ព័ត៌មាន

វៀតណាមរួមដំណើរ និងបង្កើតលក្ខណៈងាយស្រួលសម្រាប់អង្គភាពអាជីវកម្មធ្វើការវិនិយោគ ប្រកបដោយប្រសិទ្ធភាព និងយូរអង្វែង

រដ្ឋាភិបាលវៀតណាមអះអាងថា នឹងរួមដំណើរនិងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គភាពអាជីវកម្មវិនិយោគប្រកបដោយប្រសិទ្ធភាពនិងយូរអង្វែងនៅវៀតណាម។
  នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញចូលរួម និងថ្លែងមតិនៅវេទិកាធុរកិច្ចវៀតណាម-លុចសំបួ (រូបថត៖ VOV)  

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅលុចសំបួ អញ្ជើញថ្លែងក្នុងវេទិកាធុរកិច្ចវៀតណាម-លុចសំបួ នារសៀលថ្ងៃទី៩ ខែធ្នូ (ម៉ោងក្នុងតំបន់) នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា៖ វៀតណាមកំពុងសម្លឹងមើលការបើកទូលាយទីផ្សារ ដោយចាត់ទុកលុចសំបួជាទីផ្សារតភ្ជាប់សម្រាប់វៀតណាមចូលកាន់ទីផ្សារសហភាពអឺរ៉ុប (EU) ហើយវៀតណាមក៏ជាស្ពានតភ្ជាប់សម្រាប់លុចសំបួ ចូលកាន់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន); ពង្រីកគុណសម្បត្តិនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA)។ លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា វិនិយោគិននៃប្រទេសទាំងពីរនឹងស្វែងយល់អំពីទីផ្សារ គាំទ្រគ្នាទៅវិញទៅមក ចែករំលែកបទពិសោធន៍ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍន៍របស់គ្នាទៅវិញទៅមក។

អញ្ជើញទទួលជួបជាមួយថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ចធំៗមួយចំនួនរបស់លុចសំបួ និងអឺរ៉ុប លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានលើកឡើងថា៖ វៀតណាមកំពុងបន្តកសាងនិងសុក្រិត្តសេដ្ឋកិច្ចទីផ្សារ ព្រមទាំងបង្កើតគ្រប់លក្ខខណ្ឌដើម្បីមានបរិយាកាសអំណោយផល សុវត្ថិភាព និងតម្លាភាព សម្រាប់វិនិយោគិនបរទេសក្នុងនោះមានទាំងសហគ្រាសលុចសំបួរផងដែរ។ រដ្ឋាភិបាលវៀតណាមអះអាងថា នឹងរួមដំណើរនិងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គភាពអាជីវកម្មវិនិយោគប្រកបដោយប្រសិទ្ធភាពនិងយូរអង្វែងនៅវៀតណាម។

នារសៀលថ្ងៃដដែល នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញទស្សនាផ្សារហ៊ុនលុចសំបួ (LuxSE)។ នៅទីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់លើបំណងប្រាថ្នារបស់វៀតណាមក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយលុចសំបួ ដើម្បីអភិវឌ្ឍទីផ្សារភាគហ៊ុនរបស់វៀតណាម; លុចសំបួ គាំទ្រឧបត្ថម្ភវៀតណាមបន្តកសាង និងសុក្រិតរបៀបរបប; បច្ចេកវិទ្យា - ការផ្លាស់ប្តូរឌីជីថល; គ្រប់គ្រងទីផ្សារសម្រាប់ការអភិវឌ្ឍន៍បើកចំហ តម្លាភាព សុវត្ថិភាព   និងអភិវឌ្ឍន៍ប្រកបដោយចីរភាព; អភិវឌ្ឍន៍ប្រភពធនធានមនុស្ស៕


top