ព័ត៌មាន

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរ ជូនលោកអគ្គលេខាបក្ស តូឡឹម (To Lam)

ក្រោយព្រឹត្តិការណ៍មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៤ នៃគណបក្សកុម្មុយនីស្តវៀតណាម លោក តូ ឡឹម (To Lam) បានជ្រើសតាំងឡើងវិញជា អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិម នៃគណបក្សកុម្មុយនីស្តវៀតណាម។ ការជ្រើសតាំងនេះទទួលបានការសាទរ ពីសម្ដេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
លោកអគ្គលេខាបក្ស តូ ឡឹម (To Lam) ជួបពិភាក្សជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ រូបថត៖ VNA

ប្រធានគណបក្សប្រជាជនកម្ពុជា បានបង្ហាញពីជំនឿជាក់ថា ចំណងមិត្តភាពកម្ពុជា-វៀតណាម នឹងត្រូវបានពង្រឹងឱ្យកាន់ស៊ីជម្រៅ បន្ថែមទៀត ស្របតាមទិសស្លោក “ភាពជាអ្នកជិតខាងល្អ មិត្តភាព ជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង“ រវាងគណបក្សនិងរដ្ឋាភិបាល នៃប្រទេសទាំងពីរ។

កាសែតរូបភាពវៀតណាមសូមដកស្រង់សារលិខិតនេះ សម្តេចបានលើកឡើងទាំងស្រុងដូច្នេះថា៖

«ឯកឧត្តម ជាទីគោរពរាប់អាន!

ខ្ញុំមានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានទទួលដំណឹងថា ឯកឧត្តម ត្រូវបានមហាសន្និបាតតំណាង ទូទាំងប្រទេសលើកទី ១៤ របស់គណបក្សកុម្មុយនីស្តវៀតណាម ជ្រើសតាំងសាជាថ្មីជាអគ្គលេខាធិការ នៃគណៈកម្មាធិការ មជ្ឈិម គណបក្សកុម្មុយនីស្តវៀតណាម។

តាងនាមឱ្យគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងរូបខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមអបអរសាទរប្រកប ដោយមនោសញ្ចេតនាយ៉ាងកក់ក្តៅជាទីបំផុត ជូនចំពោះ ឯកឧត្តម ក្នុងឱកាសដ៏ឧឡារិកនេះ។

ការបោះឆ្នោតជ្រើសតាំង ឯកឧត្តម សាជាថ្មីជាអគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិម គណបក្សកុម្មុយនីស្តវៀតណាម គឺជាការឆ្លុះបញ្ចាំងនូវទំនុកចិត្ត និងការជឿជាក់របស់គណបក្សកុម្មុយនីស្តវៀតណាម និងប្រជាជនវៀតណាម ចំពោះការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយសមត្ថភាពរបស់ ឯកឧត្តម ក្នុងការតម្រង់ទិសដើម្បីអភិវឌ្ឍប្រទេសជាតិ ដែលធានាឱ្យប្រជាជនទទួលបាននូវសន្តិភាពយូរអង្វែង ស្ថិរភាព និងវិបុលភាពដែលរីកចម្រើនជាលំដាប់ ក៏ដូចជាលើក កម្ពស់កិត្យានុភាព និងតួនាទីរបស់ វៀតណាមនៅក្នុងតំបន់ និងអន្តរជាតិ។

ខ្ញុំមានជំនឿជឿជាក់យ៉ាងមុតមាំថាក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងសម្លឹងទៅអនាគតរបស់ ឯកឧត្តម គណបក្សកុម្មុយនីស្តវៀតណាម នឹងទទួលបានទំនុកចិត្ត និងការគាំទ្រកាន់តែខ្លាំងឡើងពីប្រជាជនវៀតណាម និងសម្រេចបានជោគជ័យយ៉ាងធំធេងក្នុងការអនុវត្តគោលនយោបាយ និងការសម្រេចចិត្តនានាដែលបានអនុម័តដោយ មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៤។

ជាមួយនឹងកិច្ចខំប្រឹងប្រែងរបស់យើងទាំងពីរ ខ្ញុំមានជំនឿជាក់យ៉ាងមុតមាំថា ចំណងមិត្តភាព នៃប្រទេសយើង ទាំងពីរត្រូវបានពង្រឹងឱ្យកាន់ស៊ីជម្រៅបន្ថែមទៀត ស្របតាមទិសស្លោក “ភាពជាអ្នកជិតខាងល្អ មិត្តភាព ជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង” រវាងគណបក្ស និងរដ្ឋាភិបាល នៃប្រទេសយើងទាំងពីរ។

ខ្ញុំសូមប្រសិទ្ធពរបវរមហាប្រសើរ ជូនចំពោះ ឯកឧត្តម សូមទទួលបានសុខភាពល្អ សុភមង្គល និងជោគជ័យ ត្រចះត្រចង់បន្ថែមទៀតនៅក្នុងភារកិច្ចដ៏ឧត្តុង្គឧត្តមរបស់ ឯកឧត្តម ដើម្បីធានាបាននូវសុភមង្គល សុខុមាលភាព និង វិបុលភាពយូរអង្វែងរបស់ប្រជាជនវៀតណាម»៕


top