នាថ្ងៃត្រង់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិ ទីក្រុងហាណូយ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតីក្នុងសន្និសីទកាសែតអន្តរជាតិស្ដីពីលទ្ធផលនៃកិច្ចប្រជុំ GMS លើកទី៦។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (ខាងស្ដាំ) ប្រកាសលទ្ធផលនៃកិច្ចប្រជុំ GMS (រូបថត៖ VOV5)
លោកនាយករដ្ឋមន្រ្តីវាយតំលៃថា កិច្ចប្រជុំលើកនេះបានបញ្ចប់ប្រកបដោយជោគជ័យដោយការអនុម័តលើសេចក្ដីថ្លែងការណ៍រួម ផែនការហាណូយដំណាក់កាល២០១៨-២០២២និងក្របខ័ណ្ឌវិនិយោគក្នុងតំបន់ដល់ឆ្នាំ២០២២។
“កិច្ចប្រជុំបានដាក់ចេញទិសដៅសហប្រតិបតិ្តការធំៗក្នុងរយៈពេលមធ្យមនិងកសាងទស្សនៈវិស័យសហប្រតិបតិ្តការក្នុងរយៈពេលយូរអង្វែង។ យើងខ្ញុំបានអនុម័តលើឯកសារសំខាន់ចំនួន ៣ ។ ផែនការធ្វើសកម្មភាពហាណូយដំណាក់កាល២០១៨-២០២២ជាឯកសារដែលកំណត់ទិសដៅសំរាប់វិស័យស្នូលៗនិងវិធានការសហប្រតិបតិ្តការក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។ ក្របខ័ណ្ឌវិនិយោគក្នុងតំបន់ដល់ឆ្នាំ២០២២ជាបញ្ជីឈ្មោះគម្រោងការណ៍ជាង ២២ ដោយដើមទុនសរុបប្រមាណ៦៥ពាន់លានដុល្លាអាមេរិក។ ក្រៅពីនោះ កិច្ចប្រជុំក៏បានបំផុសទស្សនៈវិស័យក្នុងរយៈពេលយូរអង្វែងក្រោយពីឆ្នាំ២០២២ផងដែរ”។
ក្នុងសន្និសីទកាសែតនេះ ប្រធានធនាគារអភិវឌ្ឍន៍ទ្វីបអាស៊ី (ADB) លោក Takehiko Nakao បានវាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍនិងកិច្ចសហប្រតិបតិ្តការរបស់ GMS ក្នុងរយៈពេល២៥ឆ្នាំកន្លងមក។
“ខ្ញុំជឿជាក់ថា មហាអនុតំបន់ទន្លេមេគង្គមានសក្ដានុពលជាច្រើន។ ADB គ្រោងនឹងផ្ដល់ទឹកប្រាក់យ៉ាងហោចណាស់៧ពាន់លានដុល្លាអាមេរិក សំរាប់គម្រោងការណ៍នាបច្ចុប្បន្ននិងនាអនាគតនៅតំបន់ GMS”។ ថ្នាក់ដឹកនាំ ADB រូបនេះជឿជាក់ថា ការវិនិយោគខាងលើនឹងរួមចំណែកជំរុញការអភិវឌ្ឍនៃប្រទេសទាំងឡាយក្នុងតំបន់៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម