ព័ត៌មាន

សន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសវៀតណាម

វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ៧១ ដែលត្រូវបានប្រទេសម្ចាស់ផ្ទះអាហ្វ្រិកខាងត្បូងអញ្ជើញចូលរួមសន្និសីទកំពូលរបស់ BRICS (រួមមានសន្និសីទចំនួន ២ គឺសន្និសីទ BRICS - អាហ្វ្រិក និងកិច្ចសន្ទនា BRICS បើកទូលាយ)។

នារសៀលទី១៧ ខែសីហា ឆ្នាំ២០២៣ នៅក្នុងសន្និសីទកាសែតជាប្រចាំនៅទីក្រុងហាណូយ ឆ្លើយសំណួររបស់អ្នកយកព័ត៌មានទាក់ទិនដល់សុន្ទរកថារបស់រដ្ឋមន្ត្រីការពារជាតិសហព័ន្ធរុស្ស៊ីលោក Sergei Shoigu ស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម - សហព័ន្ធរុស្ស៊ី អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang បានលើកច្បាស់ថា៖ វៀតណាមជានិច្ចកាលយកចិត្តទុកដាក់លើការអភិវឌ្ឍភាពទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយសហព័ន្ធរុស្ស៊ីលើវិស័យជាច្រើន ក្នុងនោះមានកិច្ចសហប្រតិបត្តិការការពារជាតិ។ ទំនាក់ទំនងសហប្រតិបត្តិការការពារជាតិរវាងភាគីទាំងពីរត្រូវបានរក្សានិងអភិវឌ្ឍន៍ស្របតាមឯកសារនិងកិច្ចព្រមព្រៀងសហប្រតិបត្តិការ ជាពិសេសសេចក្តីថ្លែងការណ៍ចក្ខុវិស័យរួមស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិដំណាក់កាល ២០២០-២០២២ និងយន្តការសហប្រតិបត្តិការផ្សេងៗទៀតដែលបានបង្កើតឡើងនាពេលកន្លងមក តាមនោះ រួមចំណែកដល់សន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍក្នុងតំបន់ ក៏ដូចជាលើពិភពលោក

ចំពោះព័ត៌មានដែលថាប្រធានាធិបតីអាមេរិក លោក Joe Biden នឹងបំពេញទស្សនកិច្ចនៅវៀតណាមនាពេលខាងមុខនេះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang បានលើកច្បាស់ថា ភាគីទាំងពីរកំពុងផ្លាស់ប្តូរវិធានការដើម្បីបន្តធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងទិសដៅស្ថិរភាព ជាក់ស្តែង និងយូរអង្វែង ឆ្ពោះទៅរកទំនាក់ទំនងថ្មីនៅពេលមានលក្ខខណ្ឌសមស្រប រួមចំណែកដល់សន្តិភាព ស្ថិរភាពកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងលើពិភពលោក។

ទាក់ទិនដល់ការដែលចិនកំពុងសាងសង់ផ្លូវហោះហើរនៅកោះ Tri Ton ចំណុះប្រជុំកោះ Hoang Sa លោកស្រី Pham Thu Hang បានឲ្យដឹងថា៖ បណ្ដាស្ថាប័នរបស់វៀតណាមកំពុងផ្ទៀងផ្ទាត់ព័ត៌មាននេះ ព្រហើយបានអះអាងពីទស្សនៈឥតងាករេរបស់វៀតណាម គឺរាល់សកម្មភាពនៅតំបន់ប្រជុំកោះ Hoang Sa ដែលគ្មានការអនុញ្ញាតរបស់វៀតណាម គឺរំលោភបំពានទៅលើអធិបតេយ្យភាពរបស់វៀតណាម បង្កស្ថានភាពស្មុគស្មាញ មិនមានផលប្រយោជន៍សម្រាប់សន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់ សន្តិសុខ សេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើតនោះឡើយ។

ក្នុងសន្និសីទកាសែតនេះដែរ ដោយលើកឡើងអំពីទំនាក់ទំនងរវាងវៀតណាមជាមួយក្រុមបណ្ដាខឿនសេដ្ឋកិច្ចទើបលេចចេញជួរមុខលើពិភពលោក (BRICS) អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានអោយដឹងថា៖ វៀតណាមជានិច្ចកាលត្រៀមខ្លួនជាស្រេចដើម្បីចូលរួមនិងរួមចំណែកយ៉ាងសកម្មក្នុងបណ្ដាយន្តការ អង្គការ វេទិកាពហុភាគីសកលនិងតំបន់។ ក៏ដូចទៅនឹងប្រទេសជាច្រើនលើពិភពលោក វៀតណាមយកចិត្តទុកដាក់តាមដានដំណើរការពិភាក្សាអំពីការពង្រីកសមាជិករបស់ក្រុម BRICS។ វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ៧១ ដែលត្រូវបានប្រទេសម្ចាស់ផ្ទះអាហ្វ្រិកខាងត្បូងអញ្ជើញចូលរួមសន្និសីទកំពូលរបស់ BRICS (រួមមានសន្និសីទចំនួន ២ គឺសន្និសីទ BRICS - អាហ្វ្រិក និងកិច្ចសន្ទនា BRICS បើកទូលាយ)។ វៀតណាមគ្រោងនឹងបញ្ជូនតំណាងឱ្យចូលរួមក្នុងសន្និសីទទាំងនេះ៕


top