ព័ត៌មាន

សកម្មភាពរបស់លោកប្រធានរដ្ឋ Nguyen Xuan Phuc ក្នុងដំណើរទស្សនកិច្ចផ្លូវការមិត្តភាពនៅឡាវ

ទិដ្ឋភាពនៃជំនួបពិភាក្សា (រូបថត៖ VOV)
 

នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ នៅរដ្ឋធានីវៀងចន្ទន៍ អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith និងភរិយាបានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជូនចំពោះលោកប្រធានរដ្ឋ Nguyen Xuan Phuc និងភរិយា ដោយពិធីការខ្ពង់ខ្ពស់បំផុតចំពោះប្រមុខរដ្ឋ។ បន្ទាប់ពីពិធីទទួលស្វាគមន៍មក អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith និងប្រធានរដ្ឋ Nguyen Xuan Phuc បានអញ្ជើញ ជួបពិភាក្សាការងារ។

ថ្នាក់ដឹកនាំទាំងពីររូបបានពិភាក្សាអំពីវិធានការលើកកម្ពស់ទំនាក់ទំនងដ៏ល្អប្រសើរ សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឡាវឱ្យមានការអភិវឌ្ឍកាន់តែស៊ីជម្រៅ ប្រកបដោយប្រសិទ្ធភាពនិងជាក់ស្តែង។

ថ្នាក់ដឹកនាំទាំងពីររូបបានចំណាយពេលជាច្រើនពិភាក្សា អំពីវិធានការគាំទ្រគ្នាទៅវិញទៅមកក្នុងការដោះស្រាយបញ្ហាលំបាកដែលបណ្តាលមកពីជំងឺកូវីដ ១៩ សម្រាប់ប្រទេសនីមួយៗ និងសម្រាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការវៀតណាម-ឡាវ។ ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពរួមគ្នាជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យចាប់ពីវិស័យនយោបាយ ការទូត ការពារជាតិនិងសន្តិសុខ រហូតដល់វិស័យអប់រំ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ថាមពល វប្បធម៌និងវិទ្យាសាស្ត្របច្ចេកវិទ្យា ដើម្បីរួមគ្នា ឆ្លងផុតរាល់បញ្ហាប្រឈម និងឆ្លៀតយកឱកាសដែលបដិវត្តន៍ឧស្សាហកម្ម ៤.០ នាំមក។ ភាគីទាំងពីរបានសង្កត់ធ្ងន់លើតម្រូវការដើម្បីបន្តទំនាក់ទំនងនយោ បាយកាន់តែស៊ីជម្រៅ; កិច្ចសហប្រតិបត្តិការជិតស្និទ្ធលើបញ្ហាយុទ្ធសាស្ត្រទាក់ទងនឹងសន្តិសុខនិងការអភិវឌ្ឍរបស់ប្រទេសនីមួយៗ។ ភាគីទាំងពីរបានឯកភាពគ្នារៀបចំឆ្នាំ ២០២២ ជា “ឆ្នាំមិត្ត ភាពនិងសាមគ្គីភាពរវាងវៀតណាម - ឡាវ ឡាវ - វៀតណាម ២០២២” ដើម្បីអបអរសាទរខួបលើក ទី ៦០ នៃការបង្កើតទំនាក់ទំនងការទូតនិងខួបលើកទី ៤៥ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរវៀតណាមនិងឡាវ។

បន្ទាប់ពីកិច្ចពិភាក្សានេះ លោក Nguyen Xuan Phuc និងអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ Thongloun Sisoulith  បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខានិងប្រគល់ឯកសារកិច្ចសហប្រតិបត្តិការរវាងក្រសួង សាខានិងធុរកិច្ចនៃប្រទេសទាំងពីរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top