មិត្តភក្តិជាមួយនឹងវៀតណាម

សមិទ្ធិផលក្រោយមួយសតវត្សនៃផ្នែកបុរាណវិទ្យាវៀតណាម

ដោយ​មាន​រតន​វត្ថុបុរាណ​ចំនួន​​៣០០​គ្រឿង​ បាន​ចាត់​ទុក​ជា​ការរក​ឃើញ​សំខាន់​បំផុត​ក្នុង​ជាង​មួយ​សតវត្សរ៍​​ នៃ​ផ្នែក​បុរាណវិទ្យា​វៀតណាម​ បរិយាកាស​តាំងបង្ហាញ​ក្រោម​ប្រធាន​បទ៖ “​រតនវត្ថុ​បុរាណ​វិទ្យា​វៀតណាម​” នៅ​សារមន្ទីរ​ប្រវត្តិសាស្រ្ត​ជាតិ​ (ហាណូយ​) ទាក់ទាញ​ការ​យកចិត្ត​ទុកដាក់​ពិសេស​ពី​​ទស្សនិកជន​​ជាតិ​និង​អន្តរជាតិ​។​

វត្ថុតាង​គំរូ ​ពី​​សម័យបុរេប្រវត្តិ​​​រហូត​ដល់​សម័យ​ឡេ​ទ្រុង​ហឹង​ (Le Trung Hung) ​(សតវត្ស​ទី​១៧ - ១៨) បាន​ជ្រើស​យក​មក​ឧទ្ទេសនាម​ដល់​មហាជន​ រួម​មាន​បី​ខ្លឹម​សារ​សំខាន់​ៗដូច​ជា៖ រតនវត្ថុ​បុរាណវិទ្យា​សម័យ​បុរេប្រវត្តិ​​ រតនវត្ថុ​​បុរាណវិទ្យា​យុគលោហៈ​ និង​រតនវត្ថុ​​​​បុរាណវិទ្យា​សម័យ​ប្រវត្តិសាស្រ្ត​។​
 
វត្ថុតាង​ដាក់​​តាំងបង្ហាញ​​ បាន​រៀប​ចំ​យោង​ទៅ​តាម​ប្រធាន​បទចាប់​​ពី​សម័យ​បុរេប្រវត្តិ​​រហូត​ដល់​សម័យ​សក្តិភូមិ​​នៅ​វៀតណាម​។ រតនវត្ថុ​បុរាណវិទ្យា​សម័យ​បុរេប្រវត្តិ​​វៀតណាម​ផ្តោត​ឧទ្ទេសនាម​វត្ថុតាង​គំរូ​ នៃ​កេរ​ដំណែល​បុរាណ​វិទ្យា​បុរេប្រវត្តិ​គំរូ​​មួយ​ចំនួន​ ចំណុះ​ប្រភេទ​រូបភាព​ទូទៅ​ ដូចជា​​ឧបករណ៍​ពល​កម្ម​ គ្រឿង​អាលង្ការ​ធ្វើ​ពី​​​​ថ្ម កុលាលភាជន៍​។ល។ បាន​រក​ឃើញ​នៅ​ទីស្ថាន​វត្ថុ​ ចំណុះ​តំបន់​ជាច្រើន​នៅ​វៀតណាម​។
 
