ព័ត៌មាន

សក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងអារ៉ាប៊ីសាអូឌីត នៅតែមានច្រើនណាស់

នេះជាការបញ្ជាក់របស់នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ក្នុងជំនួបជាមួយឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតប្រចាំនៅវៀតណាម លោក Mohammed Ismaeil A. Dahlwy ក្នុងឱកាសចូលជួបសម្តែងការគួរសមនៅទីស្នាក់ការ រដ្ឋាភិបាល នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។

លោកនាយករដ្ឋមន្ត្រីបាននិយាយថា វៀតណាមយកចិត្តទុកដាក់ ហើយមាន បំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនៅមជ្ឈិមបូព៌ា ក្នុងនោះ មានទាំងអារ៉ាប៊ីសាអូឌីត ដែលជាប្រទេសដ៏ធំមួយជាមួយនឹងតួនាទីសំខាន់នៅក្នុង តំបន់។ លោកនាយករដ្ឋមន្ត្រីបានស្នើថា នាពេលខាងមុខ ភាគីទាំងពីរបង្កើន និង សម្របសម្រួលគ្នារៀបចំឲ្យបានល្អនូវសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់; ពង្រីកថែមទៀតនូវតួនាទីនៃយន្តការសហប្រតិបត្តិការទ្វេភាគី ឆាប់រៀបចំកិច្ចប្រជុំលើក ទី ៥ នៃគណៈកម្មការអន្តររដ្ឋាភិបាលវៀតណាម - អារ៉ាប៊ីសាអូឌីតក្នុងឆ្នាំ ២០២៣; ស្នើ ឲ្យអារ៉ាប៊ីសាអូឌីតគាំទ្រវៀតណាមឱ្យឆាប់សម្រេចនីតិវិធីរួចរាល់សម្រាប់ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយលេខាធិការដ្ឋានក្រុមប្រឹក្សាសហប្រតិបត្តិការតំបន់ឈូងសមុទ្រពែក្ស (GCC)។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមស្វាគមន៍ និងត្រៀមខ្លួនជាស្រេចបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សកម្មភាពនៃ មូលនិធិវិនិយោគ និងសម្ព័ន្ធក្រុមហ៊ុននានារបស់អារ៉ាប៊ីសាអូឌីតនៅវៀតណាម; ស្នើឱ្យ ភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ ទេសចរណ៍; ពលករនិងការងារ ជាដើម។

រីឯខ្លួនវិញ លោកឯកអគ្គរាជទូត Mohammed Ismaeil A. Dahlwy បានឲ្យដឹងថា ភាគីអារ៉ាប៊ីសាអូឌីតកំពុងខិតខំប្រឹងប្រែងសម្របសម្រួលជាមួយទីភ្នាក់ងារវៀតណាម ដើម្បីដាក់ឲ្យដំណើរការនូវវិស័យសហប្រតិបត្តិការជាក់ស្ដែងនានា។ ក្នុងនោះ មាន ការជំរុញការអនុវត្តកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា ហើយដំណើរការចរចាដើម្បី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីៗបន្ថែមទៀត ជាពិសេសកិច្ចសហប្រតិបត្តិការក្នុង ការអភិវឌ្ឍវិស័យម្ហូបអាហារហាឡាល់៕


top