ព័ត៌មាន

វៀតណាមលើកកម្ពស់តួនាទីស្ត្រីក្នុងការជំរុញសន្តិភាព ការស្ថាបនានិងការអភិវឌ្ឍ

នាថ្ងៃទី ៨ ខែមីនា ឆ្នាំ២០២២ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានពិភាក្សាលើប្រធានបទ “ជំរុញរបៀបវារៈស្ត្រី សន្តិភាពនិងសន្តិសុខ (WPS) តាមរយៈភាពជាដៃគូ៖ ការចូលរួមនិងធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់ស្ត្រីជាកត្តាសំខាន់សម្រាប់ការកសាងសន្តិភាព”។
  លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ (រូបថត៖ baoquocte.vn)  

អញ្ជើញចូលរួមនិងថ្លែងមតិក្នុងសម័យពិភាក្សា ឯកអគ្គរដ្ឋទូតលោក Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យមានការបង្កើនរាល់កម្មវិធីនិងសកម្មភាពលើកកំពស់សមត្ថភាពស្ត្រីនៅថ្នាក់មូលដ្ឋាននិងថ្នាក់ជាតិ ក៏ដូចជាអន្តរជាតិ ដើម្បីជំរុញលទ្ធភាពកសាងសន្តិភាពប្រកបដោយនិរន្តរភាពនិងការប្រគល់សិទក្ថិសេដ្ឋកិច្ចសម្រាប់ស្ត្រី។ ទន្ទឹមនឹងនោះ ត្រូវពង្រឹងភាពជាដៃគូសាធារណៈនិងឯកជន ក៏ដូចជារវាងអង្គការសហប្រជាជាតិ ប្រទេសជាសមាជិកនិងម្ចាស់កម្មវត្ថុក្រៅរដ្ឋាភិបាល ក្នុងការចែករំលែកបទពិសោធន៍ កៀរគរប្រភពធនធាននិងលើកកំពស់សមត្ថភាពស្ត្រី។

លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានសង្កត់ធ្ងន់លើការប្ដេជ្ញាចិត្តរបស់វៀតណាមក្នុងការលើកកំពស់តួនាទីនិងសិទ្ធិរបស់ស្ត្រីជាទូទៅ ហើយជាពិសេសគឺសន្តិភាពនិងសន្តិសុខអន្តរជាតិ។ លោកបានបន្តថា ស្ត្រីវៀតណាមបច្ចុប្បន្នកាន់តំណែងជាថ្នាក់ដឹកនាំក្នុងប្រទេស ដើរតួនាទីសំខាន់ក្នុងវិស័យសេដ្ឋកិច្ចនិងរួមចំណែកយ៉ាងសកម្មក្នុងបញ្ហាអន្តរជាតិ រួមទាំងចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ វៀតណាមនឹងខិតខំប្រឹងប្រែងរួមគ្នាជាមួយសហគមន៍អន្តរជាតិ បន្តចាត់វិធានការជាក់ស្តែង ដើម្បីលើកកំពស់តួនាទីរបស់ស្ត្រីក្នុងការអភិវឌ្ឍ ការកសាងសន្តិភាព និងការស្ថាបនាឡើងវិញក្រោយជម្លោះ៕


top