រតនវត្ថុ​បុរាណវិទ្យា​យុគលោហៈវៀតណាម​ រួម​មាន​មជ្ឈមណ្ឌល​វប្បធម៌​ធំបី​កន្លែង​ គឺ​វប្បធម៌​ដុង​សើន (Dong Son) ​នៅ​ភាគខាង​ជើង​ វប្បធម៌​សាហ្វិញ​ (Sa Huynh) នៅ​ភាគ​កណ្តាល​ វប្បធម៌​ដុង​ណាយ​ (Dong Nai) នៅ​ភាគ​ខាងត្បូង​វៀតណាម​។ វប្បធម៌​ដុង​សើន (Dong Son)​​ ជា​ខឿន​វប្បធម៌យុគ​​​លោហៈ​​ មាន​ប្រភព​អន្តោគ្រាម​ ប្រមូល​ផ្តុំ ​និង​អភិវឌ្ឍន៍​ផ្ទាល់​​ពី​ខឿន​​វប្បធម៌​មុនសម័យ​​​ដុង​សើន (Dong Son) ​ នៅ​បី​តំបន់​អាង​​ទន្លេក្រហម​ ទន្លេ​ម៉ា (Ma) ទន្លេឡាម (Lam) ​នៅភាគ​ខាងជើង​វៀតណាម​។ វត្ថុតាង​បាន​តាំង​បង្ហាញ​តាម​ប្រធាន​បទ​នេះ រួម​មាន​កង​ដៃ​ ខ្សែ​អង្កាំ​ ក្រវិល​ធ្វើពី​​ថ្ម​ ចំណុះ​វប្បធម៌​ភុង​ង្វៀន​ (Phung Nguyen ដុង​ដូវ​ (Dong Dau)។ ស្គរ​សំរឹទ្ធ​សាវ​វ៉ាង ​(Sao Vang) - ថាញ​ហ្វ័រ​ (Thanh Hoa) ពាងសំរឹទ្ធ​ ជួង​សំរឹទ្ធ​ចំណុះ​វប្បធម៌​ដុងសើន (Dong Son)។ ដឹងសំរឹទ្ធ​​កែង​ការេ​ សំសែ​សំរឹទ្ធ គ្រាប់​ព្រួញ​សំរឹទ្ធ​ ផ្លែ​នង្គ័ល​សំរឹទ្ធ​ ចប​ កាំបិត​ក្ងុក​។ល។​ ​



ប្រធានបទ​ពិសេស​តាំងពិព័រណ៍​​ “រតនាវត្ថុ​បុរាណវិទ្យា​វៀតណាម​” បាន​តាំងបង្ហាញ​នៅ​សារមន្ទីរ​ប្រវត្តិសាស្រ្ត​ជាតិ​ (ហាណូយ​)​។

 ជ្រុងមួយ​​នៃបរិយាកាស​តាំងបង្ហាញ​ប្រធាន​បទពិសេស​ “រតនវត្ថុបុរាណវិទ្យាវៀតណាម​”។​

ភ្ញៀវទេសចរណ៍​​បាន​ទស្សនា​ស្គរ​សំរឹទ្ធ​សាវ​វ៉ាង​ (Sao Vang) នៃវប្បធម៌​ដុងសើន​ (Dong Son) ចន្លោះពេល​បច្ចុប្បន្ន​ពី​២.៥០០ - ២.​០០០ឆ្នាំ​ បានស្វែង​រក​ឃើញ​​នៅ​ទីរួម​ស្រុក​សាវ​វ៉ាង (Sao Vang) ស្រុក​ថ័រ​ស្វឹន​ (Tho Xuan​) ខេត្ត​​ថាញ​ហ្វ័រ​ (Thanh Hoa)។ សារមន្ទីរ​ប្រវត្តិសាស្រ្ត​ជាតិ​ប្រមូល​ផ្តុំ​ឆ្នាំ​២០០៦។

 ក្តារ​មឈូស​បាន​រក​ឃើញ​ផ្នូរ​​បុរាណ​ចូវ​កាន​ (Chau Can) មាន​ប្រវែង​ពី​១,៨៥  ដល់​២,៣២ ម៉ែត្រ រង្វាស់​ផ្ចិត​ពីលើ​ដល់​ក្រោម​០,៥​ម៉ែត្រ​។ ​ឈើ​នៅទី​នេះ​បាន​ពុះ​បណ្តោយ​​ ពាក់​កណ្តាល​ក្រាស​ធ្វើ​ជា​ខ្លួន​ ពាក់​កណ្តាល​ស្តើង​ធ្វើ​ជា​គម្រប់​​មឈូស​។ ខាង​ក្នុង​មឈូស​ មនុស្ស​ស្លាប់​ដាក់ដេក​ផ្ងារ​ ជើងទាំង​ពីរ​តម្រង់​ត្រង់​គ្នា​ ដៃទាំងពីរ​ដាក់​បណ្តោយ​ខ្លួន​ ដង​ខ្លួន​បាន​រុំ​ទៅ​ដោយ​សំពត់​ ឬ​ស្រទាប់​ស្លឹក​ឈើ​កាត់ជាចម្រៀក​តូច​ តម្បាញ​យ៉ាង​ហ្មត់ចត់។ គួរ​កត់​សម្គាល់​ ផ្នូរ​នៅ​មាន​គ្រឿង​បូជា​ខ្មោច​ធ្វើ​អំពី​សំរឹទ្ធដូចជា​​ ដឹង​​ ទួន​ លំពែង​ កញ្ចក់​សំរឹទ្ធ។ល។ និងវត្ថុប្រើប្រាស់​ធ្វើ​អំពី​ឫស្សី​​ ឈើ កុលាល​ភាជន៍ ជួនកាល​​​នៅ​​មានទាំង​វត្ថុតាង​​ធ្វើ​អំពី​សម្បក​ខ្លោក​ទៀ​តផង​។

