ព័ត៌មាន

វៀតណាមអះអាងពីតួនាទីស្នូលក្នុងការថែទាំសុខភាពនៅបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ

ដើម្បីការពារសុខភាពនិងលើកកំពស់សមត្ថភាពវេជ្ជសាស្រ្ដរបស់កងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ កងពេទ្យកម្រិត២ លេខ៦ (ក្រសួងការពារប្រទេសវៀតណាម) បានអនុវត្តប្រកបដោយជោគជ័យនូវសកម្មភាពជាបន្តបន្ទាប់ រួមទាំងការពិនិត្យសុខភាពជាប្រចាំ និងការហ្វឹកហ្វឺនបច្ចេកទេសសង្គ្រោះបឋម សម្រាប់នាយទាហាន និងអង្គភាពយោធាដែលកំពុងបំពេញកាតព្វកិច្ចនៅតំបន់ Unity ប្រទេសស៊ូដង់ខាងត្បូង។
មន្រ្តីនៃកងពេទ្យកម្រិត២លេខ៦ ផ្តល់ការបណ្តុះបណ្តាលបច្ចេកទេសសង្គ្រោះបឋម សម្រាប់នាយទាហាន និងអង្គភាពយោធាដែលកំពុងបំពេញកាតព្វកិច្ចនៅតំបន់ Unity ស៊ូដង់ខាងត្បូង។

សកម្មភាពទាំងនេះ ជួយរកឃើញបញ្ហាសុខភាពដែលអាចកើតមានតាំងពីដំណាក់កាលដំបូង ជាពិសេសក្នុងលក្ខខណ្ឌអាកាសធាតុដ៏អាក្រក់ និងបរិយាកាសការងារដែលមានសម្ពាធខ្ពស់នៅក្នុងប្រទេសស៊ូដង់ខាងត្បូង។ នាយទាហានដែលចូលរួមក្នុងបេសកកម្មបានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ និងវិជ្ជាជីវៈរបស់ក្រុមគ្រូពេទ្យវៀតណាម។ លោក Marco Latorre មេបញ្ជាការកងទ័ពជើងទឹកអេក្វាឌ័រនៅតំបន់ Unity ប្រទេសស៊ូដង់ខាងត្បូងបានសម្តែងថា៖ “វគ្គហ្វឹកហ្វឺនទាំងនេះមានសារៈសំខាន់ណាស់ ដែលជួយយើងខ្ញុំលើកកម្ពស់ការយល់ដឹងអំពីការសង្គ្រោះបន្ទាន់ បំពាក់ឱ្យមន្ត្រីម្នាក់ៗនូវបច្ចេកទេសសំខាន់ៗ ដើម្បីការពារខ្លួននិងមិត្តរួមក្រុម ក្នុងអំឡុងពេលបំពេញភារកិច្ចនៅកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ។ សូមថ្លែងអំណរគុណចំពោះមិត្តវៀតណាម ដែលបានរៀបចំសកម្មភាពដ៏មានអត្ថន័យទាំងនេះ”។

វរៈសេនីត្រី Phichayathida Ratanapirom នៃកងទ័ពថៃ ជាមន្ត្រីសម្របសម្រួលស៊ីវិល-យោធានៅតំបន់ Unity ប្រទេសស៊ូដង់ខាងត្បូងបានចាត់ទុកថា វគ្គហ្វឹកហ្វឺនជាក់ស្តែងបែបនេះមានអត្ថន័យណាស់ ជាពិសេសក្នុងលក្ខខណ្ឌដែលសម្ភារៈនិងធនធានមានកម្រិតនៅក្នុងតំបន់បេសកកម្ម៖ “បច្ចុប្បន្ននេះ ខ្ញុំកំពុងធ្វើការនៅបេសកកម្មស៊ីវិលនៅតំបន់ Unity។ ថ្ងៃនេះ ខ្ញុំបានរកឃើញវគ្គហ្វឹកហ្វិននេះ ខ្ញុំឃើញថា វាមានប្រយោជន៍ណាស់ ដែលជួយពង្រឹងសមត្ថភាពឆ្លើយតបយ៉ាងឆាប់រហ័សក្នុងការងារ។ សូមថ្លែងអំណរគុណចំពោះ កងពេទ្យកម្រិត២ លេខ៦របស់វៀតណាម”។

តាមរយៈសកម្មភាពទាំងនេះ កងពេទ្យកម្រិត២ លេខ៦ បន្តអះអាងនូវតួនាទីស្នូលរបស់ខ្លួនក្នុងការថែទាំសុខភាព ទន្ទឹមនឹងនោះបង្ហាញពីស្មារតីទទួលខុសត្រូវ និងគំនិតផ្តួចផ្តើមរបស់កងកម្លាំងរក្សាសន្តិភាពវៀតណាមចំពោះសហគមន៍អន្តរជាតិនៅបេសកកម្មស៊ូដង់ខាងត្បូង។

សកម្មភាពទាំងនេះ មិនត្រឹមតែរួមចំណែកក្នុងការធានាសុខភាពរាងកាយរបស់កងកម្លាំងរក្សាសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញយ៉ាងច្បាស់នូវស្មារតីមនុស្សសាស្ត្រ កិច្ចសហប្រតិបត្តិការនិងការគាំទ្រគ្នាទៅវិញទៅមករវាងប្រទេសនានា ដើម្បីគោលដៅរួមនៃការរក្សាសន្តិភាព និងសន្តិសុខពិភពលោក៕


top