ព័ត៌មាន

វៀតណាមស្នើឱ្យពង្រឹងការតភ្ជាប់ និងជំរុញកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង

តប​តាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នាថ្ងៃទី៤ ខែវិច្ឆិកា រដ្ឋមន្ត្រីការបរទេសវៀតណាម លោក ឡេ ហ័យ ជុង ប្រធានគណៈប្រតិភូវៀតណាម បានចូលរួមសន្និសីទរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (MLC) លើកទី១១ នៅទីក្រុងប៉េកាំង ប្រទេសចិន។

ទិដ្ឋភាពនៃសន្និសីទ​រដ្ឋមន្ត្រីការបរទេស​មេគង្គ-ឡានឆាង​លើកទី១១។ រូបថត៖ VNA

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីការបរទេស លោក ឡេ ហ័យ ជុង បានសង្កត់ធ្ងន់ថា ការរីកចម្រើនយ៉ាងខ្លាំងក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង និងការរៀបចំរចនាសម្ព័ន្ធខ្សែសង្វាក់ផ្គត់ផ្គង់ឡើងវិញ កំពុងបើកឱកាសអភិវឌ្ឍន៍ថ្មីៗ ដែលបង្កើតលក្ខខណ្ឌសម្រាប់​បណ្តា​ប្រទេសមេគង្គ-ឡានឆាង បង្កើនភាពធន់ និង​ការតភ្ជាប់។

ទាក់ទងនឹងទិសដៅសហប្រតិបត្តិការនាពេលអនាគត ប្រធានគណៈប្រតិភូវៀតណាមបានស្នើឱ្យផ្តោតលើការកសាងតំបន់មេគង្គ-ឡានឆាង ប្រកបដោយ​ភាពធន់ និងច្នៃប្រឌិត បង្កើនការតភ្ជាប់តំបន់ ជំរុញការសម្របសម្រួលរវាង MLC និងយន្តការតំបន់ និង​យន្តការសហប្រតិបត្តិការមេគង្គផ្សេងទៀត ដោយ​បង្កើនកិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈម​ផ្នែក​សន្តិសុខក្រៅ​ប្រពៃណី និងដាក់ប្រជាជននៅ​កណ្តាលនៃកិច្ចសហប្រតិបត្តិការ MLC។

រដ្ឋមន្ត្រី​ដែល​ចូលរួម​សន្និសីទ​រដ្ឋមន្ត្រីការបរទេស​មេគង្គ-ឡានឆាង​លើកទី១១។ រូបថត៖ VNA

ក្នុងក្របខ័ណ្ឌនៃសន្និសីទនេះ រដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហ័យជុង ក៏បានជួបជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសឡាវ លោក ថងសុវណ្ណ ភូមិវិហាន (Thongsavanh Phomvihane) និងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន៕​


top