ព័ត៌មាន

វៀតណាមអះអាងការសន្យាគោរព និងលើកត្រដែត UNCLOS

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy (រូបថត៖ TTXVN)
 

ពិធីបង្ហាញក្រុមមិត្តនៃអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ ដោយមានការចូលរួមរបស់អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកបណ្ដាបញ្ហាគតិយុត្តិ និងជាទីប្រឹក្សាគតិយុត្តិរបស់អង្គការសហប្រជាជាតិ លោក Miguel de Serpa Soares និងតំណាងប្រទេសជាសមាជិកចំនួន ៩៦ នៃអង្គការសហប្រជាជាតិបានប្រព្រឹត្តិទៅកាលពីថ្ងៃទី ៣០ ខែមិថុនា នៅទីក្រុងញូវយ៉ក។ នេះគឺជាគំនិតផ្ដួចផ្ដើម ដែលត្រូវបានវៀតណាម និងអាល្លឺម៉ង់បំផុសឡើង។

តំណាងប្រទេសជាច្រើនដែលចូលរួមក្រុមមិត្តនៃ UNCLOS បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរបស់វៀតណាមនិងអាល្លឺម៉ង់ ដោយចាត់ទុកថា គំនិតផ្តួចផ្តើមនេះបានឆ្លើយតបទាន់ពេលវេលាចំពោះចំណាប់អារម្មណ៍ និងតម្រូវការរក្សាតួនាទី និងតម្លៃរបស់ UNCLOS ជំរុញការគោរព UNCLOS បង្កើតយន្តការសម្របសម្រួល រួមគ្នាដោះស្រាយបញ្ហាប្រឈមចំពោះ UNCLOS និងបញ្ហាប្រឈមនានាលើវិស័យដែនសមុទ្រ និងមហាសាគរ ដូចជាការបំពុលបរិស្ថាន បម្រែបម្រួលអាកាសធាតុ ការកើនឡើងនៃកំពស់ទឹកសមុទ្រ និងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាម ប្រចាំនៅអង្គការសហប្រជាជាតិបានអះអាងការសន្យារបស់វៀតណាម ក្នុងការគោរព លើកត្រដែត UNCLOS ធម្មនុញ្ញអង្គការសហប្រជាជាតិ និងការគោរពច្បាប់អន្តរជាតិ។        លោកឯកអគ្គរដ្ឋទូតបានសម្តែងគោលបំណងថាក្រុមមិត្តភក្តិនឹងរួមចំណែកក្នុងការបង្កើនការយល់ដឹងអំពី UNCLOS ចែករំលែកការអនុវត្តល្អ ៗ ក្នុងការអនុវត្ត UNCLOS ក្នុងការកំណត់ដែនសមុទ្រ ដោះស្រាយជម្លោះដោយសន្តិវិធី គំរូនៃអភិបាលកិច្ចមហាសាគរ ហើយតាមនោះជួយគាំទ្រការអនុវត្តន៍ UNCLOS ក៏ដូចជាឆ្លើយតបនឹងចំណាប់អារម្មណ៍រួមរបស់សហគមន៍អន្តរជាតិផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top