ព័ត៌មាន

សកម្មភាពជាច្រើនរំលឹកខួប ៥០ឆ្នាំ ដែល​ទីក្រុងសៃហ្គន-យ៉ាឌិញ ត្រូវបាន​ដាក់​ឈ្មោះតាម​លោកប្រធានហូជីមិញ

នា​ថ្ងៃទី ២ ខែកក្កដា សកម្មភាពដ៏ឧឡារិកជាបន្តបន្ទាប់កំពុងប្រព្រឹត្តទៅដើម្បីរំលឹកខួប ៥០ឆ្នាំ (២ កក្កដា ១៩៧៦ - ២ កក្កដា ២០២៦) ទិវាទីក្រុងសៃហ្គន-យ៉ាឌិញ ​ត្រូវបាន​ដាក់​ឈ្មោះ​តាម​លោកប្រធានហូជីមិញ។

ពិធី​រំលឹកខួប ៥០ឆ្នាំ ទិវាទីក្រុងសៃហ្គន-យ៉ាឌិញ ត្រូវបានដាក់ឈ្មោះតាមលោកប្រធានហូជីមិញ នៅសាល Thong Nhat។ រូបថត៖ Le Linh

ជាក់​ស្តែង នៅវេលា​ម៉ោង ៧:៣០ ព្រឹក​ថ្ងៃទី ២ កក្កដា ពិធីរំលឹកជាផ្លូវការត្រូវបានធ្វើឡើងនៅសាល Thong Nhat សង្កាត់ប៊ែនថាញ់ ទីក្រុងហូជីមិញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំបក្ស និងរដ្ឋ អ្នកបដិវត្តន៍ជើងចាស់ និងតំណាង​ប្រជាជនគ្រប់ស្រទាប់វណ្ណៈនៃទីក្រុងហូជីមិញ។ នា​ល្ងាចថ្ងៃទី ២ ខែកក្កដា នឹង​ប្រព្រឹត្តទៅកម្មវិធីទូរទស្សន៍ពិសេសជាមួយនឹង​ទីតាំងផ្សាយ​ផ្ទាល់​ចំនួន​ពីរគឺ សាល Thong Nhat (ហូជីមិញ) និងទីលានបាឌិញ-វិមានតម្កល់សពលោកប្រធានហូជីមិញ (ហាណូយ) រួមជាមួយនឹងទីតាំងផ្សាយបន្តនៅក្នុងសង្កាត់ ឃុំ និងតំបន់ពិសេសនៃទីក្រុងហូជីមិញ។ នៅយប់ថ្ងៃទី ២ ខែកក្កដា ផងដែរ ទីក្រុងហូជីមិញក៏នឹងបាញ់កាំជ្រួច​ផ្កា​នៅទីតាំងចំនួន ១៦ កន្លែង ចាប់ពីម៉ោង ២១៖០០ យប់ដល់ម៉ោង ២១៖១៥នាទី។

ចំណុចលេចធ្លោមួយទៀតគឺការសម្តែង 3D Mapping អន្តរជាតិ ចាប់ពីថ្ងៃទី ១ ខែកក្កដា ដល់ថ្ងៃទី ៥ ខែកក្កដា។ តាមរយៈការរួមបញ្ចូលគ្នានៃសិល្បៈសម្តែងសហសម័យ និងបច្ចេកវិទ្យា 3D Mapping ទីក្រុងហូជីមិញបាន​នាំមក​ជូនប្រជាជន មិត្តភក្តិក្នុងស្រុក និងអ្នកទេសចរអន្តរជាតិនូវ​សារ​អំពីទីក្រុងដ៏ស្វាហាប់ ច្នៃប្រឌិត ធ្វើសមាហរណកម្ម និងអភិវឌ្ឍប្រកបដោយចីរភាព; ដោយគោរពអតីតកាល ឈាន​ជើង​យ៉ាង​រឹងមាំក្នុងបច្ចុប្បន្នកាល និងសម្លឹងឆ្ពោះទៅអនាគតដោយទំនុកចិត្ត។​ លោក Tran Thanh Lam ប្រជាជនទីក្រុងហូជីមិញម្នាក់ បានចែករំលែកថា៖ «ខ្ញុំធ្លាប់បានទស្សនាការសម្តែង 3D Mapping មុនៗ ប៉ុន្តែលើកនេះមានរូបភាព និងខ្លឹមសារថ្មីៗជាច្រើន។ ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំង​ចំពោះការសម្តែងដែលមានរូបភាព​នៃវប្បធម៌ Dai Viet បុរាណ រូបភាពអាវផាយប្រពៃណី និងសំលៀកបំពាក់​បុរាណ។ ខ្ញុំមានមោទនភាពយ៉ាងខ្លាំង​ ដែលវប្បធម៌ប្រពៃណីដ៏ស្រស់ស្អាតរបស់ប្រទេសយើងត្រូវបានបង្ហាញ និង​ឧទ្ទេសនាមដល់អ្នកទេសចរ និងមិត្តភក្តិជុំវិញពិភពលោក»​៕


top