ព័ត៌មាន

វៀតណាម​អំពាវនាវ​ឲ្យ​មាន​បទ​ឈប់​បាញ់ និង​បង្កើន​ជំនួយ​មនុស្សធម៌​នៅ​តំបន់ហ្គាហ្សា

ក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី ១០ និងទី ១១ ខែធ្នូ (ម៉ោងនៅទីក្រុងញូវយ៉ក) មហាសន្និបាតអង្គការសហប្រជាជាតិ (UN) បានបើកសម័យប្រជុំបន្ទាន់ពិសេសមួយដើម្បីពិភាក្សាអំពីជម្លោះនិងវិបត្តិមនុស្សធម៌នៅតំបន់ហ្គាហ្សា។

ថ្លែងមតិក្នុងកិច្ចប្រជុំនេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet បានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ និងយូរអង្វែងនៅទូទាំងតំបន់; ដាស់តឿនឱ្យភាគីពាក់ព័ន្ធដោះលែងចំណាប់ខ្មាំងទាំងអស់ រួមទាំងពលរដ្ឋអាស៊ាន ដោយគ្មានលក្ខខណ្ឌ។ អនុរដ្ឋមន្ត្រីក៏បានស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសមួយចំនួនក្នុងការជំរុញបទឈប់បាញ់; អំពាវនាវឱ្យប្រទេសសមាជិកក្រុមប្រឹក្សាសន្តិសុខ ខិតខំសម្របសម្រួល ដើម្បីសម្រេចបាននូវដំណោះស្រាយទម្លុះទម្លាយ សម្រាប់វិបត្តិពហុវិមាត្រនៅតំបន់ហ្គាហ្សា និងទូទាំងមជ្ឈិមបូព៌ា។

 អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet។ រូបថត៖ VNA

តំណាងវៀតណាមបានថ្កោលទោសការវាយប្រហារលើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល; អំពាវនាវឱ្យភាគីទាំងអស់អនុវត្តការអត់ធ្មត់ និងគោរពយ៉ាងមឺងម៉ាត់នូវធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ សេចក្តីសម្រេចចិត្តជាប់ពាក់ព័ន្ធនៃមហាសន្និបាត និងក្រុមប្រឹក្សាសន្តិសុខ ព្រមទាំងវិធានការបណ្តោះអាសន្នរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)។

វៀតណាម​អំពាវនាវ​ឲ្យ​មាន​បទ​ឈប់​បាញ់ និង​បង្កើន​ជំនួយ​មនុស្សធម៌​នៅ​តំបន់ហ្គាហ្សា - ảnh 2ទិដ្ឋភាពនៃសម័យប្រជុំ។ រូបថត៖ VOV

ក្នុងឱកាសនេះ អនុរដ្ឋមន្ត្រី Do Hung Viet បានអះអាងថា វៀតណាមគាំទ្រយ៉ាងខ្ជាប់ខ្ជួនដល់ប្រជាជនប៉ាឡេស្ទីនអនុវត្តសិទ្ធិស្វ័យសម្រេចរបស់ខ្លួន និងសម្រេចបាននូវបំណងចង់ក្លាយជាសមាជិកពេញសិទ្ធិរបស់អ.ស.ប។ វៀតណាមគាំទ្រយ៉ាងខ្លាំងចំពោះដំណោះស្រាយរដ្ឋពីរ រួមទាំងការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យ និងអធិបតេយ្យភាព ដោយផ្អែកលើព្រំដែនមុនឆ្នាំ ១៩៦៧ ស្របតាមច្បាប់អន្តរជាតិ និងសេចក្តីសម្រេចចិត្តពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ៕


top