ព័ត៌មាន

វៀតណាមស្នើវិធានការអភិវឌ្ឍន៍តំបន់និងពិភពលោកនៅសន្និសីទអនាគតអាស៊ី

នាព្រឹកថ្ងៃទី២៥ ខែឧសភា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Luu Quang បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថានៅក្នុងសន្និសីទអនាគតអាស៊ីលើកទី២៨ ដែលកំពុងប្រព្រឹត្តិទៅនៅទីក្រុងតូក្យូ(ជប៉ុន) ក្រោមប្រធានបទ “លើកកម្ពស់អំណាចអាស៊ីក្នុងការដោះស្រាយបញ្ហាប្រឈមជាសកល”។
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Luu Quang អញ្ជើញថ្លែងមតិក្នុងសន្និសីទ។ (រូបថត៖ VOV)

នៅក្នុងសន្និសីទនេះ ឧបនាយករដ្ឋមន្ត្រីបានលើកសំណើរសំខាន់ៗមួយចំនួន។ តាមនោះ បណ្ដាប្រទេសអាស៊ីចាំបាច់ត្រូវចែករំលែកនិងអនុវត្តចក្ខុវិស័យស្ដីពីការកសាងប្រព័ន្ធអន្តរជាតិដោយផ្អែកលើច្បាប់; យកធម្មនុញ្ញអង្គការសហប្រជាជាតិជាមជ្ឈភាព; ជំរុញកិច្ចសហប្រតិបត្តិការពហុភាគី ចូលរួមធ្វើកំណែទម្រង់និងលើកកម្ពស់ប្រសិទ្ធភាពនៃស្ថាប័នអភិបាលកិច្ចសកលដូចជា៖ អង្គការពាណិជ្ជកម្មពិភពលោក (WTO) មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ធនាគារពិភពលោក (WB); បង្កើនការផ្លាស់ប្តូរនិងសម្របសម្រួលគោលជំហរក្នុងបញ្ហាអភិបាលកិច្ចសកល។ ទ្វីបអាស៊ីចាំបាច់ត្រូវជំរុញយ៉ាងខ្លាំងក្លាថែមទៀតនូវកិច្ចខិតខំប្រឹងប្រែងនិងសកម្មភាពរួមគ្នាក្នុងការដោះស្រាយបញ្ហាប្រឈមជាសកល; ខិតខំប្រឹងប្រែងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ក៏ដូចជាដោះស្រាយបញ្ហាប្រឈមសកលថ្មីនិងមិនមែនប្រពៃណីដូចជាសន្តិសុខថាមពល សន្តិសុខបណ្តាញអ៊ីនធឺណែត សន្តិសុខមនុស្ស សន្តិសុខសុខាភិបាល។

នៅក្នុងសន្និសីទនេះដែរ ឧបនាយករដ្ឋមន្ត្រី Tran Luu Quang បានសង្កត់ធ្ងន់ថា វៀតណាមបន្តអនុវត្តគោលនយោបាយកិច្ចការបរទេសឯករាជ្យ ភាពខ្លួនទីពឹងខ្លួន ពហុភាគីភាវូបនីយកម្ម និងពិពិធកម្ម ធ្វើជាមិត្តល្អ ដៃគូដែលអាចទុកចិត្តបាន និងជាសមាជិកសហគមន៍អន្តរជាតិសកម្ម និងមានការទទួលខុសត្រូវ។ វៀតណាមបានប្ដេជ្ញារួមចំណែកអស់ពីសមត្ថភាពដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ ស្ថិរភាព និងការអភិវឌ្ឍន៍វិបុលភាពនៅអាស៊ី និងជុំវិញពិភពលោក៕


top