  ភ្ញៀ​វ​ទេសចរណ៍​បាន​ទស្សនា​​ផ្លែ​នង្គ័លសំរឹទ្ធ​​ ចំណុះ​វប្បធម៌​ដុង​សើន​ (Dong Son)   ចន្លោះពេលបច្ចុប្បន្ន​ពី​​២៥០០ - ២០០០ឆ្នាំ​ បាន​រក​ឃើញ​នៅ​ក្រុង​កោឡ (Co Loa) ដុង​អាញ​ (Dong Anh) ក្រុង​ហាណូយ​។ ផ្លែ​នង្គ័លសំរឹទ្ធ​ជា​ឧបករណ៍​ផលិត​កម្មមួយប្រភេទ​ បង្ហាញពី​ការ​អភិវឌ្ឍ​នៅ​កម្រិ​តខ្ពស់​នៃ​បច្ចេកទេស​​សិត​លោហៈ​ និង​វប្ប​​​កសិកម្ម​​​របស់​ប្រជាជនដុង​សើន (Dong Son)។

 ស្គរ​សំរឹទ្ធ​​ភូ​ផឿងទី​១ ​(Phu Phuong) ។ វប្បធម៌​ដុង​សើន (Dong Son) ចម្លោះពី​​២៥០០​ -​ ២០០០ឆ្នាំ​មុន។ រក​ឃើញ​នៅ​ឃុំ​ភូ​ផឿង​ ​(Phu Phuong) បាវី (Ba Vi) ក្រុង​​ហាណូយ​ ឆ្នាំ​១៩៧៣។ ភ្ញៀវ​ទេសចរណ៍​នៅ​បាន​ទស្សនា​​ឯកសារ​ចម្លង​លម្អិតពី​​ផ្ទៃមុខ​ស្គរ​​នៅ​ក្បែរ​វត្ថុតាង​។​

 ភ្ញៀវ​ទេសចរណ៍​ទស្សនា​តាមរយៈ​កញ្ចក់​កែវ​យឺត​លិង្គ​ (ពណ៌លឿង)​។ សតវត្ស​ទី​៨ - ៩​ កាតតៀន​ (Cat Tien) ឡឹម​ដុង​ (Lam Dong)។

 វប្បធម៌​សា​ហ្វីញ (Sa Huynh) ​ជា​វប្បធម៌​មួយ​ក្នុង​ចំណោម​មជ្ឈមណ្ឌល​វប្បធម៌​​បុរាណវិទ្យា​យុគ​លោហៈ​​​​​វៀត​ណាម​។ បុរាណវិទូ​​​វៀត​​ណាមសឲ្យ​ឃើញ​ថា​វប្បធម៌សា​ហ្វិញ​ (Sa Huynh) ​ជា​ខឿន​វប្បធម៌​អន្តោគ្រាម​មួយ​​អត្ថិភាព​​អូស​បន្លាយ​ពី​​យុគថ្ម​ថ្មី​ទៅ​ដល់​ដើមយុគ​​លោហៈ (ចន្លោះពេល​​បច្ចុប្បន្ន​ប្រហែល​​៣.០០០​ -​ ២០០០ឆ្នាំ​)។ វត្ថុតាង​បាន​តាំង​បង្ហាញ​នៅទៅ​នេះ រួមមាន​​ខ្សែ​អង្កាំ​ធ្វើ​ដោយកែវ​​បាន​​ស្វែង​រក​ឃើញ​នៅ​សាហ្វិញ​ (Sa Huynh) ​ខេត្ត​ក្វាង​ង៉ាយ​ (Quang Ngai)។ មឈូស​មាន​គម្រប់កំណាយ​​ឃើញ​នៅ​ទីស្ថានវត្ថុ​​​ដុងកើម​ (Dong Cuom) ខេត្ត​ប៊ិញ​ឌិញ​ (Binh Dinh) ចង្កៀង​កុលាលភាជន៍​​ គ្រាប់​​អង្កាំ​ធ្វើ​ដោយកែវ​​។
 
