ព័ត៌មាន

វៀតណាមយកចិត្តទុកដាក់ទំនាក់ទំនងជាមួយ EU និងហុងគ្រី

នារសៀលថ្ងៃទី ២៤ ឧសភា នៅទីក្រុងហាណូយ រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានជួបសន្ទនាតាមទូរស័ព្ទជាមួយអនុប្រធានគណៈកម្មាធិការអឺរ៉ុប តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ EU លោក Josep Borrell។
  រដ្ឋមន្ត្រីការបរទេស Bui Thanh Son សន្ទនាតាមទូរស័ព្ទ (រូបថត៖ TTXVN)  

ក្នុងកិច្ចសន្ទនានេះ  រដ្ឋមន្ត្រី លោក Bui Thanh Son បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលតែងតែយកចិត្តទុកដាក់ចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយ EU ហើយមានបំណងចង់ធ្វើឲ្យទំនាក់ទំនងរវាងភាគីទាំងពីរកាន់តែស៊ីជម្រៅថែមទៀតនាពេលខាងមុខ។ ភាគីទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ អនុវត្តន៍យន្តការសហប្រតិបត្តិការដែលមានស្រាប់ប្រកបដោយប្រសិទ្ធភាព និងសម្របសម្រួលយ៉ាងជិតស្និទ្ធនៅវេទិកាពហុភាគី; ជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន - EU ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថាមពល ការបន្សាំបម្រែបម្រួលអាកាសធាតុ ការផ្លាស់ប្តូរបៃតង សេដ្ឋកិច្ចឌីជីថល ហេដ្ឋារចនាសម្ព័ន្ធ...។ តំណាងជាន់ខ្ពស់ EU បានទទួលស្គាល់ពីអនុសាសន៍របស់វៀតណាម ស្តីពីការដកកាតលឿង IUU សម្រាប់ជលផលវៀតណាម និងជំរុញឲ្យប្រទេសជាសមាជិកផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគសហភាពអឺរ៉ុប-វៀតណាម (EVIPA)។

នាថ្ងៃដដែល រដ្ឋមន្ត្រីលោក Bui Thanh Son បានជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស និងសេដ្ឋកិច្ចហុងគ្រី Szijjártó Péter។ ភាគីទាំងពីរបានអះអាងនូវសារៈសំខាន់នៃទំនាក់ទំនងដៃគូលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងហុងគ្រី; បានឯកភាពបន្តទាញយកប្រៀបខ្លាំង និងសក្តានុពល បង្កើនកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងខ្លឹមសារនាពេលខាងមុខ ព្រមទាំងសម្របសម្រួលយ៉ាងសកម្មក្នុងការរៀបចំខ្លឹមសារសម្រាប់សម័យប្រជុំលើកទី១០ នៃគណៈកម្មាធិការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម-ហុងគ្រីនាពេលខាងមុខ៕

 

top