នេះជាការអះអាងរបស់អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី ហ្វាម ធូ ហ័ង ក្នុងសន្និសីទកាសែតជាប្រចាំរបស់ក្រសួងការបរទេសដែលបានធ្វើឡើងកាលពីរសៀលថ្ងៃទី ១៦ តុលា នៅទីក្រុងហាណូយ នៅពេលមានសំណួរអំពីការអត្ថាធិប្បាយរបស់វៀតណាមចំពោះរបាយការណ៍ឆ្នាំ ២០២៥ ស្តីពីស្ថានភាពជួញដូរមនុស្សលើពិភពលោករបស់ក្រសួងការបរទេសអាមេរិក ដែលរួមមានខ្លឹមសារទាក់ទងនឹងវៀតណាម។
លោកស្រី Pham Thu Hang អ្នកនាំពាក្យក្រសួងការបរទេស (រូបភាព៖ ក្រសួងការបរទេស)
អ្នកស្រី ហ្វាម ធូ ហ័ង បានឲ្យដឹងថា៖ "វៀតណាមបាននិងកំពុងអនុវត្តន៍និងជំរុញការងារបង្ការទប់ស្កាត់និងប្រឆាំងការជួញដូរមនុស្ស ស្របតាមដំណោះស្រាយ និងភារកិច្ចសំខាន់ៗ ក្នុងកម្មវិធីបង្ការ និងប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ដំណាក់កាល ២០២១-២០២៥ និងទិសដៅដល់ឆ្នាំ ២០៣០ ជាពិសេសការអនុម័តលើច្បាប់ស្តីពីការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការជួញដូរមនុស្សឆ្នាំ ២០២៤; បង្កើនការស៊ើបអង្កេត ការកាត់ទោស និងការកាត់ក្តីករណីជួញដូរមនុស្ស; កំណត់អត្តសញ្ញាណ និងជួយឧបត្ថម្ភជនរងគ្រោះនៃការជួញដូរ; ឆ្លើយតបភ្លាមៗ ចំពោះបញ្ហាប្រឈមថ្មីៗនៃ ស្ថានភាពជួញដូរមនុស្សនៅក្នុងតំបន់និងពិភពលោក។ វៀតណាមក៏កំពុងខិតខំប្រឹងប្រែង អនុវត្តន៍គោលដៅនៃកិច្ចព្រមព្រៀងសកលសម្រាប់ការធ្វើចំណាកស្រុកស្របច្បាប់ សុវត្ថិភាពនិងមានសណ្តាប់ធ្នាប់ (GCM) យោងតាមផែនការ ដោយនាយករដ្ឋមន្ត្រីចេញផ្សាយនៅថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២០ ដើម្បីពង្រឹងបរិយាកាសធ្វើចំណាកស្រុកប្រកបដោយតម្លាភាព ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ជនចំណាកស្រុក និងទប់ស្កាត់ហានិភ័យនៃការជួញដូរមនុស្សក្នុងសកម្មភាពចំណាកស្រុកអន្តរជាតិ”។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមសង្ឃឹមថា វៀតណាមនិងអាមេរិកនឹងបន្តសហការយ៉ាងជិតស្និទ្ធ បង្កើនការផ្លាស់ប្តូរ និងកិច្ចសន្ទនាឱ្យកាន់តែទូលំទូលាយ និងលើកកម្ពស់ភាពវិជ្ជមានអំពីការវាយតម្លៃការខិតខំប្រឹងប្រែង និងសមិទ្ធិផលរបស់វៀតណាមក្នុងការទប់ស្កាត់ និងប្រឆាំងការជួញដូរមនុស្ស ស្របតាមស្មារតីនៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-អាមេរិក អភិវឌ្ឍន៍ប្រកបដោយចីរភាព៕