តំបន់​តាំង​បង្ហាញ​វប្បធម៌​ដុង​ណាយ (Dong Nai) ​ឧទ្ទេសនាម​វត្ថុតាង​មួយ​ចំនួន​ដូចជា​ក្រុម​វត្ថុតាង​កេរ​ដំណែល​យ៉ុង​កាវូ​ (Giong Ca Vo) ឆ្នាំ​១៩៩៤ (រួម​មាន​កង​ដៃ​ ក្រវិល​មាន​រូប​​ក្បាលសត្វ​ធ្វើ​អំពី​ថ្ម ត្បូង​ថ្ម​​​និងកែវ​​) ប្រភេទគ្រាប់​អង្កាំ​ ចញ្ចៀន​ ស្លឹក​មាស​ជា​វត្ថុតាង​ធ្វើ​អំពី​មាស​មុនគេ​បង្អស់​នៅ​វៀត​ណាម​ ប្រភេទ​កុលាលភាជន៍​ដូចជា៖ ​ឆ្នាំង​ ចង្រ្កាន​ដី​ ក្រុម​វត្ថុតាំង​កេរដំណែល​​ឡុង​សើន (Long Son) (​(បារៀ (Ba Ria) - វុង​តាវ (Vung Tau)​) ក្រុម​វត្ថុតាង​ទីស្ថានវត្ថុ​នៅ​​ហ្គ័រ​អូរ​ចួរ​ (Go O Chua) (ខេត្ត​ឡុង​អាន - Long An)​។
 
តាំងបង្ហាញ​ក៏​មាន​ឧទ្ទេសនាម​​ស្គរសំរឹទ្ធ​​​ដុង​សើន (Dong Son) ​មួយ​ចំនួន ដែល​បាន​​រក​ឃើញ​នៅ​ភូ​ចាញ​ (Phu Chanh) ខេត្ត​ប៊ិញ​យឿង​ (Binh Duong) បង្ហាញ​ពី​ការ​រួម​ប្រាស្រ័យ​ទូលាយ​​រវាង​មជ្ឈមណ្ឌល​វប្បធម៌​​​យុគលោហៈ ​​នៅ​វៀតណាម​។​
 
ចំណែក​បុរាណវិទ្យា​ប្រវត្តិ​សាស្រ្ត​ឧទ្ទេសនាម ​​ទៅ​ដល់​មហាជន​នូវ​រតនវត្ថុបុរាណ​វិទ្យា​វៀតណាម​ជាច្រើន​​នៅ​១០សតវត្ស​​ដើម​គ្រិស​សករាជ​ ជាមួយ​នឹង​​ខឿន​វប្បធម៌ទាំងឡាយ​​ដូច​ជា៖​ វប្បធម៌ចម្បា​​ និង​បេតិកភណ្ឌ​​វប្បធម៌​​ពិភពលោក​​មី​សើន​ (My Son) និង​ស្នាដៃ​ចម្លាក់​ថ្ម​លើ​ផ្ទាំង​ថ្មដ៏​ធំ ​ចំណុះ​រចនាបថ​​ត្រាកេវ (Tra Kieu) - ខេត្ត​ក្វាង​ណាម​ (Quang Nam) ថាប​​ម៉ឹម​ (Thap Mam) - ខេត្ត​ប៊ិញ​ឌិញ (Binh Dinh) ​ដូចជា៖ ​សត្វ​តោថ្ម​ គ្រុឌ អសុរា ប្រសូត្រ​ចេញពី​មាត់​សត្វមករ​​​ ផ្ទាំង​ចម្លាក់​អ្នក​បួស​ ផ្ទាំង​បូណារា​ (​Ponaga)។ល។ វប្បធម៌​អូកែវ​ នគរភ្នំ​ជាមួយនឹង​​​ចញ្ចៀន​​មាស​ ស្លឹក​មាស​តុប​តែង​​ព្រះវិស្ណុ ស្លឹក​មាស​តុបតែង​ព្រះអាទិត្យ​។ល។ មាន​អាយុ​កាល​សតវត្ស​ទី​៣ - ទី​៦។


