ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅ អង្គការសហប្រជាជាតិ។
ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានលើកសំណើរមតិយោបល់ដើម្បីដោះស្រាយបញ្ហាប្រឈមនិងអសមភាពដែលស្ត្រីកំពុងប្រឈមមុខនាពេលបច្ចុប្បន្ន និងពង្រីកតួនាទីរបស់ស្ត្រីចំពោះសន្តិសុខនិងសន្តិភាព។ តំណាងវៀតណាមបានចាត់ទុកថា សហគមន៍អន្តរជាតិចាំបាច់ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការនិងសម្របសម្រួលគោលនយោបាយដើម្បីធានាសិទ្ធិរបស់ស្ត្រីនិងសមភាពយេនឌ័រ។ ឯកអគ្គរដ្ឋទូតក៏បានអំពាវនាវឱ្យជំរុញបណ្តាកម្មវិធីនិងវិធានការជួយឧបត្ថម្ភការកសាងសមត្ថភាពនៅថ្នាក់មូលដ្ឋាន ប្រទេស តំបន់ និងពិភពលោក ដើម្បីឱ្យស្ត្រីអាចចូលរួមយ៉ាងពេញលេញ ប្រកបដោយសមភាព និងមានអត្ថន័យក្នុងការកសាងសន្តិភាពប្រកបដោយចីរភាព និងលើកកម្ពស់សិទ្ធិសេដ្ឋកិច្ចសម្រាប់ស្ត្រី ស្របតាមសេចក្តីសម្រេចចិត្តលេខ ១៨៨៩ របស់ក្រុមប្រឹក្សាសន្តិសុខ ដែលត្រូវបានអនុម័តនៅឆ្នាំ ២០០៩។
ក្នុងឱកាសនេះដែរ ឯកអគ្គរដ្ឋទូត លោក Dang Hoang Giang បានអះអាងថា៖ ដោយជំនះពុះពារលើរាល់ការលំបាកវេទនា នារីវៀតណាមជាច្រើនជំនាន់ បានលះបង់និងរួមចំណែកដ៏ធំធេងដល់សន្តិភាព ឯករាជ្យ កសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។ នាបច្ចុប្បន្ន នារីវៀតណាមកំពុងបន្តរួមចំណែកដោយមានអត្ថន័យជាច្រើនសម្រាប់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និងលើពិភពលោក៕