នារសៀលថ្ងៃទី ២៥ ខែកក្កដា នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជាបានប្រព្រឹត្តិទៅពិធីរំលឹកខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគីរវាងសហព័ន្ធនារីវៀតណាម និងសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ដំណាក់កាល ២០២២-២០២៧។ អញ្ជើញថ្លែងមតិនៅទីនេះ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី កម្ពុជា បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពសម្របសម្រួលគ្នារវាងសមាគមនារីវៀតណាម-កម្ពុជា នាពេលកន្លងទៅ សំដៅពង្រឹង ថែរក្សានិងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ព្រមទាំងអះអាងថា ប្រជាពលរដ្ឋ និងនារីកម្ពុជាជានិច្ចកាលចងចាំប្រពៃណីប្រវត្តិសាស្ត្រដ៏ល្អប្រសើរ ការជួយឧបត្ថម្ភគាំទ្ររបស់វៀតណាមសម្រាប់កម្ពុជាឲ្យរួចផុតពីទុក្ខវេទនា និងសោកនាដកម្មដើម្បីក្លាយទៅជាប្រទេសមួយមានឯកភាពជាតិ សន្តិភាពយ៉ាងពេញលេញ អភិវឌ្ឍន៍ ជឿនលឿនលើគ្រប់វិស័យ។
ប្រធានសហព័ន្ធនារីវៀតណាម លោកស្រី Ha Thi Nga
ជាការឆ្លើយតប ប្រធានសហព័ន្ធនារីវៀតណាម លោកស្រី Ha Thi Nga បានឲ្យដឹងថា កិច្ចសហប្រតិបត្តិការរបស់ភាគីទាំងពីរចាំបាច់ត្រូវពង្រឹង និងពង្រីកថែមទៀតទាំងនៅថ្នាក់មជ្ឈឹម និងមូលដ្ឋាន។ ក្រៅពីកិច្ចសហប្រតិបត្តិការ ដែលបានចែងក្នុងកិច្ចព្រមព្រៀងនោះ សមាគមនារីនៃប្រទេសទាំងពីរចាំបាច់ត្រូវ ចូលរួមចំណែកបន្ថែមទៀតដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ និងតំបន់ ដូចជាកិច្ចសហប្រតិបត្តិការក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) អនុតំបន់មេគង្គ និងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ជាដើម។
ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគីដំណាក់កាល ២០២២-២០២៧
នៅចុងបញ្ចប់នៃពិធីអបអរសាទរ ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគីដំណាក់កាល ២០២២-២០២៧ ផងដែរ៕