 រូប​សំណាក​សត្វ​ (សំរឹទ្ធ​)។ វប្បធម៌​ដុង​ណាយ (Dong Nai) ចន្លោះ​ពេល​​​បច្ចុប្បន្ន​ប្រហែល​​២.៥០០ឆ្នាំ​។ កំណាយ​​នៅ​​យក់​ចួរ​ (Doc Chua) តឹន​អ្វៀន​ (Tan Yen) ខេត្ត​ប៊ិញ​យឿង (Binh Duong) ​ឆ្នាំ​១៩៧៧។ សំណាក​រូបសត្វ​ចតុបាទ​ ឈរ​លើ​រូបសណ្ឋាន​ការេ​។ ក្បាល​ងើបខ្ពស់​​ ចំពុះ​​វែង​ មាត់​​ធំ។

 គ្រាប់​​ព្រួញ​ (សំរឹទ្ធ​​ - ថ្ម)។​ វប្បធម៌​ដុង​សើន​​  (Dong Son) ចន្លោះពី២.៥០០ - ២.០០០​ឆ្នាំ​មុន កូ​ឡ (Co Lo) ដុង​អាញ​ (Dong Anh) ក្រុង​ហាណូយ​។ ការ​រក​ឃើញ​ឃ្លាំង​គ្រាប់ព្រួញ​ ពុម្ព​សិត​គ្រាប់​ព្រួញ​នៅ​កូឡ​ (Co Lo) និង​ស្នា​បានរក​ឃើញ​នៅ​កេរដំណែល​​វប្បធម៌​ដុង​សើន​ (Dong Son) ជាវត្ថុតាង​ពិតប្រាកដ​ជួយ​បំភ្លឺ​រឿង​ទេវកថា​ប្រវត្តិសាស្រ្ត​អំពី​សម័យ​បង្កើត​ទឹកដី​​និង​រក្សា​ជាតិ​នៃ​ជនជាតិ​វៀតណាម​។ គ្រាប់​ព្រួញ​រាប់​រយ​ដើម​ និង​ពុម្ព​សិត​បាន​រក​ឃើញ​នៅទី​នេះ បាន​បញ្ជក់​ថា​កូ​ឡ​ (Co Lo) ជា​មជ្ឈមណ្ឌល​នយោបាយ​ យោធា​ សេដ្ឋកិច្ច​ដ៏​ធំ​នៃ​ប្រទេស​អូវ​ឡាក (Au Lac) សម័យ​ស្តេច​អាន​យឿង​វឿង (An Duong Vuong)​។​

 ទម្រង់​ផ្ទះ​នៅ​(​ដី​ដុត​)។ សតវត្ស​ទី​១ - ​៣ Bezacier រកឃើញ​នៅ​កូវ​យ៉ី (Cau Giay)  ក្រុង​ហាណូយ​ នៅ​ខែមីនា ​ឆ្នាំ​១៩៣៦​។ ទម្រង់​ផ្ទះ​ជា​គ្រឿង​បូជា​សព​​​ ​បាន​​រក​ឃើញ​ទូទៅ​នៅ​តាម​ផ្នូរ​ខ្មោច​​ ដំណាក់កាល​ប្រវត្តិសាស្រ្ត​​១០​សតវត្ស​​​​ដើមគ្រិសសករាជ​។ នេះ​ជា​ឯកសារ​កម្រសម្រាប់​​​ស្វែង​​យល់​​អំពី​ជីវភាព​រស់​​នៅក្នុង​​សង្គម​ ស្ថាបត្យ​កម្ម​​។ល។​ នាសម័យ​នោះ​។​

 ថូសំរឹទ្ធ​​។ សតវត្សរ៍​ទី​១ - ២ ភូ​ស្វៀន​ (Phu Xuyen) ខេត្ត​ហាតី (Ha Tay)។ ថូ​មាន​រចនាបថ​តុបតែង​ បច្ចេកទេស​សិត​​ប្រកប​លក្ខណៈ​វប្បធម៌​ដុង​សើន (Dong Son) សឲ្យឃើញ​​ការ​អភិរក្ស​វប្បធម៌​ដុង​សើន​ (Dong Son) រហូត​ដល់​ប៉ុន្មាន​សតវត្សដើម​គ្រិសសករាជ​។ ជា​ពិសេស​នៅ​លើពាក់​កណ្តាល​​​មាត់​ថូ ​មាន​ចារ​​អក្សរ​ហាន​រួមមាន​១៤​អក្សរ​៖ លី​ឡូវ​ហូយុង​ញ៉ឹត​ថាច់​យ័ញ​វៀត​វ៉ានតេដេវីថឹប​ឡុក​ (​Luy Lau ho dung nhat thach danh viet van tue de vi thap luc)។ មាន​ន័យ​ថា​ថូ​លីលូវ​ (Luy Lau) ទុក​បានត្បូង​ថ្មមួយ​​ មានឈ្មោះថា​ “​វ៉ាន​តេ (Van Te)” ជា​វត្ថុទី​១៦។

