉ាងហោចណាស់ ៤០% នៃ GRDP និងឧស្សាហកម្មវប្បធម៌ស្រូបយកប្រហែល ៩% នៃ GRDP។ លោក វូ ដាយថាំង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ បានមានប្រសាសន៍ថា៖
“បច្ចុប្បន្ននេះ កម្លាំងចលករចម្បងសម្រាប់ការអភិវឌ្ឍនៅតែជាវិស័យសេវាកម្ម ក្នុងនោះឧស្សាហកម្មសំណង់នៅតែជាកត្តាស្នូល។ ទោះជាយ៉ាងណាក៏ដោយ ចាប់ពីឆ្នាំ ២០២៧-២០២៨ វិស័យថ្មីៗ ដែលមានតម្លៃបន្ថែមខ្ពស់ បច្ចេកវិទ្យាខ្ពស់ និងជាពិសេសវិស័យដែលមានអត្ថន័យខាងវប្បធម៌ និងសង្គម ដូចជា៖ សុខាភិបាល ការអប់រំ ជាពិសេសវប្បធម៌ និងទេសចរណ៍ ក៏នឹងក្លាយជាកម្លាំងចលករដ៏សំខាន់មួយដើម្បីបំពេញបន្ថែមដល់កំណើននៃទីក្រុង ឆ្ពោះទៅរកគោលដៅកំណើនពីរខ្ទង់នាពេលអនាគត”។
យោងតាមផែនការ ទីក្រុងហាណូយត្រូវអនុវត្តន៍ផែនការមេរដ្ឋធានីចក្ខុវិស័យ ១០០ ឆ្នាំ ឲ្យបានឆាប់។ ក្នុងពេលជាមួយគ្នានោះ ទីក្រុងត្រូវបង្ហើយប្រព័ន្ធព័ត៌មានផែនការមេ ធ្វើឌីជីថលូបនីយកម្មនូវទិន្នន័យប្រព័ន្ធភូមិសាស្ត្រ (GIS)។ ទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ទីក្រុងហាណូយគួរតែប្រមូលផ្ដុំធនធានវិនិយោគលើការសាងសង់ប្រព័ន្ធរថភ្លើងក្នុងទីក្រុងយ៉ាងឆាប់រហ័ស ដោយខិតខំសម្រេចបានប្រវែងប្រហែល ១០០ គីឡូម៉ែត្រនៅឆ្នាំ ២០៣០ ព្រមទាំងធ្វើជាម្ចាស់បន្តិចម្ដងៗលើបច្ចេកវិទ្យា លើកកំពស់សមត្ថភាពវិនិយោគ ការគ្រប់គ្រង និងប្រតិបត្តិការផងដែរ៕