ព័ត៌មាន

វៀតណាមស្វាគមន៍ EU ដែល​បាន​រួមវិភាគទាន ១០ ពាន់លានអឺរ៉ូ ដើម្បីអនុវត្តយុទ្ធសាស្ត្រ Global Gateway ប្រយុទ្ធប្រឆាំងនឹង​ការធ្វើចំណាកស្រុកខុសច្បាប់ និងការជួញដូរមនុស្ស

ការរួមវិភាគទានចំនួន ១០ ពាន់លានអឺរ៉ូនេះ ទើបបានប្រកាសដោយ EU ក្នុងកិច្ចប្រជុំកំពូល ដើម្បីអបអរសាទរខួបលើកទី ៤៥ នៃទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុប នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក នាថ្ងៃទី ១៤ ខែធ្នូ
អ្នកនាំពាក្យរងក្រសួងការបរទេសលោកស្រី Pham Thu Hang។ (រូបថត៖ VNA)

នាថ្ងៃទី ១៥ ខែធ្នូ ក្នុងសន្និសីទកាសែតជាប្រចាំរបស់ក្រសួងការបរទេសនៅទីក្រុងហាណូយ ឆ្លើយសំណួរទាក់ទងនឹងព័ត៌មានអំពីការរួមចំណែករបស់សហភាពអឺរ៉ុបចំនួន ១០ ពាន់លានអឺរ៉ូ ដើម្បីអនុវត្តយុទ្ធសាស្ត្រច្រកទ្វារសកល(Global Gateway) អ្នកនាំពាក្យរងក្រសួងការបរទេសលោកស្រី Pham Thu Hang បានឲ្យដឹងថា វៀតណាមស្វាគមន៍ចំពោះសេចក្តីសម្រេចរបស់សហភាពអឺរ៉ុប (EU) ហើយបានអះអាងថា នេះគឺជាលទ្ធផលដ៏មានអត្ថន័យមួយ ដើម្បីភ្ជាប់ទំនាក់ទំនង EU និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន)ប្រកបដោយនិរន្តរភាព។ ការរួមវិភាគទានចំនួន ១០ ពាន់លានអឺរ៉ូនេះ ទើបបានប្រកាសដោយ EU ក្នុងកិច្ចប្រជុំកំពូល ដើម្បីអបអរសាទរខួបលើកទី ៤៥ នៃទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុប នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក នាថ្ងៃទី ១៤ ខែធ្នូ។ សហភាពអឺរ៉ុបក៏នឹងចាប់ផ្តើមកម្មវិធី គំនិតផ្តួចផ្តើមបៃតងចំនួន ៣០ លានអឺរ៉ូ ដើម្បីជួយឧបត្ថម្ភគម្រោងសហប្រតិបត្តិការជាក់លាក់ជាមួយអាស៊ាន។

នៅក្នុងសន្និសីទសារព័ត៌មាននេះដែរ អ្នកនាំពាក្យរងក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានអះអាងថា វៀតណាមជានិច្ចកាលបង្កើតលក្ខខណ្ឌសម្រាប់ការធ្វើចំណាកស្រុកដោយស្របច្បាប់ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ហើយតស៊ូយ៉ាងម៉ឺងម៉ាត់ប្រយុទ្ធប្រឆាំងនឹងការធ្វើចំណាកស្រុកខុសច្បាប់ និងការបញ្ជូនជនចំណាកស្រុកខុសច្បាប់ និងការជួញដូរមនុស្ស។ លោក Pham Thu Hang បានឲ្យដឹងថា គោលនយោបាយយ៉ាងខ្ជាប់ខ្ជួនរបស់វៀតណាមគឺគោរព ការពារ និងលើកកម្ពស់សិទ្ធិមនុស្ស ក្នុងនោះការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សត្រូវបានកំណត់ ជាកិច្ចការនយោបាយទៀងទាត់  យូរអង្វែង និងត្រូវបានអនុវត្តន៍យ៉ាងសកម្ម។ នាពេលកន្លងទៅ វៀតណាមបានអនុវត្តន៍យ៉ាងខ្លាំងក្លានូវសកម្មភាពទប់ស្កាត់ការជួញដូរមនុស្ស ក៏ដូចជាការអនុវត្តកម្មវិធីប្រយុទ្ធប្រឆាំងការជួញដូរមនុស្សដំណាក់កាល ២០២១-២០២៥ និងចក្ខុវិស័យដល់ឆ្នាំ ២០៣០ ជាមួយដំណោះស្រាយ និងភារកិច្ចថ្មី ដើម្បីទប់ស្កាត់ការជួញដូរមនុស្សក្នុងគ្រប់វិស័យ។

វៀតណាមក៏កំពុងខិតខំប្រឹងប្រែងអនុវត្តន៍គោលដៅនៃកិច្ចព្រមព្រៀងសកលស្តីពីការធ្វើចំណាកស្រុកស្របច្បាប់ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ក្រោមផែនការដែលនាយករដ្ឋមន្ត្រីបានប្រកាស កាលពីឆ្នាំ ២០២០ ដើម្បីបង្កើតបរិយាកាសធ្វើចំណាកស្រុកប្រកបដោយតម្លាភាព ការពារសិទ្ធិមនុស្ស និងផលប្រយោជន៍ស្របច្បាប់របស់ជនចំណាកស្រុក ការពារហានិភ័យនៃការជួញដូរមនុស្សក្នុងសកម្មភាពចំណាកស្រុកអន្តរជាតិ៕


top