 ជ្រុង​មួយនៃ​តាំងពិព័រណ៍​រូប​សំណាក​​ថ្ម​​របស់​ចម្បា​ ក្នុងបរិយាកាស​ប្រធានពិសេស​​៖ “រតនវត្ថុ​បុរាន​វិទ្យា​វៀតណាម​។​

 រូបសំណាក​សត្វតោ (​ថ្មខ្សាច់) ចំណុះ​វប្បធម៌​ចម្បា​​សតវត្ស​ទី​១២ - ១៣ បាន​កំណាយ​នៅ​ថាប​ម៉ឹម​ (Thap Mam) ខេត្ត​ប៊ិញ​ឌិញ (Binh Dinh)។​ សត្វតោ​ជា​រូប​សំណាក​ជា​ទូទៅ​ក្នុង​ចម្លាក់​ក្បាច់រចនា​​​ចម្បា​ ជា​និមិត្តរូប​​នៃ​រាជអំណាច​ អភិជន​ ​​និង​កម្លាំង​។ តាម​រឿង​ដំណាល​​ឥណ្ឌា​​ សត្វតោ​ជា​កំណើត​មួយ​ក្នុង​ចំណោម​កំណើត​របស់​ព្រះវិស្ណុ​ ហើយ​សម្លាប់​បាន​យក្ខ Hiraya Kapipu ​។ សត្វតោ​ចម្បា​តែង​បាន​បង្កើត​រូប​មាន​មុខមាត់​​កំណាចខ្លាំង​​ ក្រោម​​ឥរិយាបថ​​​ឈរ ​អង្គុយ​ បត់​ជង្គង់​ ច្រើន​បំផុត​គឺ​​ឥរិយាបថ​ឈរ​។ ក្នុង​ប្រាសាទ​ចម្បា​ រូប​ណា​ក​សត្វ​តោ​តែង​បាន​ភ្ជាប់នឹង​ជើង​ប្រាសាទ​។​

 សិវយោនី​ (ថ្ម​ខ្សាច់​)​ ចំណុះ​វប្បធម៌​ចម្បា សតវត្សរ៍​ទី​១២ - ១៣ ​(សិវៈ​​ក្នុងរូបភាព​ធ្វើ​​​​ទុក្ក​​រកិរិ​យា​​)។ កំណាយនៅ​ថាប​ម៉ឹម (Thap Mam) ខេត្ត​​ប៊ិញ​ឌិញ (Binh Dinh) ​ឆ្នាំ​២០១១។ សិវៈ​ជា​អាទិទេព​ជាន់​ខ្ពស់​​ក្នុង​សា​សនាហិណ្ឌូ​ ព្រះអង្គមាន​ច្រើនរូបភាព​​រ​ចនា​បថ យក​កំណើត​។ សិវយោនី​ ជា​ព្រះសិវ​ក្រោម​រចនាបថ​ធ្វើ​ទុក្ករកិរិយា​ កំពុង​អង្គុយ​សមាធិ ដៃកាន់​ខ្សែ​អង្កាំ​ ពុក​មាត់​សក់​ដុះវែង​ៗ។​

