ព័ត៌មាន

សន្និសីទរដ្ឋមន្ត្រីការបរទេសណាតូ នឹងពិភាក្សាអំពីបញ្ហាសំខាន់ៗជាច្រើន

រដ្ឋមន្ត្រីការបរទេសនៃប្រទេសជាសមាជិកអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) នឹងជួបប្រជុំគ្នាចាប់ពីថ្ងៃទី ៦-៧ ខែមេសា នៅទីក្រុងប្រ៊ុចសែល ដើម្បីពិភាក្សាអំពីដំណោះស្រាយកាត់បន្ថយជម្លោះយោធារវាងរុស្ស៊ី និងអ៊ុយក្រែន។
  ទង់ជាតិនៃប្រទេសជាសមាជិកអង្គការណាតូ ។ (រូបថត៖ AFP/TTXVN)  

នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី៥ ខែមេសា នៅទីស្នាក់ការសម្ព័ន្ធភាពយោធានេះនៅទីក្រុងប្រ៊ុចសែល អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានឲ្យដឹងថា សម្ព័ន្ធមិត្តនឹងពិភាក្សាអំពីគោលគំនិតយុទ្ធសាស្ត្រថ្មីរបស់ណាតូ ដែលជួយសម្ព័ន្ធភាពនេះកំណត់ទិសដៅ ដើម្បីសម្របខ្លួនទៅនឹងតថភាពសន្តិសុខថ្មីរបស់ពិភពលោក។ ឯកសារនេះ បានរៀបរាប់ពីគោលដៅរបស់សម្ព័ន្ធភាព ប៉ុន្តែមិនបានកែសម្រួលចាប់តាំងពីឆ្នាំ២០១០មក ហើយត្រូវបានរំពឹងថានឹងធ្វើបច្ចុប្បន្នភាពនៅឯកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅទីក្រុងម៉ាឌ្រីដ(អេស្ប៉ាញ) នៅខែមិថុនាខាងមុខ។ កំណែថ្មីនេះ នឹងត្រូវដោះស្រាយសេណារីយ៉ូភូមិសាស្ត្រនយោបាយថ្មី បន្ទាប់ពីប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែន។

ក្រៅពីនេះ បណ្តារដ្ឋមន្ត្រីការបរទេសនឹងពិភាក្សា ហើយអនុម័តលើបទប្បញ្ញត្តិស្តីពីគំនិតផ្តួចផ្តើម បង្កើនល្បឿននវានុវត្តន៍កិច្ចការពារជាតិសម្រាប់តំបន់អាត្លង់ទិកខាងជើង (DIANA) សំដៅលើកកម្ពស់នវានុវត្តភាពអន្តរអាត្លង់ទិក។

នៅថ្ងៃទី ៧ ខែមេសា រដ្ឋមន្ត្រីការបរទេសណាតូនឹងជួបជាមួយសមភាគីមកពីប្រទេសហ្វាំងឡង់ ស៊ុយអែត ហ្សកហ្ស៊ី សហភាពអឺរ៉ុប (EU) និងរដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសដៃគូក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក រួមមានអូស្ត្រាលី ជប៉ុន នូវែលសេឡង់ និងកូរ៉េខាងត្បូង។ ក្រោយមក កិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេសណាតូនឹងផ្តោតសំខាន់លើស្ថានភាពនៅអ៊ុយក្រែន៕


top