ព័ត៌មាន

វៀតណាមស្នើទិសដៅជាច្រើនដើម្បីជំរុញទំនាក់ទំនងអាស៊ាន-សហរដ្ឋអាមេរិក

នាថ្ងៃទី ២២ ខែកក្កដា រដ្ឋមន្ត្រីការបរទេសវៀតណាម លោក ឡេ ហយទ្រុង (Le Hoai Trung) បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក។
សមាជិកការិយាល័យនយោបាយ រដ្ឋមន្ត្រីការបរទេសវៀតណាម លោក ឡេ ហយទ្រុង។ រូបថត៖ VNA

ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៩ (AMM-59) និងកិច្ចប្រជុំពាក់ព័ន្ធនៅប្រទេសហ្វីលីពីន។

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីការបរទេស លោក ឡេ ហយទ្រុង បានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ ព្រមទាំងបានស្នើឱ្យភាគីទាំងពីរសម្រេចឲ្យបានឆាប់និងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីការងារគ្រប់ជ្រុងជ្រោយដំណាក់កាលថ្មី។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច លោករដ្ឋមន្ត្រីបានស្នើឱ្យអាស៊ាននិងសហរដ្ឋអាមេរិកជំរុញពាណិជ្ជកម្ម និងការវិនិយោគក្នុងទិសដៅបើកចំហ តម្លាភាព និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក; ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ចឌីជីថល បញ្ញាសិប្បនិម្មិត (AI) សឺមីកុងឌុចទ័រ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ លោករដ្ឋមន្ត្រីក៏បានស្នើឱ្យសហរដ្ឋអាមេរិកបន្តគាំទ្រកិច្ចសហប្រតិបត្តិការនៅក្នុងអនុតំបន់មេគង្គ ជាពិសេសក្នុងការគ្រប់គ្រងធនធានទឹក ការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព និងការបណ្តុះបណ្តាលធនធានមនុស្សផងដែរ។

ទាក់ទងនឹងបញ្ហាតំបន់និងអន្តរជាតិ លោករដ្ឋមន្ត្រី ឡេ ហយទ្រុង បានវាយតម្លៃខ្ពស់ចំពោះការគាំទ្រជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិកចំពោះជំហរគោលការណ៍របស់អាស៊ានលើសមុទ្រខាងកើត ហើយបានអំពាវនាវឱ្យសហរដ្ឋអាមេរិកបន្តរួមចំណែកក្នុងការកសាងស្ថាបត្យកម្មតំបន់ដែលបើកចំហ បរិយាប័ន្ន តម្លាភាព ភាពធន់ និងផ្អែកលើច្បាប់ ដោយមានអាស៊ានដើរតួនាតីជាស្នូល។

ទាក់ទងនឹងស្ថានភាពនៅមជ្ឈិមបូព៌ា លោករដ្ឋមន្ត្រីបានអំពាវនាវឱ្យគ្រប់ភាគីទាំងអស់ជំរុញការសន្ទនា ស្តារផ្លូវនាវាចរណ៍ឆ្លងកាត់ច្រកសមុទ្រហ័រមូសដោយសុវត្ថិភាពនិងរលូន ព្រមទាំងសង្កត់ធ្ងន់លើសារៈសំខាន់នៃការធានាសេរីភាពនាវាចរណ៍ស្របតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ ផងដែរ៕


top