 លិង្គ​ (ថ្មក្វាត)។​ សតវត្សរ៍​ទី​៨ -​ ​៩ ​កាតតៀន (Cat Tien) ខេត្ត​ឡឹម​ដុង​ (Lam Dong)​។ លិង្គ​​​ជា​វត្ថុសក្ការ​បូជា​ ស្ទើរទាំងអស់​វត្ថុបែប​នេះ​តែ​ង​បាន​ធ្វើអំពី​ថ្មខ្សាច់​​​ ខ្នាត​ធំ និង​តែង​បានដាក់​តម្កល់​​ខាង​មុខអាសនៈ​បូជា​នៅ​ក្នុង​​ទីសក្ការបូជា​ ​ខាង​ក្រៅ​ ឬ​មណ្ឌលសក្ការ​​បូជា​របស់​អ្នកស្រុក។ លិង្គ​រក​ឃើញ​នៅ​កាតតៀន (Cat Tien) ​មាន​ខ្នាតតូច​ ធ្វើ​អំពី​មាស​​និង​​ថ្មក្វាត​​ជា​បែប​មួយ​កម្រ​ជួ​ប​។ លិង្គ​ជា​វត្ថុកម្រសំខាន់​​ ​​បាន​យក​​ចេញសម្រាប់​​ថ្វាយ​​បូជា ​​​នាឱកាស​ពិធីបុណ្យ​នៅតាម​​មណ្ឌល​ប្រាសាទទី​សក្ការបូជា។​

 (ពី​ឆ្វេង​ទៅ​ស្តាំ​)​ ថូទិប៉ា​ (Ty Ba) រូបសំណាកនារី​​​អភិជន​ ប៉ាន់​អឹម​ភឿង​ (Am Phuong) (កុលាលភាជន៍​ហ្វ័រ​ឡាម - Hoa Lam​) សម័យ​រាជការ​​​ឡេ​សើ​ (Le So) សតវត្ស​ទី​១៥។​ នាវាបូរាណ​​កូឡាវ​ចាម​ (Cu Lao Cham) ក្រុង​ហូយអាន (Hoi An) ខេត្ត​ក្វាង​និញ (Quang Ninh) ​។ កំណាយ​ពី​ឆ្នាំ​១៩៩៧​ - ២០០០។​​

ចំណែក​តាំងបង្ហាញ​រតន​វត្ថុ​បុរណាវិទ្យា​សម័យ​សក្តិភូមិ​ នឹង​បាន​ឧទ្ទេសនាម​វត្ថុតាង​ដែលជា​​ស្លាក​ស្នាម​រាជវាំង​បុរាណ​ដូចជា៖  ក្បឿង​តុបតែងញីឈ្មោល​ (ហ្វ័ឡឺ​ (Hoa Lu) - ខេត្ត​និញ​​ប៊ិញ (Ninh Binh​) ថ្មកសាង​រាជវាំង​​។ល។​ ជា​ពិសេស​ឧទ្ទេសនាម​​វត្ថុតាង ដែល​​ស្វែង​រកឃើញ​នៅ​មណ្ឌល​​បេតិកភណ្ឌ​វប្បធម៌​​ពិភពលោក​ គឺជា​​​រាជវាំង​រាជការ​ហូ​ (Ho) (ខេត្ត​ថាញ​ហ័រ - Thanh Hoa​) និង​រាជវាំង​ថាំងឡុង​ (Thang Long) (ហាណូយ​)​។​
 
ប្រការ​ពិសេស​នៃការ​តាំង​បង្ហាញ​នេះ បាន​រៀប​ចំ​ជោគជ័យ​នៅ​ប្រទេស​អាល្លឺ​ម៉ង់​​ នៅ​ឆ្នាំ​២០១៦ - ខែ​កុម្ភៈ ឆ្នាំ​២០១៨ ទាក់ទាញ​ការ​យកចិត្ត​ទុកដាក់​នៃ​មហាជន​អាល្លឺ​ម៉ង់​ ជួយ​ប្រជាជន​អាល្លឺម៉ង់​ និង​​ទ្វីប​អ៊ឺរុប​ យល់​បន្លែម​ពី​ទឹក​ដី​ ប្រវត្តិសាស្រ្ត​ វប្បធម៌​ មនុស្ស​វៀតណាម​ តាម​រយៈ​ឯកសារ​​វត្ថុតាង​។  ទន្ទឹមនឹង​​សកម្មភាព​តាំងពិព័រណ៍​ សហប្រតិបត្តិ​ការ​រវាង​វៀតណាម​ និង​អាល្លឺ​ម៉ង​ នៅទាំង​​សហការអនុវត្ត​លើ​វិស័យ​ដូចជា​៖ ស្រាវ​ជ្រាវ​ កំណាយ​បុរាណ​វិទ្យា​ រក្សាទុក​ បណ្តុះ​បណ្តាល​ ចុះ​ផ្សាយ​។ល៕ 

 

អត្ថបទនិង​រូបថត៖ កុង​ដាត - ត្រឹន​ថាញ​យ៉ាង​


top