ព័ត៌មាន

វៀតណាមស្វាគមន៍កម្ពុជានិងថៃសម្រេចបានកិច្ចព្រមព្រៀងឈប់បាញ់

នេះជាការបញ្ជាក់របស់ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son បន្ទាប់ពីកម្ពុជានិងថៃ សម្រេចបានកិច្ចព្រមព្រៀងឈប់បាញ់បន្ទាន់និងឥតលក្ខខណ្ឌ ដើម្បីបញ្ចប់ភាពតានតឹងតាមព្រំដែនរវាងប្រទេសទាំងពីរ។ បទឈប់បាញ់បានចូលជាធរមានចាប់ពីម៉ោង ០:០០ ថ្ងៃទី ២៩ កក្កដានេះ។
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son អញ្ជើញថ្លែងមតិនាល្ងាចថ្ងៃទី ២៨ កក្កដា នៅទីក្រុងហាណូយ (រូបថត៖ TTXVN)

អញ្ជើញថ្លែងមតិក្នុងព្រឹត្តិការណ៍រំលឹកខួបលើកទី ៣០ នៃទិវាវៀតណាមចូលជាសមាជិកអាស៊ាន និងខួបលើកទី ៥៨ នៃការបង្កើតប្លុកនៅទីក្រុងហាណូយ នាយប់ថ្ងៃទី  ២៨ ខែកក្កដា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស Bui Thanh Son បានសម្តែងថា៖ “វៀតណាមស្វាគមន៍ការឯកភាពគ្នាដែលទើបតែសម្រេចបានរវាងកម្ពុជានិងថៃ ជាពិសេសលើ បទឈប់បាញ់បន្ទាន់ និងឥតលក្ខខណ្ឌ។ នេះជាជំហានដំបូងដ៏សំខាន់មួយឆ្ពោះទៅរកការកាត់បន្ថយភាពតានតឹង ការស្តារសន្តិភាព និងសន្តិសុខឡើងវិញ”។

មុននេះ បន្ទាប់ពីកិច្ចប្រជុំបន្ទាន់មួយ ដែលដឹកនាំដោយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ប្រធានអាស៊ាន នៅទីក្រុងគូឡាឡាំពួ កម្ពុជានិងថៃបានព្រមព្រៀងគ្នាបន្តការសន្ទនាដោយផ្ទាល់ នៅថ្នាក់នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ ព្រមទាំងរៀបចំកិច្ចប្រជុំក្រៅផ្លូវការរវាងមេដឹកនាំយោធានៅតាមតំបន់ព្រំដែន។

កាលពីម្សិលមិញផងដែរ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានស្វាគមន៍កិច្ចព្រមព្រៀងឈប់បាញ់រវាងប្រទេសកម្ពុជា និងថៃ ដោយបានអំពាវនាវឱ្យភាគីទាំងពីរគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ និងកសាងបរិយាកាសអំណោយផលដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់ និងសម្រេចបានសន្តិភាពយូរអង្វែង។

ក្នុងពេលជាមួយគ្នានោះ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Marco Rubio បាននិយាយថា សហរដ្ឋអាមេរិកស្វាគមន៍ចំពោះកិច្ចព្រមព្រៀងឈប់បាញ់ ដោយសង្កត់ធ្ងន់ថា ខ្លួននឹងបន្តប្តេជ្ញាចិត្ត និងចូលរួមក្នុងដំណើរការរៀបចំដោយសហរដ្ឋអាមេរិក និងម៉ាឡេស៊ី ដើម្បីបញ្ចប់ជម្លោះរវាងប្រទេសកម្ពុជានិងថៃ៕


top