នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ គណៈកម្មាធិការបញ្ជាណែនាំមជ្ឈិមទទួលបន្ទុកលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោម ទូទាំងប្រទេស (គណៈកម្មាធិការដឹកនាំ) បានរៀបចំសន្និសីទបូកសរុបកម្មវិធី និងចលនាប្រឡងប្រណាំង “ប្រទេសទាំងមូលរួមដៃគ្នាលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោម”។ នេះគឺជាយុទ្ធនាការសង្គមដ៏ទូលំទូលាយដែលមានសារៈសំខាន់ពិសេស ដោយត្រូវបានចាត់ទុកថា ជា "គម្រោងជាតិពិសេស"។
ទិដ្ឋភាពនៃសន្និសិទ។ រូបថត៖Lại Hoa/VOV
យោងតាមរបាយការណ៍របស់ក្រសួងជនជាតិ និងសាសនា កម្មវិធីនេះបានលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុធទ្រោមចំនួន ៣៣៤.២៣៤ ខ្នង ដែលមានតម្លៃសរុបជិត ៥០.០០០ ពាន់លានដុង (ជិត ១,៩ ពាន់លានដុល្លារអាមេរិក)។ ដូច្នេះហើយ វៀតណាមបានបំពេញគោលដៅជាមូលដ្ឋានក្នុងការលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោមទូទាំងប្រទេស បន្ទាប់ពីរយៈពេលជាង ១ ឆ្នាំចាប់តាំងពីថ្ងៃដែលលោកនាយករដ្ឋមន្ត្រីបានបំផុសចលនាប្រឡងណាំងមក (៣ មេសា ២០២៤)។ ជាមួយនឹងលទ្ធផលនេះ ប្រទេសវៀតណាមក៏បានឈានដល់គោលដៅមុន ៥ ឆ្នាំលឿនជាងគោលដៅដែលបានកំណត់ សម្រាប់ឆ្នាំ ២០៣០ ក្នុងការលុបបំបាត់ចោលទាំងស្រុងនូវផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោម សម្រាប់គ្រួសារក្រីក្រ គ្រួសារលើបន្ទាត់ក្រីក្រ និងប្រជាជនដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ និងការប្រែប្រួលអាកាសធាតុ។ អញ្ជើញថ្លែងមតិក្នុងសន្និសីទ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអះអាងថា៖
“នេះគឺជាអព្ភូតហេតុដែលរួមចំណែកដល់កម្មវិធីលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព ពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ទស្សនវិស័យអភិវឌ្ឍន៍ ភាពយុត្តិធម៌ វឌ្ឍនភាពសង្គម និងនិរន្តរភាពនៃប្រទេសក្នុងរយៈពេលថ្មី។ ផ្ទះនីមួយៗគឺជាសក្ខីភាពនៃការរស់នៅ - ជា "អំណោយ" "ផ្ទះដ៏កក់ក្តៅ" "សេចក្តីស្រឡាញ់" ការចែករំលែកជាមួយអ្នកជួបការលំបាក ជាការតបស្នងសង់គុណដល់អ្នកដែលមានគុណូបការៈ អនុវត្តគោលនយោបាយ និងគោលការណ៍ណែនាំត្រឹមត្រូវរបស់បក្ស; បង្ហាញពីគុណធម៌ល្អប្រសើរ; ជម្រុញមោទនភាពជាតិ និងការគោរពខ្លួនឯង ពង្រឹងទំនុកចិត្តរបស់ប្រជាជនលើការដឹកនាំរបស់បក្ស ក៏ដូចជា បង្កើនផែនមហាសាមគ្គីជនជាតិទាំងមូល”។
លោកនាយករដ្ឋមន្ត្រីជឿជាក់ថា ប្រទេសទាំងមូលនឹងសម្រេចបាននូវគោលដៅដែលបានកំណត់ដោយជោគជ័យក្នុងការបន្តការច្នៃប្រឌិត និងលើកកំពស់គុណភាពនៃគោលនយោបាយសង្គម។ អនុវត្តគោលដៅយុទ្ធសាស្ត្រទាំងពីរសម្រាប់ ១០០ ឆ្នាំខាងមុខ ដល់ឆ្នាំ ២០៣០ និង២០៤៥ រួមចំណែកនាំប្រទេសជាតិឆ្ពោះទៅកាន់យុគសម័យសម្បូររុងរឿង អរិយធម៌ និងវិបុលភាពរបស់ប្រជាជនវៀតណាម៕